រតនគិរី: ទាំង​ចម្លាក់​តាម​ប្រាង្គប្រាសាទ និង​រឿងព្រេង​និទាន ដំរី​គឺជា​សត្វ​មួយ​ដ៏សំខាន់​នៃ​វប្បធម៌ ប្រពៃណី និង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​ខ្មែរ​។ ប៉ុន្តែ​វត្តមាន​នៃ​សត្វ​មាឌធំ​ប្រមោយ​វែង​នេះ​កំពុង​តែ​ប្រឈម​ការបាត់បង់​នៅ​កម្ពុជា​ស្រប​ពេល​ដែល​ចំនួន​ដំរី​ទូទាំង​ពិភពលោក​ក៏កាន់តែ​ធ្លាក់​ចុះ​ព្រោះតែ​ការប្រមាញ់​សម្លាប់ និង​ការកាប់​បំផ្លាញ​ព្រៃឈើ​។

ដើម្បី​ថែរក្សា និង​អភិរក្ស​សត្វ​ដំរី​កម្ពុជា និង​ប្រពៃណី​ហ្មដំរី​តាំងពី​បរមបុរាណ ដែល​មាន​នៅ​សេសសល់​ក្នុង​ខេត្ត​ភាគ​ឦសាន​ប្រទេស មូលនិធិ​សមាគម​អភិរក្ស​ដំរីអៃរាវត្តា (Airavata Khmer Elephant Foundation) ត្រូវ​បាន​បង្កើត​កាលពី ៤ ឆ្នាំ​មុន​ដោយ​ផ្ដល់​ឱកាស​ឲ្យ​ភ្ញៀវទេសចរ​ទទួល​បាន​ភាពស្និទ្ធស្នាល​ជាមួយ​សត្វ​ដំរី​ចិញ្ចឹម​ក្នុង​បរិស្ថាន​នៃ​ព្រៃ​ធម្មជាតិ​។

ប្រធាន​មូលនិធិ​សមាគម​អភិរក្ស​ដំរីអៃរាវត្តា អ្នកស្រី ខៃ ចិន្តា (Chenda Clais) រំពឹង​ថា​មូលនិធិ​នេះ​នឹង​រួមចំណែក​អភិរក្ស​ព្រៃឈើ​ជា​ជម្រក​សត្វព្រៃ​ក៏​ដូចជា​ធ្វើ​ឲ្យ​រស់រាន​ឡើង​វិញ​នូវ​ប្រពៃណី​ចិញ្ចឹម​មើលថែ​សត្វ​ដំរី​។

បញ្ចប់​ការសិក្សា​ផ្នែក​អក្សរសាស្ត្រ​ភាសា​បារាំង​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ប្រធាន​មូលនិធិ​វ័យ ៤៦ ឆ្នាំ​រូប​នេះ​បាន​ប្រើប្រាស់​បទពិសោធ​ពី​ការបម្រើ​ការងារ​នៅ​អង្គការ​អាជីព​ក្នុង​វិស័យ​ទេសចរណ៍ សណ្ឋាគារ និង​កសិកម្ម​។ អ្នកស្រី​បាន​ប្រើប្រាស់​វិធីសាស្ត្រ​អភិរក្ស​សត្វ​ដំរី​ដោយ​ផ្សារភ្ជាប់​ទំនាក់ទំនង​មនុស្ស និង​ដំរី​ចិញ្ចឹម​។

ទំនាក់ទំនង​មនុស្ស និង​ដំរី​គឺ​សំខាន់​ក្នុង​ការអភិរក្ស​។ រូបថត Jeremie Montessuis

អ្នកស្រី​ក៏​បាន​លើក​ហេតុផល​ថា​៖ «​នៅពេល​ដែល​យើង​ស្វែងរក​មធ្យោបាយ​ជួយ​ដំរីព្រៃ ជាពិសេស​នៅ​ប្រទេស​កម្ពុជា​ដែល​ប្រឈម​នឹង​ការបាត់បង់​ជម្រក​ព្រៃ​ក៏​ដូចជា​ការសម្លាប់​សត្វ​នោះ យើង​យល់​ថា​សកម្មភាព​ទេសចរណ៍​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​អាច​ជា​មធ្យោបាយ​តែ​មួយគត់​ដែល​អាច​រួម​ចំណែក​ផ្ដល់​និរន្តរភាព​ដល់​សត្វ​ដំរី​បន្ត​រស់រាន​មាន​ជីវិត​។

ស្ថិត​នៅ​ចម្ងាយ​តែ​ពីរ​បី​គីឡូម៉ែត្រ​ពី​ក្រុង​បាន​ឡុង តំបន់​អភិរក្ស​ដំរីអៃរាវត្តា គឺជា​ជំរំ​សត្វ​ដំរី​ដែល​ផ្ដល់​ឱកាស​ដល់​ភ្ញៀវទេសចរ​បាន​ជួប​សត្វ​ប្រមោយវែង និង​ហ្ម​របស់​វា​ជា​ជនជាតិ​ភាគតិច​។ នៅ​មាន​សកម្មភាព​អេកូទេសចរណ៍​ដទៃ​ទៀត ដូចជា ជិះ​ដំរី ការថតរូប​អនុស្សាវរីយ៍​មុន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​សត្វ​ដំរី ផ្ដល់​ចំណី និង​ថែទាំ​ដំរី​ក្នុង​ជម្រក​ព្រៃ​ធម្មជាតិ​។

