ភ្នំពេញ៖ ខណៈ​សាលា​រដ្ឋ និង​សាលា​ឯកជន​ជា​ច្រើន​បាន​ដំណើរការ​ឡើង​វិញ​ អង្គការ​មូលនិធិ​ផ្កាយ​សមុទ្រ​ឥណ្ឌូចិន (ISF) បាន​និង​កំពុង​តែ​បន្ដ​ដំណើរ​ការ​ថ្នាក់​រៀន​អនឡាញ​តាមរយៈ Zoom (ហ្សូម) សម្រាប់​អ្នក​ខកខាន​ចូល​សាលា​ជា​ច្រើន​ខែ។​

អ្នកស្រី ឈួប វិច្ឆិកា នាយិកា​គ្រប់គ្រង​ប្រចាំ​ប្រទេស​របស់​អង្គការ ISF បាន​ឲ្យ​ដឹង​ថា​៖ «​សាលា​រៀន​ខ្លះ​កំពុង​តែ​បើក​ដំណើរការ​ តែ​ខ្លះ​ទៀត​នឹង​រង់ចាំ​ពេល​វេលា​បន្ដិច​ទៀត​។ សំណាង​ណាស់​កុមារ​នៅ​តែ​អាច​ទទួល​បាន​ការ​អប់រំ​តាមរយៈ​ការ​រៀបចំ​របស់​អង្គការ​នានា​ ក៏​ដូចជា​រាជរដ្ឋាភិបាល​បន្ដ​បង្រៀន​សិស្ស​ជាប់​ជានិច្ច​»។

ជាមួយ​សិស្ស​ចន្លោះ​ពី ១០​ ទៅ ២០ ​នាក់ ក្នុង​ការ​បង្រៀន​ម្ដង យុវជន ឈុន បញ្ញា បាន​រៀន​ភាសា​អង់គ្លេស​ ដែល​រៀបចំ​ឡើង​ដោយ ISF ពី​គ្រូ​បង្រៀន​ឈ្មោះ Joshua Kauffman រយៈពេល ៤៥ នាទី​។ ពួក​គេ​ភាគ​ច្រើន​នៅ​ភ្នំពេញ តែ​ខ្លះ​ក៏​ទៅ​តាម​បណ្ដា​ខេត្ដ ដូចជា​លោក បញ្ញា ជា​ដើម​។

បញ្ញា អាយុ ១៨ ​ឆ្នាំ ជា​សិស្ស​ថ្នាក់​ភាសា​អង់គ្លេស​ដ៏​មាន​ការ​តាំង​ចិត្ដ​ខ្ពស់​ម្នាក់​បាន​និយាយ​ថា​៖ «​ដោយសារ​ខ្ញុំ​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​ការ​អប់រំ​ ជាពិសេស ទើប​ខ្ញុំ​នៅ​តែ​ពុះពារ​។ ខ្ញុំ​គិត​ថា ភាសា​អង់គ្លេស​មាន​សារៈសំខាន់​សម្រាប់​កុមារ​កម្ពុជា ពី​ព្រោះ​វា​អាច​ជួយ​ការ​សិក្សា​បាន​ច្រើន​»។​

ជា​លទ្ធផល បញ្ញា តែងតែ​ចូល​រៀន​ជា​ទៀង​ទាត់​លើ​កម្មវិធី​ហ្សូម ជាមួយ​លោក​គ្រូ​របស់​ខ្លួន​។ រូប​គេ​នៅ​តែ​អាច​សម្រប​ខ្លួន​បាន បើ​ទោះបី​ជា​ត្រូវ​ជួយ​កិច្ចការ​ស្រែ​ចម្ការ​របស់​គ្រួសារ​។

អង្គការ​​​រំពឹ​ងថា​ សិស្ស​​នៅតែ​ទទួល​​បាន​ការ​អប់រំ​អនឡាញ​ដ៏​សមស្រប​​។ រូបថត សហ​ការី

អ្នកស្រី វិច្ឆិកា បាន​បន្ដ​ថា​៖ «​ទោះ​ជួយ​កិច្ចការ​ភ្ជួរ​រាស់ ចិញ្ចឹម​សត្វ និង​ដាំ​ដំណាំ​ផ្សេង​ៗ​ បញ្ញា នៅ​តែ​បន្ដ​ការ​សិក្សា​គ្រប់​មេរៀន​លើ​អនឡាញ​របស់​អង្គការ ​ISF»។

