ភ្នំពេញៈ ការចូល​ជា​សមាជិក​នៃ​ផលិតកម្ម​ថោន​មិន​ដល់​​ ២ ​ឆ្នាំ​ផង តារាចម្រៀង​ប្រុស​សំឡេង​ផ្អែម​លោក ម៉ៅ ហាជី អាច​មាន​ឱកាស​កើប​ប្រាក់​បាន​សន្ធឹក​ដោយសារ​ថ្មីៗ​នេះ​ឃើញ​លោក​បាន​រៀបចំ​ពិធី​ជប់លៀង​ឡើង​ផ្ទះ និង​រថយន្ត​ឡង់គ្រីស័រ​ថ្មី​សន្លាង​ឆ្នាំ​ ២០១៩ មាន​ក្រុម​អ្នកសិល្បៈ​ចូលរួម​យ៉ាង​កុះករ​ផងដែរ​។

តារាចម្រៀង​ប្រុស​ដែល​មាន​ស្រុកកំណើត​នៅ​ខេត្ត​បាត់ដំបង​រូបនេះ​កំពុង​តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការកោតសរសើរ​កាន់តែ​ខ្លាំងៗ ព្រោះ​តែ​កាលពី​ម្សិលមិញ​នេះ ស្រាប់​តែ​រូបលោក​បាន​រៀបចំ​ពិធី​ជប់លៀង​ឡើង​គេហដ្ឋាន​ថ្មី​សន្លាង​រួមទាំង​ឡាន​ទំនើប​ម៉ាក​ឡង់គ្រីស័រ​ស៊េរី​ថ្មី ពណ៌​ស​ដែល​មាន​តម្លៃ​មិន​ទាប​ជាង ១០ ​ម៉ឺន​ដុល្លារ​នោះ​ទៀត​ផង​។

គេ​ឃើញ​វត្តមាន​មិត្ត​សិល្បៈ​ជា​តារា​ប្រុស​ស្រី​ទៅ​ចូលរួម​ផង​ដែរ​មាន​លោក ប៉ែន ចំរ៉ុង តារាសម្តែង និង​ពិធីករ​ទូរទស្សន៍​លោក ករុណា ពេជ្រ លោក សុគន្ធថេរ៉ាយុ ដែល​ជា​តារាចម្រៀង​ប្រុស​រួម​នៅ​ទ្រនំ​ថោន កញ្ញា ដួង ម៉ានិច្ច តារា​សម្តែង​ស្រី​កំពុង​តែ​ឡើង​កូដ កញ្ញា សុវ៉ាត់ឌី ធារីកា តារាចម្រៀង​ប្រចាំ​ផលិតកម្ម​មកុដមេឌា និង​កញ្ញា ស៊ូ ស៊ីរីកា តារាចម្រៀង​ស្រី​នៅ​ទ្រនំ​ថោន ជាដើម​។

កាលពី​ឆ្នាំ​ ២០១៧ គ្រាន់តែ​បាន​ក្លាយ​ជា​តារាចម្រៀង​ពេញ​មុខ​ពេញមាត់ និង​បើកចំហ​នៃ​ផលិតកម្ម​ថោន​ភ្លាម​នោះ​តារាចម្រៀង​ប្រុស​ដែល​គេ​ចាប់​អារម្មណ៍​ខ្លាំង​ជា​បេក្ខជន​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក​រដូវកាល​ទី ១ ឬ Cambodian Idol Season1 ចូល​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​លោក ម៉ៅ ហាជី ក៏​ត្រូវ​មហាជន​សម្គាល់​ថា​មាន​ការកាក់កប និង​ហ៊ឺហា​ខ្លាំង​ដោយ​លោក​បាន​ដូរ​ឡាន​ពី Highlander តម្លៃ​ជាង ១ ​ម៉ឺន​ដុល្លារ​មក​ជិះ​រថយន្ត​ម៉ាក Tundra តម្លៃ​ជាង ៣ ​ម៉ឺន​ដុល្លារ​។ ខណៈ​ពាក់កណ្តាល​ឆ្នាំ​ ២០១៩​នេះ​ស្រាប់តែ​លោក​បាន​ដូរ​រថយន្ត​ម៉ាក Tundra តម្លៃ​ជាង ៣ ​ម៉ឺន​ដុល្លារ​មក​ជិះ​ម៉ាក​ឡង់គ្រីស័រ​ថ្មី​ពណ៌​ស​ថ្មី​សន្លាង ដែល​ទំនង​ជា​មាន​តម្លៃ​ក្បែរ ២០ ​ម៉ឺន​ដុល្លារ​ឯណោះ​។

