ក្រុង​អូស្លូ៖ អ្នក​នេសាទ​ម្នាក់​ចាប់​បាន​សត្វ​សមុទ្រ​ដ៏​ចម្លែក​ស្រដៀង​នឹង​ដាយណូស័រ​ ដោយ​វា​មាន​ភ្នែក​ធំៗ​ដែល​មិន​ស័ក្ដិសម​នឹង​មាឌ​ដ៏​តូច​របស់​វា​អី​បន្ដិច​សោះ​។

យុវជន​ឈ្មោះ អូស្កា លុនដាល់ អាយុ ១៩ ឆ្នាំ ព្យាយាម​ប្រមាញ់​ត្រី​ពណ៌​ខៀវ​ ពេល​លោក​ប្រទះ​ឃើញ​ត្រី​ចម្លែក​នេះ​នៅ​ក្បែរ​សន្ទូច​លើ​ឆ្នេរ​អានដូយ៉ា ប្រទេស ​ន័រវែស។

លោក​បាន​ប្រើ​សន្ទូច​ចំនួន ៤ លើ​ខ្សែ​តែ​មួយ​លើ​ផ្ទៃ​ទឹក​ជិត​ ៨០០ ម៉ែត្រ​ ពេល​លោក​មាន​អារម្មណ៍​ថា​ខ្សែ​សន្ទូច​​កន្ដ្រាក់​ខ្លាំង​ និង​បាន​ចំណាយ​ពេល ៣០ នាទី ​សម្រាប់​ចាប់​ត្រី​នោះ។

យុវជន លុនដាល់ បាន​ពន្យល់​ប្រាប់​ថា លោក​ហាក់​ទទួល​អារម្មណ៍​ថា​​​ ផ្លែ​សន្ទូច​ជាប់​ត្រី​ធំ​ តែ​ក៏​ភ្ញាក់​ផ្អើល​ពេល​បាន​ឃើញ​ត្រី​ដ៏​ចម្លែក​នេះ​។

លោក​បាន​ប្រាប់ The Sun ថា​៖ «​ខ្ញុំ​មិន​ដែល​ឃើញ​សត្វ​អី​ចម្លែក​បែប​នេះ​ឡើយ​។ វា​ស្រដៀង​ដាយណូស័រ​អី​តិច​។ ខ្ញុំ​មិន​ស្គាល់​ថា វា​ជា​សត្វ​អ្វី​ឡើយ​ តែ​មិត្ដភក្ដិ​ខ្ញុំ​បាន​ស្គាល់​»។

មគ្គុទ្ទេសក៍​នេសាទ​នៅ Nordic Sea Angling បាន​អះអាង​ថា សត្វ​រូបរាង​ចម្លែក​នោះ ​គឺ​ជា​ត្រី​កណ្ដុរ ជា​អម្បូរ​ឆ្លាម ​ដែល​មាន​ប្រវត្ដិ​តាំង​ពី ៣០០ លាន​ឆ្នាំ​មុន​។

ឈ្មោះ​ជា​ភាសា​ឡាតាំង​របស់​វា​គឺ Chimaeras Monstrosa Linnaeus ដែល​កម្លាយ​ពី​សត្វ​ចម្លែក​ក្នុង​ព្រេង​កថា​ក្រិក ​ដោយ​មាន​ក្បាល​ជា​តោ និង​កន្ទុយ​ជា​នាគ​។ ត្រី​នេះ​កម្រ​ត្រូវ​បាន​ប្រមាញ់​ដោយ​អ្នក​នេសាទ​ ដោយសារ​ពួក​វា​រស់នៅ​ក្នុង​ទឹក​ជ្រៅ​។ ភ្នែក​ធំ​ៗ​របស់​វា​អាច​ឲ្យ​វា​មើល​ឃើញ​ក្នុង​ទឹក​ជ្រៅ​នៃ​មហា​សមុទ្រ​។

លោក​បាន​អះអាង​ថា ត្រី​នេះ​បាន​ងាប់​ដោយសារ​តែ​វា​ប្រឈម​នឹង​សម្ពាធ​បរិយាកាស​ផ្លាស់ប្ដូរ​ខ្លាំង​ ខណៈ​ពេល​វា​ត្រូវ​បាន​យក​មក​ខាង​លើ​ផ្ទៃ​ទឹក​។ ដោយ​មិន​ចង់​ខាតបង់​ចំពោះ​ការ​ខិតខំ​ លោក​ក៏​យក​វា​​មក​ផ្ទះ និង​បំពង​ភ្លាម​ៗ​៕ HR