លោក ទេព សុធារិទ្ធិ ប្រធាន​ផ្នែក​កម្មវិធី​សិក្សា​ភាសា​អង់គ្លេស​របស់ ISF បាន​ឲ្យ​ដឹង​ថា ហ្សូម​ពិត​ជា​សំខាន់​អំឡុង​ពេល​វេលា​ដ៏​លំបាក​នេះ​ នៅ​ពេល​សិស្ស​មិន​អាច​មក​សាលា​រៀន​ ហើយ​ពួក​គេ​ជា​ច្រើន​បាន​វិល​ទៅ​ខេត្ដ​វិញ​។

លោក​និយាយ​ថា​៖ «​បច្ចេកវិទ្យា​ជួយ​ឲ្យ​គ្រូ​ផ្សារ​ទំនាក់ទំនង​ជាមួយ​សិស្ស​។ មុខ​ងារ​ជា​ច្រើន​របស់​វា​បាន​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​គ្រូ​ក្នុង​ការ​ប្រើ​ប្រាស់ ដូចជា​ការ​ចូលរួម​ជា​ច្រើន​នាក់​ក្នុង​ពេល​តែមួយ​។ លើស​ពី​នេះ សិស្ស​អាច​មើល​មុខ​គ្នា​ ដូច​ថ្នាក់​រៀន​ពិត​ៗ​ ហើយ​ពួក​គេ​អាច​បង្កើន​លទ្ធភាព​ជំនាញ​ស្ដាប់ និង​និយាយ​ជា​ភាសា​អង់គ្លេស​តាមរយៈ​ការ​ប្រាស្រ័យ​ទាក់ទង​»។

ការ​បង្រៀន​អនឡាញ​មាន ​២ ប្រភេទ​ គឺ​វីដេអូ​ថត​ទុក និង​ការ​បង្រៀន​ភ្លាមៗ​លើ​កម្មវិធី ហ្សូម​ដែល​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​ខ្លះ​ដូច​នឹង​ការ​បង្រៀន​ផ្ទាល់​ផង​ដែរ​។

លោក សុធារិទ្ធិ បន្ដ​ថា​៖ «​មេរៀន​ថត​ទុក​អាច​ទស្សនា​នៅ​ពេល​ណា​ក៏​បាន ដោយ​គ្រូ​ប្រើ​ Projector ក្ដារ​ខៀន និង​បច្ចេកទេស​ប្លែកៗ​មួយ​ចំនួន​ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​។ វីដេអូ​ខ្លះ​ថត​ពី​ផ្ទះ ខ្លះ​នៅ​អង្គការ ហើយ​ករណី​​មួយ​ គ្រូ​បាន​ទៅ​បង្រៀន​សិស្ស​តាម​ខេត្ដ​ដោយ​ការ​ខ្ចី​ថ្នាក់​រៀន​ទីនោះ​»។

សិស្ស​សរុប​ដែល​បាន​​រៀន​តាម​អនឡាញ​មាន​ចំនួន ៥៧២ ​នាក់​ ដោយ​គិត​លើ​គ្រប់​វិជ្ជមាន​ រួម​ទាំង​ការ​សិក្សា​អនឡាញ​ការ​ធ្វើ​លំហាត់​រៀង​រាល់​សប្ដាហ៍។

អ្នកស្រី វិច្ឆិកា បាន​ឲ្យ​ដឹង​ថា​៖ «យើង​ក៏​បាន​បង្ហោះ​វីដេអូ​របស់​ក្រសួង​អប់រំ​រៀង​រាល់​សប្ដាហ៍ រួម​ទាំង​គ្រូ​បង្រៀន​នៅ ISF និង​ក្រុម​ក្នុង​ហ្វេសប៊ុក ​របស់​អង្គការ​ថែម​ទៀត​»។

យ៉ាងណា​មិញ ពួក​គេ​ក៏​ជួប​ការ​លំបាក​ខ្លះៗ​ ដោយសារ​សិស្សានុសិស្ស​នៅ​ផ្ទះ ជាពិសេស​ពួក​គេ​រស់នៅ​ទី​ជនបទ​ដែល​មិន​សូវ​មាន​សេវា​អ៊ីនធឺណិត​។

លោក​ សុធារិទ្ធិ បាន​និយាយ​ថា​៖ «​សេវា​អ៊ីនធឺណិត​ខ្សោយ​ ហើយ​ជួន​កាល​ពួក​គេ​អត់​មាន​ទូរស័ព្ទ​ល្អ​ប្រើ​ ដែល​ធ្វើ​ឲ្យ​គុណភាព​សេវា​កាន់​តែ​យ៉ាប់​។ យ៉ាង​ណា វា​ប្រសើរ​ជាង​អត់​អី​សោះ​»។

