ភ្នំពេញ៖ ដោយ​សង្កេត​ឃើញ​ពី​ការ​ប្រឈម​របស់​​ប្រជាកសិករ​កម្ពុជា​​មួយ​ចំនួន​ ជាពិសេស​អ្នក​នៅ​ទី​ដាច់​ស្រយាល​ ដែល​បាត់បង់​ទីផ្សារ​​​​ព្រោះ​តែ​វិបត្តិ​កូវីដ យុវជន ​១ ក្រុម ​បាន​រួមគ្នា​បង្កើត​គម្រោង​ COVID Farmer Hacker ដើម្បី​ជួយ​​អ្នក​ខិតខំ​ដាំដុះ​តែ​ត្រូវ​រងគ្រោះ​ពី​ការ​រំខាន​ដល់​​​សេដ្ឋកិច្ច​​បង្ក​ដោយ​វីរុស​កូរ៉ូណា។​

ក្នុង​ចំណោម​សមាជិក​ COVID Farmer Hacker សរុប​​ ១០ នាក់ ដែល​​​​ភាគ​ច្រើន​ជា​និស្សិត​ដែល​ទើប​បញ្ចប់​ការ​សិក្សា ​និង​កំពុង​បន្ត​ទៅ​ជំនាញ​​ផ្សេង​ទៀត សមាជិក​សកម្ម ៥ នាក់ គឺ​៖ ដួង ចាន់ដារិទ្ធិ​ អាយុ ២៣ ​ឆ្នាំ រៀល ពីតុន ​២០ ឆ្នាំ វ៉ាង រតនមាលតី​ ២០ ឆ្នាំ អ៊ាន​ ស្រីល័ក្ខ​ ២២ ឆ្នាំ និង​ ហេង​ សុធាវី ២១ ឆ្នាំ​។

ពួក​គេ​ក៏​ជា​អ្នក​​​ផ្ដួចផ្ដើម​គំនិត​ និង​ធ្វើ​សំណើ​​​ទៅ​កាន់​ Impact​ Hub​ ដែល​​ជា​​សហគមន៍​ធំ​មួយ​នៅ​កម្ពុជា​​ផ្ដល់​ការ​គាំទ្រ​​​ដល់​យុវជន​ខ្មែរ​ក្នុង​ការ​អភិវឌ្ឍ​សហគ្រិនភាព​ និង​​ផ្ដល់​ភាពវិជ្ជមាន​ដល់​សង្គម​។

សមាជិក​ក្រុម COVID Farmer Hacker​ សុធាវី​ និង ​ពីតុន​ បាន​ប្រាប់​ ភ្នំពេញ ប៉ុសិ៍្ត​ ពី​មូលហេតុ​នៃ​ការ​បង្កើត​ជា​ក្រុម​​នេះ​យ៉ាង​​ដូច្នេះ​ថា៖ «ដំបូង​ដោយសារ​យើង​ឃើញ​ថា​ បន្លែ​ ផ្លែឈើ​ដែល​កសិករ​យើង​ដាំដុះ​ច្រើន​ ការ​នាំ​ចូល​មក​ក៏​ច្រើន​ កាន់​តែ​មាន​ការ​បិទ​ច្រក​ទៀត​នោះ​ ធ្វើ​ឱ្យ​ពួក​គាត់​ពុំ​អាច​លក់​ចេញ​​បាន​ ដូច្នេះ​ពួក​យើង​​ដែល​ជា​មិត្តភក្ដិ​នឹង​គ្នា​​ក៏​មូល​មតិ​គ្នា​សួរ​ថា​ អ្នក​ណា​ចាប់​អារម្មណ៍​ខ្លះ​ ហើយ​អាច​ជួយ​ និង​ទទួល​ខុស​ត្រូវ​ខាង​ណា​បាន​ខ្លះ​?»។

គោលដៅ​ ១ ​​នៃគម្រោង​ គឺ​​​ឱ្យកសិករ​អាច​លក់កសិផល ​​​ដោយពុំ​ចាំបាច់មានឈ្មួញ​កណ្ដាល​។ រូបថត សហ​ការី

គម្រោង​នេះ​ ​គឺ​ជា​គម្រោង​​ជួយ​ដល់​កសិករ​ដែល​មាន​ឧបសគ្គ​លក់​​កសិផល​​ ​ដោយសារ​វិបត្តិ​កូវីដ និង​គ្រោះ​ធម្មជាតិ​ផ្សេង​ទៀត​ ដោយ​បូក​រួម​ជាមួយ​​ការ​ជួយ​ផ្ដល់​​បច្ចេកទេស​ដាំដុះ​ផង​ដែរ​ ប្រសិន​បើ​គម្រោង​នេះ​​ដំណើរការ​​​ទៅ​ជោគជ័យ​។

