ក្រុងចូហានណេសប៊ើក: សម្រាប់នាយកប្រតិបត្តិក្រុមហ៊ុនធំៗដែលជាអ្នកមានទ្រព្យសម្បត្តិហូរហៀរ ការទទួលទានអាហារឆ្ងាញ់ ស្រាថ្លៃៗនិងស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ ៥ គឺសុទ្ធតែជាស្តង់ដារសម្រាប់ពួកគេ។
ប៉ុន្តែប្រធានក្រុមហ៊ុនលំដាប់ខ្ពស់មួយរូបត្រូវចំណាយប្រាក់ចំនួន ៣ សែនដុល្លារ ដើម្បីស្នាក់នៅ ១ យប់ក្នុងបន្ទប់ឃុំឃាំងដ៏តូចចង្អៀត របស់លោក នែលសិន មេនដឺឡា (Nelson Mandela)។
គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃចលនា CEO Sleepout ដែលជាការដេញថ្លៃកន្លែងស្នាក់នៅប្លែកៗ សម្រាប់មេដឹកនាំជំនួញធំៗដែលមានទ្រព្យសម្បត្តិច្រើន ដើម្បីប្រមូលប្រាក់សម្រាប់បុព្វហេតុការងារសប្បុរសធម៌។
ប្រធានាធិបតីស្បែកខ្មៅដំបូងបង្អស់របស់អាហ្រ្វិកខាងត្បូង ត្រូវបានគេឃុំខ្លួន ២៧ ឆ្នាំ នៅលើកោះរ៉ូប៊ិន នៅអាហ្រ្វិកខាងត្បូង មិនឆ្ងាយប៉ុន្មានពីទីក្រុងខេបថោន។
ការស្នាក់នៅមួយយប់ក្នុងបន្ទប់ទំហំជាង ២ ម៉ែត្រ ៤ ជ្រុងនៃពន្ធនាគារបេតុងនោះត្រូវបានដាក់ដេញថ្លៃ ដើម្បីការងារសប្បុរសធម៌ និងរំឭកខួបកំណើតរបស់លោក។
អ្នកស្រី លីអាន ម៉ាក់ហ្គោវ៉ាន (Liane McGowan) អ្នកនាំពាក្យចលនា CEO Sleep Out អាហ្រ្វិកខាងត្បូងបាននិយាយថា៖ «មានការផ្តល់យោបល់ឲ្យមានការដាក់ដេញថ្លៃបន្ទប់ពន្ធនាគារ ដើម្បីរៃអង្គាសប្រាក់ដល់មូលនិធិ Prison-to-College Pipeline និងដើម្បីផ្តល់ការអប់រំដល់អ្នកជាប់ពន្ធនាគារនៅអាហ្រ្វិកខាងត្បូង»។
ការដេញថ្លៃតាមអនឡាញគឺចាប់ផ្តើមពីតម្លៃ ២៥ ម៉ឺនដុល្លារ ឡើងទៅហើយវាបានទាក់ទាញចំណាប់អារម្មណ៍អ្នកដេញថ្លៃ ៣ នាក់រួចហើយ រីឯតម្លៃវិញគឺឡើងដល់ ៣០ ម៉ឺនដុល្លារ មុននឹងគម្រោងបញ្ចប់នៅថ្ងៃទី ១៦ កក្កដាខាងមុខ។
អ្នកឈ្នះនឹងត្រូវស្នាក់នៅ ១ យប់ក្នុងពន្ធនាគារ បន្ទប់លេខ ៧ ដែលលោក មេនដឺឡា ធ្លាប់រស់នៅ។
ដោយឡែកអ្នកដេញថ្លៃ ៦៦ នាក់ផ្សេងទៀត នឹងត្រូវសម្រាកនៅកន្លែងផ្សេងនៅក្នុងពន្ធនាគារលើកោះនោះដែលបច្ចុប្បន្នជាសារមន្ទីរ និងជាបេតិកភណ្ឌពិភពលោក។
លេខ ៦៧ គឺត្រូវបានជ្រើសរើសជាតួលេខនៃឆ្នាំដែលលោក មេនដឺឡា បានចំណាយពេលអស់ ៦៧ ឆ្នាំ នៃជីវិតលោកដើម្បីប្រយុទ្ធប្រឆាំងនឹងរបបប្រកាន់ពូជសាសន៍ អាប៉ាថេត រហូតដល់លោកបានឈ្នះការបោះឆ្នោតក្នុងឆ្នាំ ១៩៩៤៕