ភ្នំពេញ៖ ក្រោយពីបានកាន់ពានរង្វាន់ Cambodia''s Got Talent រដូវកាលទី១ បានរយៈពេល ៦ ឆ្នាំមក យុវជនដែលមានដុងទេពកោសល្យសិល្បៈ ទោះបីជាពិការភ្នែកពីកំណើត យឿន ពិសី បានជួបម្ចាស់បេះដូងមានភក្តីភាព និងក្រាបផ្ទឹមចូលរោងជ័យហើយកាលពីថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២១ ជាមួយភរិយាដ៏ស្រស់ស្អាត គឺជាហ្វេនរបស់ខ្លួន ក្រោយពីបានយល់ចិត្តយល់ថ្លើមគ្នាប្រមាណ ១ ឆ្នាំមកនោះ។
បង្កើតភាពភ្ញាក់ផ្អើលទាំងមជ្ឈដ្ឋានសិល្បៈ និងមហាជន ស្រាប់តែលេចចេញបណ្តុំរូបភាពគូស្វាមីភរិយា ដែលគេស្គាល់ច្បាស់កូនកំលោះ យឿន ពិសី គឺអតីតជាកុមារាម្ចាស់ Cambodia''s Got Talent រដូវកាលទី១ កាលពីឆ្នាំ ២០១៥ ហើយកាលនោះ យឿន ពិសី មានវ័យ ១៥ ឆ្នាំ ដែលជាកូនទី២ ក្នុងចំណោមបងប្អូនប្រុសស្រី ៧ នាក់ នៃគ្រួសារមានស្រុកកំណើតនៅខេត្តកំពង់ចាម និងកូនក្រមុំមានឈ្មោះថា ហេង កក្កដា ដោយអ្នកទាំង ២ បានចូលរោងជ័យតាមប្រពៃណីខ្មែរកាលពីថ្ងៃអាទិត្យ ទី ១៧ ខែ មករា ឆ្នាំ ២០២១ នៅគេហដ្ឋានខាងស្រី នៅភូមិថ្មគោល ២ សង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ពិធីមង្គលការនោះ គេក៏បានឃើញសិល្បករជាប្តីប្រពន្ធមានឈ្មោះល្បីក្នុងសង្គមសិល្បៈគឺលោក អ៊ុក ណារីម និងអ្នកនាង ឆោម ឆពុំ ក៏បានមកចូលរួមក្នុងពិធីដ៏អធិកអធមនេះផងដែរ ខណៈអ្នកទាំង ២ ក៏បានជូនពរថា៖ «សូមជូនពរក្មួយ យឿន ពិសី និងភរិយា ក្នុងថ្ងៃសិរីសួស្តី ជ័យមង្គលនៃអាពាហ៍ពិពាហ៍ដ៏អធិកអធមរបស់ក្មួយទាំង ២ សូមជួបតែសុខសុភមង្គល ជោគជ័យទាំងនៅក្នុងអាជីព និងគ្រប់ភារកិច្ចការងារ»។
តាមសម្តីរៀបរាប់ពីសំណាក់កូនក្រមុំនៅក្នុងបទសម្ភាសកាលពីថ្ងៃរៀបការនោះ ទំនាក់ទំនងស្នេហារវាងអ្នកនាងជាមួយនឹងស្វាមីគឺលោក យឿន ពិសី ផ្តើមពីសេចក្តីស្រឡាញ់ពីសំណាក់ហ្វេនទៅកាន់ខាងអាយដល។
អ្នកនាង ហេង កក្កដា ក៏បង្ហើបប្រាប់ក្នុងវីដេអូនៃបទសម្ភាសនោះថា អ្នកនាងគឺជាអ្នកដែលបានឆាតទៅកាន់ Idol មុន ហើយទំនាក់ទំនងចេះតែបន្តរហូតដល់ថ្ងៃចូលរោងការ ខណៈពេលវេលាមើលចិត្តមើលថ្លើមគ្នាមានរយៈពេលប្រហែលជា ១ ឆ្នាំមក។
គួររំឭកផងដែរថា យឿន ពិសី គឺជាម្ចាស់ពានរង្វាន់ Cambodia''s Got Talent រដូវកាលទី១ ដែលទទួលបានការផ្ញើសារបោះឆ្នោតច្រើនជាងគេ នៅក្នុងចំណោមនៃបេក្ខជន ដែលបានចូលប្រឡងជាច្រើននាក់ ក៏ព្រោះតែ ពិសី មានទឹកដមសំនៀង ដ៏ពីរោះរណ្តំ ទើបអាចទាក់ទាញចិត្តអ្នកគាំទ្ររហូតបានឈ្នះពានលើកដំបូងសម្រាប់ការប្រកួត Cambodia''s Got Talent របស់ប្រទេសកម្ពុជា តាមរយៈទូរទស្សន៍ហង្សមាស កាលពីឆ្នាំ ២០១៥។
បើទោះបីជា កុមារពិការភ្នែកតាំងពីកំណើត ដែលរស់នៅក្នុងជីវភាពក្រីក្រលំបាក យឿន ពិសី បានកែប្រែឆាកជីវិតរបស់ខ្លួនតាមរយៈការចាប់យកសិល្បៈចម្រៀងរហូតដល់បានក្លាយជាបេក្ខជនប្រឡងជាប់ជាម្ចាស់ជយលាភីកម្មវិធីលំដាប់ពិភពលោក Cambodia''s Got Talent កាលពីឆ្នាំ ២០១៥ និងក្រោយពីបានកាន់ពាន ៦ ឆ្នាំមក ក៏ពង្រីកមន្តស្នេហ៍ដល់ហ្វេន ហើយឈានមកដល់ការបង្កើតចំណងស្នេហ៍ជាប្តីប្រពន្ធក្នុងអាពាហ៍ពិពាហ៍កាលពីថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២១៕