ក្រុង​វ៉ាស៊ីនតោន: ក្រុម​អ្នក​វិទ្យាសាស្ដ្រ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ​ថា ឆ្អឹង​ផូស៊ីល​សត្វ​ភេនឃ្វីន​ធំ ​១ ក្បាល​ ដែល​ស្ទើរ​ប៉ុន​មនុស្ស​ធំ​ម្នាក់ ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ដែន​កោះ​ខាង​ត្បូង​នៃ​ប្រទេស ​នូវែលសេឡង់​។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា ភេនឃ្វីន​យក្ស​ មាន​កម្ពស់ ១,៦ ម៉ែត្រ​ និង​ទម្ងន់ ៨០ គីឡូក្រាម​ ធ្ងន់​ជាង​ភេនឃ្វីន​ Emperor សម័យ​ថ្មី ៤ ដង​ និង​ខ្ពស់​ជាង ៤ តឹក​។

នាម «​ក្រូសវ៉ាលីយ៉ាវ៉ៃផារេន​ស៊ីស» វា​បង្ហាញ​ខ្លួន​នៅ​តំបន់​ឆ្នេរ​នៃ​សម័យ​ផាឡេអូសេន​ កាល​ពី​ចន្លោះ​ ៦៦-៦៥ លាន​ឆ្នាំ​មុន​។

អ្នក​ប្រមាញ់​សំណល់​​ផូស៊ីល​ម្នាក់​បាន​​ប្រទះ​ឃើញ​ឆ្អឹង​ជើង​បក្សី​ភេនឃ្វីន​កាល​ពី​ឆ្នាំ​មុន ហើយ​វា​ត្រូវ​បាន​បញ្ជាក់​ថា ជា​អម្បូរ​ថ្មី​មួយ​ក្នុង​ការ​ស្រាវជ្រាវ​ចុះ​ផ្សាយ​​ក្នុង​ព្រឹត្ដិបត្រ «Alcheringa: An Australasian Journal of Palaeontology»។ ​

វាន់ណេសាដេ​ពែទ្រី ​អ្នក​ស្រាវជ្រាវ​មក​ពី​សារមន្ទីរ Canterbury Museum បាន​និយាយ​ថា វា​ជា​ភេនឃ្វីន​យក្ស​ទី២ ​បន្សល់​មក​តាំង​ពី​សម័យ​ផាឡេអូសេន ដែល​ប្រទះ​ឃើញ​ក្នុង​តំបន់​នៅ​នូវែលសេឡង់​នេះ​។

អ្នកស្រី​និយាយ​ថា​៖ «​វា​កាន់​តែ​បន្ថែម​ទម្ងន់​ភ័ស្ដុតាង​លើ​ទ្រឹស្ដី​យើង​ថា ភេនឃ្វីន​មាន​មាឌ​ធំៗ​តាំង​ពី​សម័យ​​បុរាណ​កាល​»។

ក្រុម​អ្នក​វិទ្យាសាស្ដ្រ​ធ្លាប់​មាន​មន្ទិល​ថា ភេនឃ្វីន​យក្ស​បាន​ងាប់​ដាច់​ពូជ​ដោយសារ​តែ​វត្ដមាន​សត្រូវ​សមុទ្រ​ធំៗ​​ដទៃ​ទៀត ដូចជា​ឆ្មា​ទឹក និង​បាលែន​ធ្មេញ​ស្រួច​ជាដើម​។

នូវែលសេឡង់ ល្បី​សម្បូរ​បក្សី​ទឹក​យក្ស​ប្រភេទ​នេះ​រួម​ទាំង​បក្សី​ដើរ​ដី ​ម៉ាវ ​មាន​កម្ពស់ ៣,៦ ម៉ែត្រ​ និង​ឥន្ទ្រី Haast ​មាន​ប្រវែង​ស្លាប​ ៣ ម៉ែត្រ​ផង​ដែរ​។

សារមន្ទីរ​ក៏​ទើប​តែ​បាន​ប្រកាស​រក​ឃើញ​សេក​យក្ស ​១ ក្បាល ​ដែល​​​កម្ពស់ ១ ម៉ែត្រ និង​រស់​នៅ​កាល​ពី ១៩ លាន​ឆ្នាំ​មុន​៕ AFP/HR