ភ្នំពេញ៖ ទី​ផុត​រក​ឃើញ​ម្ចាស់​ជយលាភី​នៃ​ការ​ប្រកួត​ពាន​​​​រង្វាន់​អក្សរ​សិល្ប៍​​ពុទ្ធសាសន​បណ្ឌិត្យ​​លើក​ទី​៣​ ​ក្រោម​​​ប្រធានបទ​​​ ​«ទោស​​នៃ​សុរា» ប្រចាំ​ឆ្នាំ ​២០២០ ​នេះ​ហើយ ដោយ​ជយ​លាភី​លេខ ​១ ផ្នែក​​ខាង​រឿង​ខ្លី​ បាន​ទៅ​លើ​អ្នក​និពន្ធ​វ័យ​ក្មេង​​យុវជន​ ស៊ុយ​ លីនប៉ាវ ជាមួយ​នឹង​រឿង​មាន​​ចំណង​ជើង​ថា «ម៉ែ! ​ខ្ញុំ​ចង់​រស់»​​ ខណៈ​ផ្នែក​កំណាព្យ​ខ្លី​វិញ បាន​ទៅ​លើ​​កវី​ឈ្មោះ​ វណ្ណ សារ៉េត ជាមួយ​​សំណេរ​​កំណាព្យ​មាន​​ចំណង​ជើង​ថា «សុរា»។ ​

លទ្ធផល​ពានរង្វាន់ពុទ្ធសាសនបណ្ឌិត្យលើកទី៣ ឆ្នាំ ២០២០។ សហការី

បើ​តាម​​លោក​ ​ស សុខនី ជា​ប្រធាន​​​​វិទ្យាស្ថាន​ពុទ្ធសាសន​បណ្ឌិត្យ​​ឱ្យ​​​ដឹង​ថា​៖ ​«​វិទ្យាស្ថាន​​ពុទ្ធសាសន​បណ្ឌិត្យ​​បាន​រៀបចំ​ការ​​ប្រកួត​​ប្រជែង​តែង​និពន្ធ​អក្សរ​​​សិល្ប៍​​លើ​ផ្នែក​រឿង​​ខ្លី និង​​​​កំណាព្យ​​​​​នេះ ​ក្នុង​​​គោល​​​បំណង​​​លើក​​តម្កើង​ស្នាដៃ​​​​អក្សរ​សាស្ត្រ​ខ្មែរ​​ឡើង​វិញ។ ​​ជយលាភី​​រឿង​ខ្លី​នឹង​​ផ្តល់​​ចំណាត់​ថ្នាក់​​​លេខ ១ ដល់​លេខ ​៣​ ហើយ​ក៏​មាន​​​​រង្វាន់​កិត្តិយស​ម្នាក់​​​ផង​ដែរ ​នៅ​​​ឆ្នាំ​នេះ ខណៈ​​​​​ផ្នែក​​កំណាព្យ​វិញ​​​ក៏​​​​ផ្តល់​ចំណាត់​ថ្នាក់​លេខ ​១ ទៅ​​ដល់​លេខ ៣​ ផង​ដែរ។ លេខ ​១​ ផ្នែក​រឿង​ខ្លី​ ស្នាដៃ​​អ្នក​និពន្ធ​​ ស៊ុយ លីនប៉ាវ រឿង​«ម៉ែ​! ​ខ្ញុំ​ចង់​រស់»​​​ លេខ ២ ស្នាដៃ​​អ្នក​និពន្ធ​ អៀ ហុកនីម ​រឿង​ «​ភត្តាភិហារ​ស្រ្តី»​ លេខ ​៣ ​ស្នាដៃ​អ្នក​និពន្ធ​ ឆាន់ វត្ថា រឿង «​វិប្បដិសារី​ឪពុក​ខ្ញុំ​» ​លេខ ៤ ជា​រង្វាន់​កិត្តិយស​ ស្នាដៃ​​អ្នក​និពន្ធ វ៉ា មឿន ឈ្មោះ​រឿង «​ប្តូរ​ធាតុ»។ ផ្នែក​​កំណាព្យ​​ខ្លី​វិញ​លេខ ១ ជា​ស្នាដៃ​​កវី វណ្ណ សារ៉េត ​សំណេរ​ឈ្មោះ «សុរា» លេខ ២ ស្នាដៃ​​កវី​ ជក់ សុភា ជា​សំណេរ​ឈ្មោះ «​ព្រះ​ឥន្ទ្រ​បាត់​កែវ» និង​លេខ​ ​៣ ស្នាដៃ​កវី ខឹក ហ៊ន ជាមួយ​​សំណេរ​ឈ្មោះ «អពមង្គល​»។​