ដារិទ្ធ ​បច្ចុប្បន្ន​ជា​និសិ្សត​ពេទ្យ​បាន​រៀបរាប់​ពី​គម្រោង​ដែល​អាច​សង្ខេប​ជា ​៣ ​ដំណាក់កាល​ធំៗ​ដូច​តទៅ​​៖ «ទី១​ គឺ​ពួក​យើង​​រក​គ្នា​ក្នុង​ការ​បង្កើត​គម្រោង។ ទី២ ពួក​យើង​រៀបចំ​គម្រោង​ ហើយ​ធ្វើ​ការ​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ដើម្បី​ឱ្យ​គេ​ស្គាល់​​ពួក​យើង​ច្រើន​ ក្នុង​នោះ​ក៏​បូក​សរុប​ជាមួយ​ការ​ជួយ​បង្ហោះ​ត​ ទៅ​ដល់​កសិករ​ណា​ដែល​គាត់​កំពុង​រក​អ្នកទិញ​។ ទី៣​ បើ​យើង​មាន​ការ​ទុក​ចិត្ត​ហើយ​មាន​អ្នក​ជួយ​ឧបត្ថម្ភ​ច្រើន​ ពួក​យើង​នឹង​ធ្វើ​ការ​ចុះ​ទៅ​ផ្ទាល់​​ទៅ​តាម​តំបន់​ណា​ដែល​ប្រជាជន​ពិតជា​មាន​បញ្ហា​មែន​ ​ហើយ​ក៏​ជួយ​ពន្យល់​ណែនាំ​ពី​របៀប​ដាំដុះ​ និង​ជម្រើស​​​ក្នុង​ការ​ដាំ​ដំណាំ​យ៉ាងណា​ឱ្យ​ងាយ​ស្រួល​បង្កើត​ទីផ្សារ»​។

បច្ចុប្បន្ន​ COVID ​Farmer ​Hacker ​​ទើប​តែ​អាច​នៅ​ជំហាន​ទី២ ​ដោយ​ជួយ​បង្ហោះ​ត​ជូន​ប្រជាកសិករ​ក្នុង​ការ​រក​ទីផ្សារ​។​

ធាវី​ អតីត​និស្សិត​ CamEd ជំនាញ​គណនេយ្យ​ និង​ហិរញ្ញវត្ថុ​បាន​បន្ត​ថា​៖ «ស្ថានភាព​ពួក​យើង​សព្វថ្ងៃ​មាន​តែ​ការ​ជួយ​បង្ហោះ​ព័ត៌មាន​ប្រជាកសិករ​តាម​គណនេយ្យ​ហ្វេសប៊ុក​។ ហើយ​ជួយ​​ឱ្យ​អ្នក​​​មាន​ចំណាប់​អារម្មណ៍​ទាក់ទង​​ទៅ​កសិករ​ផ្ទាល់»។

បច្ចុប្បន្ន​ក្រុមយុវវ័យ​​ប្រើប្រាស់បណ្ដាញសង្គម​ជួយផ្សព្វផ្សាយ​ពីបន្លែផ្លែឈើ​​របស់កសិករ​។ រូបថត សហ​ការី

បច្ចុប្បន្ន​ ក្រុម​យុវជន-យុវតី​នៃ​គម្រោង COVID ​Farmer ​Hacker ធ្វើ​ការ​​ស្ម័គ្រ​ចិត្ត ដោយ​មិន​រំពឹង​​ទាញ​​ប្រយោជន៍​ពី​គម្រោង​នេះ​ទេ។

ធាវី​ បាន​បន្ត​ថា​៖ «ចំណុច​ពិសេស ​និង​រាប់​ថា​ជា​ភាព​ខ្លាំង​របស់​ពួក​យើង​ គឺ​ពួក​យើង​គ្រាន់​តែ​ជា​ក្រុម​យុវជន​មួយ​ហើយ​ពួក​យើង​មិន​ចង់​បាន​អ្វី​ក្រៅ​ពី​ព្យាយាម​ជំរុញ​​ទឹក​ចិត្ត​កសិករ​ឱ្យ​បន្ត​ការ​ដាំដុះ​។ យើង​បាន​តែ​សង្ឃឹម​ថា​ ​កសិកម្ម​​ក្នុង​ស្រុក​យើង​នឹង​មាន​ការ​រីក​ចម្រើន​អាច​កាត់​បន្ថយ​ការ​នាំ​ចូល។ មួយ​វិញ​ទៀត​ពួក​គាត់​ទាំង​អ្នក​ទិញ ​និង​កសិករ​នឹង​អាច​ទាក់ទង​គ្នា​ផ្ទាល់​មិន​ចាំបាច់​មាន​ឈ្មួញ​កណ្ដាល​»។

ដោយ​ចាត់​ទុក​​​​វិធីសាស្ត្រ​ផ្សារ​ភ្ជាប់​កសិករ និង​ទីផ្សារ​កសិផល​​តាមរយៈ​បណ្ដាញ​សង្គម ​មិន​​ចាំបាច់​ចំណាយ​ទុន​ច្រើន ដារិទ្ធ​ បាន​បង្ហាញ​គោលដៅ​បន្ត​ថា៖​ «ប៉ុន្តែ​បើ​​យើង​មាន​ជំនួយ​ច្រើន​វិញ ​យើង​នឹង​ចុះ​ទៅ​ផ្ទាល់​តាម​ភូមិ​ឃុំ​ដែល​ប្រជាពលរដ្ឋ​មាន​វិបត្តិ​លក់​មិន​ចេញ​ហ្នឹង​តែ​ម្ដង​»៕