យ៉ាងណា​ការឡើង​គេហដ្ឋាន​ថ្មី​ទើប​ទិញ និង​រថយន្ត​ថ្មី​របស់​តារាចម្រៀង​ប្រុស កំពុង​តែ​មាន​រាសី​ឡើង ហើយ​មាន​ឱកាស​កើប​ប្រាក់​បាន​ទាំង​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក​លោក ម៉ៅ ហាជី ថា​បាន​ចំណាយ​ប្រាក់​អស់​ប៉ុន្មាន​នោះ​ក៏​មិន​មាន​ការបង្ហើប​ប្រាប់​ឲ្យ​ដឹង​ផង​ដែរ ដោយសារ​ប្រព័ន្ធ​ទូរស័ព្ទ​របស់​លោក​បាន​ទំនាក់ទំនង​ចូល តែ​បែរ​ជា​គ្មាន​អ្នក​ទទួល​ទៅវិញ​។

កាលពី​ដូរ​រថយន្ត​ពី​មុន​នោះ​លោក ម៉ៅ ហាជី តារា​ប្រុស​មាឌ​មាំ បច្ចុប្បន្ន​មាន​វ័យ ២៩ ឆ្នាំ​បាន​ឆ្លើយ​ដោយ​មិន​លាក់លៀម​នឹង​ការដូរ​ម៉ាក​​រថយន្ត​ពី Highlander មក​ជិះ​ម៉ាក Tundra ព្រោះតែ​កាក់កប​ខ្លាំង​នឹង​អាជីព​ជា​តារាចម្រៀង​មហាជន​ចូលចិត្ត​ខ្លាំង​មិន​ចាញ់​តារាចម្រៀង​រលក​មុន លោក​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​អូ​!​ខ្ញុំ​ពិត​ជា​បាន​ដូរ​ម៉ាក​ឡាន​មែន​បង​!​ខ្ញុំ​មិន​លាក់​ទេ​ព្រោះ​វា​ជា​កម្លាំង​ញើស​ឈាម​រក​បាន ដោយសារ​តែ​ការ​ខំប្រឹង​ខ្លួនឯង គឺ​នៅ​សព្វថ្ងៃ​ជិះ​រថយន្ត​ម៉ាក Tundra មាន​ស៊េរី​ឆ្នាំ ២០០៧ តែ​ប៉ុណ្ណោះ​មាន​តម្លៃ ៣២ ០០០​ដុល្លារ​ដែល​បាន​ដូរ​ពី​រថយន្ត​មុន​ម៉ាក Highlander ដែល​ខ្ញុំ​បាន​ទិញ​មាន​តម្លៃ ១៨-០០០​ដុល្លារ​»​។

តែ​លោក​ហាក់​ដូចជា​បាន​ច្រាន​ចោល​ទៅ​នឹង​រឿង​ប្រភព​ថវិកា​ដែល​រក​បាន​យក​ទៅ​ដូរ​រថយន្ត​ថ្មី​នោះ​ថា​៖ «​តាមពិត​ទៅ​លុយ​ទិញ​រថយន្ត​ថ្មី​នេះ​មិនមែន​ទើប​តែ​ខ្ញុំ​បាន​មក​ច្រៀង​ក្នុង​ផលិតកម្ម​ថោន​នោះ​ទេ​។ ខ្ញុំ​បាន​សន្សំ​ពី​ការងារ​សិល្បៈ​ដែល​ចំណាយពេល​ ១ ​ឆ្នាំ​ឯណោះ​គឺ​ឆ្នាំ ២០១៦ នោះ​គឺជា​ឆ្នាំ​ដែល​ខ្ញុំ​ទទួល​បាន​ការចាប់អារម្មណ៍​បណ្តា​ក្រុមហ៊ុន​រៀបចំ​កម្មវិធី​តន្ត្រី​តាម​ខេត្ត និង​រាល់​កម្មវិធី​មង្គល​នានា ដែល​បងប្អូន​ខ្មែរ​បាន​ស្គាល់​ខ្ញុំ ហើយ​ហៅ​ច្រៀង​ជា​ហូរហែ​ពេញ ១ ​ឆ្នាំ​តែ​ម្តង​»៕