ការ​ប្រកួត​​ពាន​រង្វាន់​​អក្សរ​សិល្ប៍​​ពុទ្ធសាសន​បណ្ឌិត្យ​​លើក​​​ទី៣ ​ឆ្នាំ ​២០២០ ​​ក្រោម​​ប្រធានបទ​​​ឈ្មោះ​​ថា ​«​ទោស​នៃ​​សុរា»​ នេះ ក៏​​មាន​​លក្ខខណ្ឌ​​​សម្រាប់​​បេក្ខជន​ម្នាក់​អាច​ដាក់​ស្នាដៃ​បាន​តែ ​១ ​គត់​ និង​​មិន​​មែន​​ជា​ស្នាដៃ​ ដែល​ធ្លាប់​ទទួល​បាន​​​ចំណាត់​ថ្នាក់​នៅ​ពាន​រង្វាន់​ណា​​មួយ​​​ពី​មុន​ទេ​។ ស្នាដៃ​រឿង​ខ្លី​ត្រូវ​វាយ​​ជា​​​​អត្ថបទ​ដោយ​ប្រើ​យូនីកូដ​ខ្មែរ​ក្នុង​កុំព្យូទ័រ​ ទំហំ​អក្សរ​ ១២ ពុម្ព Khmer OS Siemreap ខ្នាត​ក្រដាស​ A4 ដែល​​​​​​មាន​ចំនួន​ចាប់​​​​​ពី​​ ១០​ ទៅ ​១៥ ​ទំព័រ។​ ចំណែក​​ឯ​កំណាព្យ​ពី ​៥ ទៅ ​១០ ទំព័រ ​(មាន​គំរូ​ជូន) ព្រម​​​ទាំង​ត្រូវ​គោរព​​​​​អក្ខរាវិរុទ្ធ​​​តាម​វចនានុក្រម​​​​ខ្មែរ បោះ​​ពុម្ព​​ផ្សាយ​ដោយ​ពុទ្ធ​សាសន​បណ្ឌិត្យ​​គ្រា​ទី​ ​៥ ជា​ចាំ​បាច់ (ផ្តល់​ពិន្ទុ​​ពិសេស)​។

ចំពោះ​​​​ពាន​​រង្វាន់​អក្សរ​សិល្ប៍​ពុទ្ធ​សាសនបណ្ឌិត្យ​លើក​ទី១​ ឆ្នាំ ​២០១៨​ ក្រោម​​ប្រធានបទ​ថា ​​«សុខ​ដុម​នីយកម្ម​​ក្នុង​សង្គម​​តាមរយៈ​សាសនា»​ ខណៈ​​​អ្នក​​​ឈ្នះ​​​​​ការ​ប្រកួត​​​​ លេខ ១ ​ទទួល​បាន​ទឹក​ប្រាក់​ចំនួន​ ៥ លាន​​​​រៀល​ លេខ ​២ ទទួល​បាន​ទឹក​​ប្រាក់​ចំនួន ៣ ​លាន​រៀល ​និង​​លេខ ​៣​ ទទួល​បាន​ទឹក​​​ប្រាក់​ចំនួន​ ២ លាន​រៀល៕​