ក្រុងញូវដេលី: ពេល ហ្គាចាន់ណាន ឌូក្រេ ចត​រថយន្ដ​ដឹក​ទឹក​ក្នុង​ភូមិ​ដ៏ហួតហែង​មួយ​របស់​ឥណ្ឌា អ្នកភូមិ​ជាច្រើន​ដែល​ភាគ​ច្រើន​ជាង​នារី​ស្លៀក​សារុង​រត់​ប្រសាច​មកពី​គ្រប់​ផ្ទះ​ដោយ​ដៃ​កាន់​កំប៉ុង ធុងជ័រ ធុង​ប្រេងឆា និង​ក្អម​ដេរ៉ា សំពីងសំពោង​។

រយៈពេល​ជាង ២ ​ម៉ោង​លោក ឌូក្រេ បាន​ចែកចាយ​ទឹក​ប្រមាណ ១២០០០ ​លីត្រ​ពី​រថយន្ដ​ដែល​ជា​ក្ដីសង្ឃឹម​សម្រាប់​សហគមន៍​តូច​នេះ​បន្ដ​ភាពស្រស់​បំព្រង ខណៈ​ឥណ្ឌា​កំពុង​រងគ្រោះ​រាំងស្ងួត​ដ៏អាក្រក់​បំផុត​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ​។

លោក ឌូក្រេ អាយុ ៤១ ​ឆ្នាំ​ដែល​ធ្វើការ​ដឹក​ទឹក ៤ ​ជើង​ក្នុង​ ១ ​ថ្ងៃ​តាម​ភូមិ Shahapur ភាគ​ខាងលិច​រដ្ឋ​ម៉ាហារ៉ាស្ដ្រា​បាន​និយាយ​ថា​៖ «​យើង​កំពុង​ធ្វើការ​ក្រៅ​ម៉ោង​»​។

លោក​ ឌូក្រេ​ ជា​អ្នកបើកបរ​រថយន្ដ​ម្នាក់​ក្នុង​ចំណោម ៣៧ ​នាក់​ដែល​ប្រតិបត្ដិការ​ដឹក​ទឹក​រដ្ឋ​ទៅ​តាម​តំបន់​នានា​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ១០០ ​គីឡូម៉ែត្រ​ពី​ទីក្រុង​សេដ្ឋកិច្ច មុមបៃ ប្រទេស​ឥណ្ឌា​។

ស្ត្រី​ឥណ្ឌា​ទូល​ក្អម​លោហៈ​ត្រួតគ្នា ដើម្បី​ជញ្ជូន​ទឹក​ទៅ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​។ រូបថត AFP

រថយន្ដ​ដឹក​ទឹក​រត់​ពេញ ៧ ​ថ្ងៃ​ក្នុង​ ១ ​សប្ដាហ៍​ចន្លោះ​ខែ​មីនា​ដល់​ខែ​មិថុនា ពេល​ទឹក​ខ្សត់​បំផុត​នៅ​ប្រទេស​ឥណ្ឌា​។ រដូវ​មហាសែន​ក្ដៅ​ក្នុង​ប្រទេស​យក្ស​អាស៊ី​មួយ​នេះ​បាន​កើនឡើង​កម្ដៅ​ខ្លាំង​ក្នុង​ឆ្នាំ​នេះ​ដោយ​សីតុណ្ហភាព​បាន​ហក់​ដល់​លើស ៥០ អង្សាសេ​ក្នុង​រដ្ឋ​រ៉ាចាស្ដាន​។

បើ​យោង​តាម​នាយកដ្ឋាន​ឧតុនិយម​ឥណ្ឌា (IMD) បាន​ឲ្យ​ដឹង​ថា ជិត​មួយ​ចំហៀង​ប្រទេស​ដែល​មាន​ប្រជាជន​ជាង ៥០០ លាន​នាក់​កំពុង​ប្រឈម​នឹង​ស្ថានភាព​ខ្វះ​ទឹក​ដោយសារ​តែ​គ្រោះ​រាំងស្ងួត​។

រៀងរាល់​រាត្រី​លោក និង​ក្រុមការងារ​ត្រូវ​គេង​ក្នុង​រថយន្ដ​ដែល​កំពុង​រង់ចាំ​បូមទឹក​នៅ​តាម​បណ្ដោយ​ទន្លេ​។ ពួកគេ​ក្រោក​ពី​ម៉ោង ៣ ​ទៀបភ្លឺ និង​បូមទឹក​ដាក់​រថយន្ដ​ពី​ខ្នង​ទំនប់​ទន្លេ​។ ពួកគេ​បាន​ដាក់​ក្លូរីន និង​ដឹកជញ្ជូន​ទៅ​តាម​ភូមិឋាន​។

ពួកគេ​វិលវិញ​រួច​បន្ដ​សកម្មភាព​ដដែលៗ​នេះ​ទៀត​។ ជារឿយៗ​លោក ឌូក្រេ មិន​អាច​បញ្ចប់​កិច្ចការ​នៅ​មុន​ម៉ោង ៧ ​កន្លះ​យប់​ឡើយ​។ លោក​បាន​និយាយ​ថា​៖ «​វា​ជា​កិច្ចការ​ដ៏លំបាក​តែ​បេះដូង​ខ្ញុំ​មាន​ការពេញចិត្ដ​យ៉ាង​ខ្លាំង ពីព្រោះ​ខ្ញុំ​កំពុង​តែ​ជួយ​មនុស្ស​»៕ HR