ភ្នំពេញៈ ទម្រង់​សិល្បៈ​របាំ​សហ​សម័យ​ដែល​ទើបតែ​បាន​បង្កើត​ថ្មី​ឈ្មោះ «ក្តី​ស្រមៃ» នឹង​មាន​ការ​សម្តែង​ចែក​ជូន​ទស្សនិក​ជន​គ្រប់​ស្រទាប់​វ័យ​ចំនួន ២ លើក​នៅ​ថ្ងៃ​ខុស​គ្នា និង​ទីកន្លែង​ខុសគ្នា​នៃ​ក្រុម​សិល្បករ-សិល្បការិនី​មួយ​ក្រុម ដោយ​មាន​នាដកា កញ្ញា ចំរើន សុភា គឺជា​បង​ស្រី​បង្កើត​របស់​តារា​ចម្រៀង​ស្រី​សម័យ​នៅ​ទ្រនំ​ផលិតកម្ម We Production កញ្ញា ចំរើន សុភ័ក្រ។

ខណៈ​នេះ​គឺជា​ការសម្តែង​របាំ​មួយ​នៅក្នុង​កម្មវិធី​សម្តែង​ទម្រង់​សិល្បៈ​ខ្មែរ​បែប​ចម្រុះ​មាន​ឈ្មោះ​ថា «រដូវ​កាល​វប្បធម៌» ដែល​រៀបចំ​ដោយ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ មាន​រយៈពេល​យូរ​គឺ ៣ ខែ​នោះ គឺ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី ១៩ ខែ​កក្កដា ដល់​ថ្ងៃ​ទី ២៣ ខែ​កញ្ញា ឆ្នាំ ២០១៨ ខាង​មុខ​នេះ ក្រោម​ប្រធាន​បទ​ថា «ការ​ស្វែងរក​អត្តសញ្ញាណ»។

លោក ឥន្ទ ស​ម៉ា​ណាក់ អ្នកចាត់ចែង​រដ្ឋបាល​រៀបចំ​កម្មវិធី «រដូវ​កាល​វប្បធម៌» នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ប្រាប់​ពី​គោល​ដៅ និង​គោល​បំណង​នៃ​ការ​សម្តែង​របាំ​សហសម័យ​បង្កើត​ថ្មី​ឈ្មោះ «ក្តី​ស្រមៃ» នេះ​ថា៖ «ការ​សម្តែង​ចំនួន ២ ដង នៅ ២ កន្លែង​ខុស​គ្នា និង​ថ្ងៃ​សម្តែង​វិញ​ក៏​ខុស​គ្នា​ដែរ សម្រាប់​របាំ​សហ​សម័យ​ថ្មី ដែល​ដឹកនាំ​ដោយ​ប្រធាន​ក្រុម​បង​ស្រី ចំរើន សុភា។ ថ្ងៃ​សុក្រ ទី ២០ ខែ​កក្កដា នេះ នឹង​សម្តែង នៅ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ដើម្បី​ចែក​ជូន​ដល់​សិស្សា​នុសិស្ស និង​និស្សិត​ទស្សនា​ដោយ​ឥត​គិត​ថ្លៃ។ ចំណែក​ថ្ងៃទី ២២ ខែ​កក្កដា ឆ្នាំ ២០១៨ វិញ នឹង​សម្តែង​នៅ​សាល​មហោ​ស្រព​សិល្បៈ​នៃ​សារមន្ទីរ​ជាតិ ដោយ​មាន​ការ​លក់​សំបុត្រ​ទៅ​ដល់​អ្នក​ចូល​ទស្សនា សំបុត្រ ១ តម្លៃ ៥ ដុល្លារ ឬ ២ ម៉ឺន​រៀល សម្រាប់​ការ​ទស្សនា​ទម្រង់​សិល្បៈ​របាំ​សហ​សម័យ​ទើប​បង្កើត​ថ្មី​មួយ​នេះ។ គោល​បំណង​នៃ​របាំ​សហ​សម័យ​ឈ្មោះ​ក្តី​ស្រមៃ​នេះ នឹង​ធ្វើ​ឲ្យ​ទស្សនិក​ជន​បាន​ស្វែង​យល់​ដោយ​ខ្លួន​ឯង​តែ​ម្តង ខណៈ​ពេល​បាន​ទស្សនា តាមរយៈ​ការ​រៀប​រាប់​ពី​ក្តី​ស្រមៃ​របស់​សិល្បករ​ការិនី នាពេល​អនាគត​នៅ​ក្នុង​ការ​សម្តែង​របាំ​របស់​ពួកគេ​ដែល​មាន​រយៈពេល​ប្រមាណ ៤០ នាទី ទៅ ៥០ នាទី​នោះ»។

លោក ឥន្ទ ស​ម៉ា​ណាក់ ក៏​បញ្ជាក់​ពី​មូលហេតុ​នៃ​ការមិនទិញ​សំបុត្រ និង​ទិញ​សំបុត្រ​ទស្សនា​ដែរ​ថា៖ «សម្រាប់​ការ​សម្តែង​មិន​ទិញ​សំបុត្រ​នោះ គឺ​ការ​សម្តែង​នៅ​ឯ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ដើម្បី​ចែក​ជូន​ប្អូន​សិស្ស ឬ​និស្សិត​ទស្សនា​ស្វែង​យល់​ពី​ទម្រង់​របាំ​ថ្មី​នេះ ខណៈ​យើង​គិត​ថា ពួក​គាត់​មិន​អាច​មាន​លទ្ធភាព​ចំណាយ​ប្រាក់​ចូល​ទស្សនា​បាន។ ចំណែក​ការ​ទិញ​សំបុត្រ​វិញ​គឺ​សម្តែង​តែ​នៅ​សាលមហោ​ស្រព​សិល្បៈ​នៃ​សារមន្ទីរ​ជាតិ​គឺជា​ការ​សម្តែង​សម្រាប់​មហាជន​ទូទៅ​ដែល​ពួកគាត់​ស្រឡាញ់​ចូល​ចិត្ត​របាំ និង​មាន​លទ្ធភាព​ចំណាយ​ប្រាក់​ទិញ​សំបុត្រ​នេះ​បាន»៕