ស្ថិត​លើ​ព្រៃ​សហគមន៍​ទំហំ ៣០០ ហិកតា​ក្នុង​ភូមិ​កាទៀង អៃរាវត្តា ជា​ជម្រក​ធម្មជាតិ​នៃ​ដំរី​ចិញ្ចឹម និង​បន្ថែម​ដោយ​ផ្ទៃដី​កសិកម្ម ៦០ ហិកតា​។

រូបថត Pre Wedding ដែល​កូនកំលោះ កូនក្រមុំ និង​អ្នក​កំដរ​ថត​ជាមួយ​សត្វ​ដំរី អៃរាវត្តា​។ រូបថត Jeremie Montessuis

អ្នកស្រី ចិន្តា ដែល​បាន​ឈ្នះ​ពាន​រង្វាន់​ស្ត្រី​សហគ្រិន​ឆ្នើម​ប្រចាំ​តំបន់​អាស៊ាន​ឆ្នាំ ២០១៨ បាន​ពន្យល់​ថា​៖ «​ផ្ទៃដី​ធំ​ទាំងពីរ​នេះ​នឹង​អំណោយផល​ដល់​សត្វ​ដំរី​ក្នុងការ​ស្វែងរក​ចំណី​នៅ​ក្នុង​ព្រៃ​ដោយ​ពួកវា​ជា​សត្វ​ដែល​ដើររក​ស៊ី ១៧ ម៉ោង​ក្នុង​ ១ ​ថ្ងៃ ចំណែកឯ ៧ ម៉ោង​ទៀត​វា​ត្រូវ​ចូល​មក​ជំរំ​វិញ​។ នៅ​ជំរំ​សត្វ​ដំរី​នឹង​ត្រូវ​បាន​ឲ្យ​ចំណី​ជា​ផ្លែឈើ​ដាំ​តាម​រដូវកាល​បន្ថែម​ពី​លើ​របប​អាហារ​ពួកវា​នៅក្នុង​ព្រៃ​»​។

អ្នកស្រី​បាន​បន្ថែម​ថា​៖ «​យើង​តែងតែ​ស្វែងរក​វិធីសាស្ត្រ​មើលថែ​ដំរី​តាម​ប្រពៃណី​ខ្មែរ និង​ចំណេះដឹង​ថ្មីៗ​ពី​វិទ្យាសាស្ត្រ​។ ដំរី​ជា​សត្វ​ដែល​ត្រូវការ​ជម្រក​ព្រៃធំ​ក្នុង​ការរស់នៅ រក​ចំណី និង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​គ្នា​វា​។ ប្រសិន​បើ​ជម្រក​វា​តូច​ពេក ពួកវា​នឹង​ស៊ី​ចំណី​អស់​ហើយ​រុក្ខជាតិ​ព្រៃ​នឹង​លូតលាស់​មិន​ទាន់​ទេ​»​។

ដូច្នេះ​អ្នកស្រី ចិន្តា បាន​និយាយ​ថា​៖ «​ជា​រៀងរាល់​ដើម​រដូវវស្សា យើង​ត្រូវ​តែ​ដាំ​ដើមឈើ​នៅ​តំបន់​ខ្លះ​ដែល​រង​ការបាត់បង់​»​។

អ្នកស្រី ខៃ ចិន្តា (Chenda Clais) ប្រធាន​មូលនិធិ AKEF​។ រូបថត សហការី

មូលនិធិ​សមាគម​អភិរក្ស​ដំរី​អៃរាវត្តា ​ក៏​បាន​ផ្សារភ្ជាប់​ទំនាក់ទំនង​ជាមួយ​សហគមន៍​អភិរក្ស​សត្វ​ដំរី​នៅ​ភូមា ឥណ្ឌា ស្រីលង្កា ថៃ ឡាវ និង​អ្នកជំនាញ​ពី​ស៊ុយអែត Dan Koehl​។

បច្ចុប្បន្ន មូលនិធិ ទទួល​បាន​ការគាំទ្រ​ពី​ព្រះមហាក្សត្រ នរោត្តម សីហមុនី និង​ព្រះរាជបរិច្ចាគ ២ ម៉ឺន​ដុល្លារ​ពី​សម្ដេច សម្ដេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ​។

បន្ថែម​ដោយ​ការគាំទ្រ​ពី​បណ្ដា​ក្រសួង​ពាក់ព័ន្ធ និង​ក្រុមហ៊ុន​ឯកជន​ធំៗ អ្នកស្រី ចិន្តា ក៏​បាន​បង្ហើប​ថា​៖ «​យើង​កំពុង​តែ​បង្កើត​កម្មវិធី​ពិសេស​មាន​ឈ្មោះ​ថា គម្រោង​សហ​បីបាច់​សត្វ​ដំរី​។ អ្នកចូលរួម​គម្រោង​នេះ​អាច​បរិច្ចាគ ១៥០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ ហើយ​ពួកគេ​នឹង​ក្លាយ​ជា​សមាជិក​មូលនិធិ ហើយ​ក៏​អាច​រីករាយ​នឹង​សកម្មភាព​កម្សាន្ត​ជាមួយ​សត្វ​ដំរី​យើង​ពេញ​ ១ ​ថ្ងៃ​ផង​ដែរ​»៕