ក្រុងសៀមរាបៈ កម្ពុជាគឺជាប្រទេសទី ៣២ ហើយនៃការរៀបចំយុទ្ធនាការលំដាប់ពិភពលោកមួយ ដែលនាំក្តីសប្បាយរីករាយ សុភមង្គល និងក្តីស្រមៃរបស់កុមារ នាពេលអនាគតក្នុងគោលដៅបង្កើតឲ្យមាននូវសុខសន្តិភាពជាសកលក្រោមដំបូលតែមួយ ឬហៅកាត់ថាគម្រោង «Merry Project» បង្កើតឡើងដោយវិចិត្រករជនជាតិជប៉ុនម្នាក់។
យុទ្ធនាការនេះ បានប្រារព្ធធ្វើនៅក្នុងទឹកដីប្រទេសកម្ពុជា លើកដំបូង ដែលបានបញ្ចប់កាលពីចុងខែកញ្ញា កន្លងមក ដោយមានទីតាំង ២ កន្លែងសម្រាប់ក្រុមគម្រោង Merry Project បានចុះទៅផ្តិតយកនូវស្នាមញញឹមកុមារកម្ពុជាគឺនៅរាជធានីភ្នំពេញតំបន់គំនរសំរាមស្ទឹងមានជ័យ និងតំបន់ប្រាសាទអង្គរវត្ត ខេត្តសៀមរាប។
លោក កូជី មិហ្ស៊ូតានី (Koji Mizutani) នាយកនៃគម្រោង Merry Project និងជាអ្នកថតរូបជំនាញ បានឲ្យដឹងកាលពីពេលរៀបចំផ្តិតយកស្នាមញញឹមកុមារកម្ពុជាយ៉ាងច្រើន ដែលត្រូវដាក់លើឆត្រ បង្ហាញនៅមុខប្រាសាទអង្គរវត្ត កាលចុងខែកញ្ញា កន្លងមកនេះថា៖ «ចង់នាំក្តីសង្ឃឹម សុភមង្គល សន្តិភាព និងស្នាមញញឹមដល់កុមារកម្ពុជា ជាលើកដំបូងតាមរយៈគម្រោង Merry Project របស់យើង។ ខណៈស្នាមញញឹមគឺជាផ្នែកទំនាក់ទំនងមួយដ៏សំខាន់ នៅលើសកលលោក ហើយវាក៏ជាក្តីសង្ឃឹមសម្រាប់កុមារគ្រប់រូបលើសកលលោកផងដែរ»។
លោក កូជី មិហ្ស៊ូតានី បន្តថា៖ «ស្នាមញញឹមកុមារតូចៗរបស់កម្ពុជាទាំងនេះ ក៏អាចនាំក្តីសង្ឃឹមពួកគេទៅអនាគតដែរ ពោលគឺកុមារនៅលើពិភពលោកមានស្នាមញញឹមតែមួយ និងក្តីស្រមៃតែមួយតាមរយៈសន្តិភាព»។
គម្រោង Merry Project ចាប់ពីបើកយុទ្ធនាការរបស់ខ្លួនមកបានជាង ៣០ ប្រទេសហើយ និងបានផ្តិតយករូបស្នាមញញឹម និងសម្រង់សារសំខាន់ៗពីកុមារពិភពលោកបានជាង ៥ ម៉ឺន។ ខណៈប្រទេសកម្ពុជាគឺជាគោលដៅទី ៣២ នៃយុទ្ធនាការមួយនេះ។
ចំពោះស្នាមញញឹមកុមារកម្ពុជា ដែលបានប្រមូលផ្តុំពីគម្រោង Merry Project នេះនឹងត្រូវយកទៅដាក់បង្ហាញក្នុងព្រឹត្តិការណ៍កីឡា និងវប្បធម៌នៅប្រទេសជប៉ុន នាពេលខាងមុខផងដែរ។
លោក កូជី មិហ្ស៊ូតានី បង្ហើបថា៖ «ស្នាមញញឹមពួកគេនឹងត្រូវបានយកដាក់តាំងផ្សាយនៅក្នុងព្រឹត្តិការណ៍ Tokyo Olympic and Paralympics Cultural Program Events in 2019 and 2020 ផងដែរ»៕