ភ្នំពេញៈ ការប្រឡង​ប្រជែង​តែង​និពន្ធ​រឿង​ខ្លី និង​កំណាព្យ សម្រាប់​ពានរង្វាន់​អក្សរសិល្ប៍​ទន្លេមេគង្គ​លើក​ទី​១០ ក្រោម​ប្រធានបទ «​ជីវិត និង​និរន្តរភាព​ទន្លេមេគង្គ​» ប្រចាំ​ឆ្នាំ​ ២០១៩ នេះ​នៅ​កម្ពុជា ម្ចាស់​ជយលាភី​បាន​ទៅ​លោកស្រី​បណ្ឌិត ប៉ែន សេដ្ឋារិន និង​លោក មឿន សំណាង ដែល​នឹង​ត្រៀម​ទទួល​ពានរង្វាន់​នៅ​ថ្ងៃទី​ ១១-១៤ ខែ​ តុលា ឆ្នាំ​ ២០១៩ នៅ​ប្រទេស ​មីយ៉ាន់ម៉ា​។

លោក​បណ្ឌិត ឡឹក ជំនោរ ជា​អនុប្រធាន​សមាគម​អ្នកនិពន្ធ​ខ្មែរ​ដែល​ទទួលបន្ទុក​ខាង​ផ្នែក​ស្រាវជ្រាវ​បោះពុម្ព​ផ្សាយ និង​នវានុវត្តន៍​បាន​ឲ្យ​ដឹងថា​៖ «​លោកស្រី​បណ្ឌិត ប៉ែន សេដ្ឋារិន គឺជា​ជយលាភី​ផ្នែក​រឿង​ខ្លី​មាន​ចំណងជើង​ថា «​គង្គា​ជីវិត​» ខណៈ​លោកស្រី​គឺជា​ជនជាតិ​ខ្មែរ​ដែល​មាន​សញ្ជាតិ​ជប៉ុន និង​ពេល​បច្ចុប្បន្ននេះ គាត់​ក៏​ជា​សាស្ត្រាចារ្យ​បង្រៀន​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ​នៅឯ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ​ផងដែរ (​គាត់​មក​បង្រៀន​មួយ​ខែ​ម្តង​)​។ ចំណែកឯ​លោក មឿន សំណាង ជា​ម្ចាស់​សំណេរ​នៃ​កំណាព្យ​មាន​ចំណងជើង​ថា «​ស្នេហ៍​លើ​ផ្ទៃ​ទន្លេ​» គឺ​លោក​ជា​បេក្ខជន​មកពី​ខេត្តសៀមរាប​»​។

សម្រាប់​ការប្រកួត​តែង​និពន្ធ​រឿង​ខ្លី និង​កំណាព្យ ពានរង្វាន់​អក្សរសិល្ប៍​ទន្លេមេគង្គ​នេះ​ត្រូវ​បាន​កំណត់​ដាក់​ប្រធានបទ​រួម​ថា «​ជីវិត និង​និរន្តរភាព​ទន្លេមេគង្គ​» ដែល​មាន​ប្រទេស​ជា​សមាជិក​មាន​ចំនួន ៦ ប្រទេស​គឺ​មាន​ប្រទេស​ ចិន កម្ពុជា ថៃ ឡាវ វៀតណាម និង​មីយ៉ាន់ម៉ា​។ ខណៈ​ឆ្នាំ​នេះ​ប្រទេស​មីយ៉ាន់ម៉ា​គឺជា​ម្ចាស់ផ្ទះ​ដែល​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី​ ១១-១៤ ខែ ​តុលា ឆ្នាំ​ ២០១៩ ហើយ​ប្រទេស​ទាំង​ ៦ ក៏ត្រូវ​សម្រេច​ឲ្យ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ឆ្លាស់គ្នា​ជា​រៀងរាល់​ឆ្នាំ​ផងដែរ​តាម​តួអក្សរ​ឡាតាំង​នៃ​ប្រទេស​នីមួយៗ​។

លោក​បណ្ឌិត ឡឹក ជំនោរ ក៏​បន្ត​ឲ្យ​ដឹង​ពី​គោលបំណង​នៃ​ការកំណត់​ប្រធានបទ​នេះ​ដែរ​ថា​៖ «​ចង់​ឲ្យ​ស្មេរ​ទាំង​រឿង​ខ្លី និង​កំណាព្យ​ប្រើ​គំនិត និង​ទិដ្ឋភាព​មើលឃើញ​ជាក់ស្តែង​របស់​ខ្លួន​ក្នុង​ការបង្កើត​ចេញ​ជា​ស្នាដៃ​មក​ឲ្យ​មាន​លក្ខណៈ​ឆ្លុះបញ្ចាំង​ទាំង​សកម្មភាព​ល្អ និង​សកម្មភាព​អាក្រក់​របស់​មនុស្ស ដែល​កំពុងតែ​រស់នៅ និង​អាស្រ័យ​នូវ​ផល​ពី​ទន្លេ​នេះ​។ ដូច្នេះ​ពួកគាត់​ពិតជា​អាចធ្វើ​ការពណ៌នា​ពី​សកម្មភាព ឬ​ហេតុការណ៍​នានា​ដែល​បាន​កើតឡើង​នៅលើ​ដង​ទន្លេ​មេង្គ​ជាមិនខាន​។

ប្រទេស ​មីយ៉ាន់ម៉ា​ គឺជា​សមាជិក​ថ្មី​នៅក្នុង​ចំណោម​ប្រទេស​សមាជិក​ទាំង​ ៦ ដែល​បាន​ចូលរួម​នៅក្នុង​កម្មវិធី​ប្រឡង​តែង​និពន្ធ​រឿង​ខ្លី និង​កំណាព្យ​ពានរង្វាន់​អក្សរសិល្ប៍​ទន្លេមេគង្គ ហើយ​នៅ​ឆ្នាំ​ ២០១៩ ​នេះ​គឺ​ប្រទេស ​មីយ៉ាន់ម៉ា​បាន​ចូលរួម​ត្រឹមតែ​លើក​ទី​៤ ប៉ុណ្ណោះ និង​ជា​លើក​ទី​១ ក្នុង​នាម​ជា​ប្រទេស​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​ផងដែរ​។ នៅ​ឆ្នាំក្រោយ (​ឆ្នាំ​២០២០) ប្រទេស​ កម្ពុជា​ យើង​នឹង​ត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​វិញ​ម្តង​»​។

រីឯ​លក្ខខណ្ឌ​ប្រកួត​តែង​និពន្ធ​រឿង​ខ្លី និង​កំណាព្យ​សម្រាប់​ពានរង្វាន់​អក្សរសិល្ប៍​ទន្លេមេគង្គ​នេះ ប្រទេស​នីមួយៗ​ត្រូវ​តែ​ជ្រើសរើស​រក​ជយលាភី​ចំនួន ២ រូប​រៀងៗ​ខ្លួន គឺ​មួយរូប​គឺជា​ជយលាភី​ផ្នែក​រឿង​ខ្លី និង​មួយរូប​ផ្នែក​កំណាព្យ​។ ចំពោះ​លក្ខខណ្ឌ​នៃ​ការតាក់តែង​ទាំង​រឿង​ខ្លី និង​កំណាព្យ​នៅ​ប្រទេស​កម្ពុជា បេក្ខជន​ត្រូវ​បាន​គេ​កំណត់​ឲ្យ​សរសេរ​យ៉ាងច្រើន​បំផុត​ត្រឹម​ចំនួន ១៥ ទំព័រ​ប៉ុណ្ណោះ​៕