ក្រុងអាស្ដាណា៖ កាហ្សាក់ស្ថាន បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​សុក្រ​ថា សត្វ​រមាំងសៃហ្គា​ដ៏​កម្រ​បំផុត​ប្រមាណ ៣៥០ ​ក្បាល​ ត្រូវបាន​សម្លាប់​ដែល​ទំនង​ជា​រន្ទះ​បាញ់ ក្រោយ​ពី​អ្នក​ភូមិ​បាន​ប្រទះ​ឃើញ​សព​សត្វ​ទាំង​នោះ​នៅ​លើទីវាល​ធំ​មួយ នៅភាគ​ខាង​លិច​ប្រទេស។

កា​រ​រក​ឃើញ​នេះកើតឡើង​អំឡុង​ពេល​រដូវ​បង្ក​កំណើត​ចំពោះ​រមាំងសៃហ្គា ដែល​ត្រូវបាន​ស្គាល់​ជា​សត្វ​ច្រមុះ​ប៉ិត។

ក្រសួង​ជីវចម្រុះ​កាហ្សាក់​ បាន​ឱ្យ​ដឹង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ថា រន្ទះ​បាញ់​ទំនង​ជា​ដើម​ចម​នៃ​បញ្ហា​ដែល​បង្ក​ឱ្យ​សត្វ​ទាំង​នោះ​ស្លាប់​ ដោយសារ​តែមាន​បន្សល់​ស្លាក​ស្នាម​សម្គាល់​នៅ​លើ​ខ្មោច​សត្វ។

សហភាព​អន្ដរជាតិ​ដើម្បី​កិច្ចការ​អភិរក្ស​ធម្មជាតិ (IUCN) ដែល​បាន​ដាក់​សត្វ​ទាំង​នោះ​ក្នុង​ «​បញ្ជី​ក្រហម​» ជា​ប្រភេទ​សត្វ​រង​នូវ​ការ​គំរាម​កំហែង​បំផុត​ ក្នុង​ចំណោម​សត្វ​រមាំង​ជិត​ផុត​ពូជ​ដទៃ​ទៀត​ ដោយ​ចំនួន​របស់​វា​នៅ​សេស​សល់​ប្រមាណ​ ១២៤​ ០០០​ ក្បាល។

ហេតុការណ៍​នេះ​បាន​កើតឡើង​ចំ​រដូវបង្កកំណើតចំពោះរមាំងសៃហ្គា ដែលត្រូវបានស្គាល់ជាសត្វច្រមុះប៉ិត។វ។​​ AFP

កាហ្សាក់ស្ថាន ជា​ជម្រក​សត្វ​ប្រភេទ​នេះ​ដ៏​ធំ​បំផុត ដោយ​តំបន់​កាល់មីគា នៃ​ប្រទេស​រុស្ស៊ី និង​ម៉ុងហ្គោលី ដែល​មាន​ចំនួនសត្វ​ទាំង​នេះ​តិច​តួច។

ក្នុង​ឆ្នាំ​ ២០១៥ រមាំងប្រមាណ ២០ ​ម៉ឺន​ក្បាល​ ដែល​ជា​ចំនួន​ជាង​ពាក់​កណ្ដាល​ចំណោម​ចំនួន​រមាំង​សរុប​លើ​លោក បាន​ស្លាប់​នូវ​អ្វីដែល​ក្រុម​អ្នក​វិទ្យាសាស្ដ្រ​ក្រោយមក​បាន​កំណត់​ឃើញ​ថា វាជា​បាក់តេរី​ឆ្លង​តាម​ច្រមុះ​ ដែល​បាន​រីក​រាល​ដាល​ខ្លាំង​ក្នុង​បរិយាកាស​ក្ដៅ​ និង​សើម។

ការ​ធ្វើ​ជំរឿន​ពី​លើ​​អាកាស​ក្នុង​ឆ្នាំ​ ២០១៩ កាហ្សាក់ស្ថាន បាន​បង្ហាញ​ថា ចំនួន​រមាំង​សៃហ្គា ត្រូវបាន​ប៉ាន់​ប្រមាណ​ថា មាន​ចំនួន​ជាង ៣៣ ​ម៉ឺន​ក្បាល។

ការ​ប្រមាញ់ ​គឺជា​ការ​គំរាម​កំហែង​ខ្លាំង ដោយ​សារ​មាន​តម្រូវការ​ស្នែង​សម្រាប់​ច្នៃ​ធ្វើ​ជា​ឱសថ​បុរាណ​ចិន។ ថ្នាក់​ដឹក​នាំ​កាហ្សាក់ស្ថាន បាន​សន្យា​បង្ក្រាប​លើ​ឧក្រិដ្ឋ​កម្ម​នេះ ក្រោយ​ពី​ឆ្មាំងរដ្ឋ​ពីរ​នាក់​ត្រូវបាន​សម្លាប់​ដោយ​ក្រុម​ប្រមាញ់​ក្នុង​ឆ្ នាំ​២០១៩​៕ AFP/HR

ចំនួនរម៉ាំងសៃហ្គា ត្រូវបានប៉ាន់ប្រមាណថា មានចំនួនជាង ៣៣ម៉ឺនក្បាល។ AFP