បញ្ញា បាន​ដឹង​ថា កុមារ​ខ្លះ​បាន​រើ​ទៅ​នៅ​តាម​ខេត្ដ​ជាមួយ​សាច់​ញាតិ​ ហើយ​រូប​គេ​ក៏​បាន​សម្រេច​ចិត្ដ​បង្កើត​ថ្នាក់​រៀន​ភាសា​អង់គ្លេស​មួយ​នៅ​ផ្ទះ​។ បញ្ញា បាន​បង្រៀន​ក្មេងស្រី​ ៦ ​នាក់ ​ពេញ ១​ ​សប្ដាហ៍​ទៀង​ទាត់ ខណៈ​រូប​គេ​ក៏​នៅ​បន្ដ​សិក្សា​តាម​កម្មវិធី​ហ្សូម​ផង​ដែរ​។

បញ្ញា អាយុ ១៨ឆ្នាំ ជា​សិស្ស​ថ្នាក់ភាសាអង់គ្លេស​ ដែល​បន្ត​ផ្ទេរ​ចំណេះ​ដឹង​ភាសា​អង់គ្លេស​ដល់​កុមារ​​​នៅ​ផ្ទះ​។ រូបថត សហ​ការី

បញ្ញា ដែល​មក​ពី​ខេត្ដ​ព្រៃវែង​បាន​និយាយ​ថា​៖ «​រឿង​គួរ​ឲ្យ​អស់​សំណើច​នោះ ​​គឺ​ថា ខ្ញុំ​មិន​ចូលចិត្ដ​ក្មេងៗ​ទេ​។ ដូច្នេះ មិន​ដឹង​ម៉េច​បាន​ខ្ញុំ​មក​បង្រៀន​បែប​នេះ​ តែ​ខ្ញុំ​ពិត​ជា​រីករាយ​ដែល​បាន​ជួយ​បង្រៀន​ក្មេង​ៗ​។ ខ្ញុំ​ពិត​ជា​ដឹង​គុណ​ចំពោះ ISF និង​ចំពោះ​លោក​គ្រូ អ្នក​គ្រូ​របស់​ខ្ញុំ​។ ដូច្នេះ ខ្ញុំ​ក៏​បន្ដ​ចែក​រំលែក​ចំណេះដឹង​នេះដល់​អ្នក​ដទៃ​​ផង​ដែរ​»។

នៅ​ថ្ងៃ​អនាគត បញ្ញា ចង់​ធ្វើ​ជា​អ្នក​ជំនួញ និង​កសិករ​ ដែល​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​។

អង្គការ ISF ដែល​ប្រើប្រាស់​ការ​អប់រំ និង​កីឡា​ជា​យាន​ផ្លាស់​ប្ដូរ​ជីវិត​ កំពុង​ធ្វើ​ការ​ជាមួយ​ក្រសួង​អប់រំ យុជន និង​កីឡា ក្នុង​ការ​កំណត់​ពេល​វេលា​បើក​ទ្វារ​សាលារៀន​ឡើង​វិញ​ ដោយ​ធានា​ថា កុមារ​នឹង​ត្រូវបាន​ការពារ និង​មាន​សុវត្ថិភាព​។

អ្នកស្រី វិច្ឆិកា បាន​បន្ថែម​ថា​៖ «​កាល​បរិច្ឆេទ​បើក​ដំណើរការ​ឡើង​វិញ​នៅ​មិន​ទាន់​កំណត់​ទេ​ តែ​ស្រប​ពេល​នេះ យើង​នឹង​ធានា​ថា សិស្ស​របស់​យើង​នៅ​តែ​ទទួល​បាន​ការ​អប់រំ​ដែល​ពួក​គេ​សម​នឹង​ទទួល​តាម​រយៈ ហ្សូម និង​តិចនិក​អនឡាញ​ដទៃ​ទៀត​។ ​​នេះ​រួម​ទាំង​សិស្ស ដែល​នៅ​ខេត្ដ និង​រង់ចាំ​ការ​វិល​មក​ថ្នាក់​រៀន​វិញ​»។

សម្រាប់​ព័ត៌មាន​លម្អិត​អំពី​អង្គការ​មូលនិធិ​ផ្កាយ​សមុទ្រ​ឥណ្ឌូចិន​ (ISF) អ្នក​អាច​ចូល​ទៅ​កាន់​ https://isfcambodia.org/  ឬ​ទំព័រ​ហ្វេសប៊ុក @isf.cambodia៕