ភ្នំពេញ៖ ក្រោយ​ពី​បាន​ស្ម័គ្រ​ចិត្ត​ចំណាយ​ពេល​​ដើម្បី​ថែរក្សា និង​អភិរក្ស​សត្វ​ដំរី​នៅ​កម្ពុជា និង​ប្រពៃណី​​ហ្មដំរី ដែល​មាន​តាំង​ពី​​​បរមបុ​រាណ ខណៈ​បច្ចុប្បន្ន​​នៅ​សេស​សល់​តិច​​ក្នុង​ខេត្ត​ភាគឦសាន​ប្រទេស​កម្ពុជា ក្នុង​នាម​ជា​ទូត​សុឆន្ទៈ​ តាំង​ពី​​មាន​មូលនិធិ​​សមាគម​អភិរក្ស​ដំរី​អៃរាវត្តា (Airavata Elephant Foundation)​ ​បាន​បង្កើត​​​កាល​ពី ៥ ​ឆ្នាំ​មុន ​ដោយ​ផ្ដល់​ឱកាស​​​​ឲ្យ​ភ្ញៀវ​​ទេសចរ​ ទទួល​បាន​នូវ​​​ភាព​ស្និទ្ធស្នាល​​ជា​មួយ​នឹង​​សត្វ​ដំរី​ចិញ្ចឹម​ក្នុង​មជ្ឈដ្ឋាន​នៃ​បរិស្ថាន​​​​ព្រៃ​ធម្មជាតិ​។

យុវតី​កូនកាត់​ខ្មែរ-បារាំង​ ​ដែល​មាន​ម្តាយ​ជាតិ​ខ្មែរ និង​ឪពុក​ជា​ជនជាតិ​បារាំង​​​សញ្ជាតិ​ខ្មែរ​នោះ ម៉ារីយ៉ាន ក្លេ បច្ចុប្បន្ន​​ ទើប​មាន​វ័យ ១៧ ឆ្នាំ ហើយ​បាន​​​ស្ម័គ្រ​ចិត្ត​ធ្វើ​ជា​តំណាង​ទូត​សុឆន្ទៈ​នៃ​​សមាគម​អភិរក្ស​ដំរី​អៃរាវត្តា​​​ ​តាំង​ពី​​​នៅ​មាន​​​វ័យ​​ត្រឹម​តែ ១២ ឆ្នាំ​មក​ម្ល៉េះ​។

នា​ពេល​ថ្មីៗ​នេះ យុវតី ​ម៉ារីយ៉ាន ក្លេ ក៏​​កំពុង​តែ​បង្ហាញ​ពី​អារម្មណ៍​សប្បាយ​ចិត្ត ​ដ្បិត​រូប​ខ្លួន​នឹង​​​ចូលរួម​ជួយ​លើក​​​ស្ទួយ​​ អភិរក្ស​​មរតក​ វប្បធម៌​​ខ្មែរ​​ ​១​ ទៀត ​គឺ​ក្បាច់​គុន​ល្បុក្កតោ​ ​ដោយ​បាន​ខិតខំ​​​ហ្វឹកហាត់​សម ​យ៉ាង​សកម្ម​ជាមួយ​នឹង​​​គ្រូ និង​ក្រុម​សិស្ស​​គុន​ល្បុក្កតោ​ នៅ​ឯ​ខេត្ត​រតនគិរី​។

បើ​តាម​អ្នកស្រី ខៃ ចិន្តា ឬ​ ចិន្តា ក្លេ ​ដែល​​​​ជា​ម្តាយ​ និង​ជា​ប្រធាន​​នៃ​សមាគម​អភិរក្ស​​ដំរី​អៃរាវត្តា​​ បាន​​បង្ហើប​ឲ្យ​ដឹង​ថា​៖ «តាម​ពិត​ទៅ​​ កូន​ស្រី ម៉ារីយ៉ាន មាន​ចំណូល​​ចិត្ត​កីឡា​​ប្លែកៗ​ច្រើន​ដូច​ជា​​កីឡា​​​​ជិះ​ម៉ូតូ​ហោះ ហាត់​​ការ៉ាតេ យូដូ​ និង​គុន​ល្បុក្កតោ​​ខ្មែរ​​ផង​ដែរ​​ ក្រៅ​ពី​ការងារ​សិល្បៈ​ជា​តារា​ម៉ូដែល និង​ជា​ទូតសុឆន្ទៈ​នៃ​អង្គការ​សមាគម​​អភិរក្ស​ដំរី​អៃរាវត្តា​នោះ»។​

អ្នកស្រី​ ចិន្តា ក្លេ បាន​បន្ត​ថា៖ «ចំពោះ​ការ​ហាត់​ក្បាច់​គុន​ល្បុក្កតោ​ខ្មែរ​របស់​គាត់​នា​ពេល​នេះ ​គឺ​ដើម្បី​​សមយុទ្ធ​ទុក​​​ត្រៀម​សម្រាប់​សម្តែង​ក្នុង​កម្មវិធី​នានា​នៅ​ថ្ងៃ​ខាង​​មុខ ​ស្រប​​ជាមួយ​នឹង​ការងារ​​ជា​​​ទូត​សុឆន្ទៈ​នៃ​សមាគម​​អភិរក្ស​ដំរី​អៃ​រាវត្តា​នៅ​​ខេត្ត​រតនគិរី​។

ម្យ៉ាង​វិញ​ទៀត ការ​ស្ម័គ្រ​ចិត្ត​ចូល​រួម​ជាមួយ​នឹង​កីឡា​គុន​ល្បុក្កតោ​នេះ ក៏​ចង់​បង្ហាញ​ពី​សមត្ថភាព​​របស់​​ស្រ្តី​ខ្មែរ ​នាសម័យ​បច្ចុប្បន្ន​ ផង​ដែរ​ថា​យុវតី ឬ​ស្រ្តី​ខ្មែរ​ ក៏​មាន​ភាព​រឹងមាំ​ និង​អាច​ចូលរួម​សកម្មភាព​​ជួយ​​សង្គម​នានា​បាន​ដូច​ជា​ការងារ​​​បុរស​​អ៊ីចឹង​​ដែរ​។​ ហើយ ​ម៉ារីយ៉ាន​​ ក៏​ចង់​យក​ទម្រង់​ក្បាច់​គុន​ខ្មែរ​​​ល្បុក្កតោ​ ជាមរតក​ដូន​តា​ខ្មែរ​យើង​បង្ហាញ​នៅ​លើ​ឆាក​អន្តរជាតិ​បាន​ស្គាល់​ពី​វប្បធម៌​ដ៏​យូរលង់​របស់​ខ្មែរ​ទៀត​ផង​ដែរ៕​