ភ្នំពេញៈ តារាសម្ដែង និងចម្រៀងពោះម៉ាយរួមរឹតដោយពាក្យចចាមអារ៉ាមរឿងអាស្រូវស្នេហ៍ភេទដូចគ្នាប្រាសចាកក្រិត្យក្រមធម្មជាតិ លោក យ៉ែម សំអូន មុននេះបន្តិចបានផ្ញើពំនោលតាមបណ្ដាញសង្គមអ៊ីនស្តាក្រាម រាយរាប់ពីក្ដីបារម្ភជាឪពុក ចំពោះកូនស្រីរស់នៅនៅឯនាយសមុទ្រជាមួយអតីតភរិយាជាតារាចម្រៀងរូបស្រស់ អ្នកនាង យ៉ាន លីនដា។

ភ្ជាប់នឹងរូបថតអនុស្សាវរីយ៍ជាមួយកូនស្រីវ័យជំទង់ លោក យ៉ែម សំអូន បានបរិយាយសារយ៉ាងដូច្នេះថា៖ «នឹក...រហូតក្លាយជាទម្លាប់ ដែលមិនអាចកែបាន។ ខ្ញុំគួរតែទទួលដឹងនូវសុខទុក្ខ និងការឈឺថ្កាត់ខ្លះ មិនមែនស្ងាត់ឈឹង ហើយទំនាក់ទំនងអ្វីមិនមានចឹងទេ...»។

ក្រៅពីត្អូញត្អែបាត់ដំណឹងសុខទុក្ខកូនស្រី តារាប្រុសពោះម៉ាយរូបនេះក៏បានរៀបរាប់បន្តទៀតថា៖ «តេទៅមិនលើក ឆាតឮឃើញមិនឆ្លើយ ហើយកំហុសគ្រប់យ៉ាងត្រូវធ្លាក់មកលើខ្ញុំតែម្នាក់ ឬមួយខ្ញុំត្រូវតែទទួលរងគ្រប់យ៉ាង។ ខ្ញុំមិនមែនជាទេវតា ដែលដឹងរឿងគ្រប់យ៉ាងនោះទេ ដឹងត្រឹមតែម៉្យាង ខ្ញុំបានធ្វើអ្វីល្អបំផុតហើយ តែបើលើសពីហ្នឹងមិនអាចឡើយ»។

លោកបានបញ្ជាក់ជំហរទៀតថា៖ «ខ្ញុំនៅតែរក្សាតម្លៃដើមរបស់ខ្ញុំ ទោះបីស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ។ តម្លៃពិតលាក់មុខ (ស្ងៀមជាជាងស្រដី)។ ពេលវេលា ទោះបីដើលឿនបន្តិច ប៉ុន្តែវាអាចចងក្រងគ្រប់យ៉ាងនូវរាល់ទង្វើ រូបភាព និង អនុស្សាវរីយ៍រាប់រយពាន់ម៉ឺន ដែលយើងភ្លេចខ្លួន និងមើលរំលងវា។ ខ្ញុំជាមនុស្សគោរពពេលវេលា និងស្រលាញ់អនុស្សាវរីយ៍ ចុះអ្នកវិញ???»។

គួររំឭកផងដែរថា កាលពីពាក់កណ្ដាលឆ្នាំ ២០១៥ ដំណឹងចែកផ្លូវរវាងលោក យ៉ែម សំអូន និងអ្នកនាង យ៉ាន លីដា បានធ្វើឲ្យកក្រើកពិភពសិល្បៈ ក្រោយពីតារាស្រីជាភរិយាបានវិចបង្វិចឡើងយន្តហោះទៅកាន់ដែនកោះអូស្ត្រាលី ដោយទាំងស្នាមរបួសលើប្រាណ បន្សល់នូវពាក្យចចាមអារ៉ាមស្វាមីប្រើហិង្សាព្រោះតែស្នេហ៍ភេទដូចគ្នា។ យ៉ាងណាមិញ ក្រោយចំណងស្វាមី ភរិយាត្រូវបានកាត់ផ្ដាច់ពីអ្នកនាង យ៉ាន លីនដា តារាចម្រៀងពោះម៉ាយលោក យ៉ែម សំអូន កន្លងមកបានបង្ហាញរូបភាពស្ដែងអំពីកាតព្វកិច្ចជាឪពុកដ៏ល្អ នាំកាដូជាទឹកប្រាក់ និងគ្រឿងអលង្ការហោះហើរទៅដែនកោះអូស្ត្រាលី ដើម្បីប្រារព្ធធ្វើបុណ្យកំណើតគម្រប់អាយុ ១៦ ឆ្នាំដល់កូនស្រីសំណព្វ យ៉ែម វិរូនីខា (សំអូន វិថាណា)៕