ក្រុងម៉ិកស៊ីកូ: ម៉ិកស៊ិក​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ថា ខ្លួន​នឹង​ដាក់​លក់​ដេញ​ថ្លៃ​នូវ​រថយន្ដ​ប្រណីត​ជាច្រើន​គ្រឿង​ដែល​ប៉ូលិស​រឹបអូស​បាន​ស្រប​ពេល​ប្រធានាធិបតី​ដ៏ប្រកាន់​តឹង​ចង់​ផ្ញើ​សារ​ដល់​ពលរដ្ឋ​ក្នុង​ប្រទេស​ដែល​ឧក្រិដ្ឋជន​មាន​អំណាច​រមែង​ត្រូវ​បាន​រួច​ទោស​យ៉ាង​ព្រងើយ​។

លោក​ប្រធានាធិបតី អេនទ្រេស ម៉ានូអែល ឡូប៉េស អូប្រាឌ័រ បាន​និយាយ​ថា ប្រាក់​ទទួល​បាន​ពី​ការលក់​រថយន្ដ​ប្រណីត ៨២ គ្រឿង​ដែល​រួមបញ្ចូល​ទាំង​ម៉ូដែល Lamborghini Murcielago មួយ​គ្រឿង Porsches ៣ គ្រឿង និង​រថយន្ដ​ក្រោះ​ជាច្រើន​គ្រឿង​ទៀត​នឹង​ត្រូវ​បាន​យក​ទៅ​ប្រើ​អភិវឌ្ឍ​សហគមន៍​ក្រីក្រ​។

លោក​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា ពិធី​ដេញ​ថ្លៃ​ដែល​គ្រោង​រៀបចំ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​នឹង​ត្រូវ​បាន​ដំណើរការ​ដោយ​អង្គភាព​ថ្មី​សន្លាង​របស់​រដ្ឋាភិបាល «​វិទ្យាស្ថាន​យក​ទ្រព្យធន​ប្លន់​ពី​ប្រជាជន​ប្រគល់​ឲ្យ​ពួកគេ​វិញ​»​។

អ្នកដឹកនាំ​ឆ្វេង​និយម​រូប​នេះ​បាន​បន្ដ​ថា​៖ «​អ្វី​គ្រប់​យ៉ាង​ដែល​ត្រូវ​បាន​រឹបអូស​ពី​ឧក្រិដ្ឋជន​នឹង​ត្រូវ​ប្រគល់​ជូន​សហគមន៍​វិញ ជាពិសេស​សហគមន៍​ក្រក្រី​ទូទាំង​ប្រទេស​»​។

លោក ឡូប៉េស អូប្រាឌ័រ អាយុ ៦៥ ឆ្នាំ​ឡើង​កាន់​អំណាច​នៅ​ខែ​ធ្នូ​ដោយ​សន្យា​ផ្លាស់ប្ដូរ​ប្រទេស​ញាំញី​ដោយ​អំពើ​ឧក្រិដ្ឋកម្ម និង​ពុករលួយ​នេះ​។ តម្លៃ​សរុប​ពី​ការលក់​រថយន្ដ​ប្រណីត​ដេញ​ថ្លៃ​នោះ​អាច​មាន​ប្រមាណ ២៨ លាន​ប៉េសូ (១,៥ លាន​ដុល្លារ​) ទោះ​ក្រុម​មន្ដ្រី​រំពឹង​ថា ការលក់​ជាក់ស្ដែង​នឹង​ទទួល​ចំណូល​ខ្ពស់ជាង​នេះ​។

អចលនទ្រព្យ និង​គ្រឿងអលង្ការ​រឹបអូស​បាន​ពី​ឧក្រិដ្ឋជន និង​អ្នក​នយោបាយ​ពុករលួយ​នឹង​ដាក់លក់​ដេញ​ថ្លៃ​ដាច់​ដោយ​ឡែក​៕ HR