ក្រុងស៊ាងហៃ: ខណៈក្រុងស៊ាងហៃ កំពុងរងនូវរលកកម្ដៅនារដូវក្តៅនេះ វាពិតជាចម្លែកណាស់ដែលឃើញមនុស្សម្នានាំគ្នាមកដេកលង់លក់តាមដងវិថីមុខផ្សារទំនើបដ៏ល្បីឈ្មោះយ៉ាងរដូករណែល។
ជាទូទៅ វិថីណានជីងខាងកើតដ៏អ៊ូអរ ប្រែក្លាយជាកន្លែងបំបាត់ភាពស្អុះស្អាប់សម្រាប់ពលរដ្ឋរស់នៅក្បែរខាង ដោយការដេកលើបង់ ឬចិញ្ចើមផ្លូវ។
ក្រុងមានប្រជាជនជាង ២៤ លាននាក់នេះបានរងនូវរលកកម្តៅខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ ដោយសីតុណ្ហភាពថ្ងៃព្រហស្បតិ៍ បានឡើងដល់ ៣៥ អង្សាសេ រយៈពេល ១៦ ថ្ងៃនៃរដូវក្តៅនេះ។
ផ្ទះភាគច្រើនក្នុងប្លុកអគារចាស់ទាបៗខ្វះម៉ាស៊ីនត្រជាក់ប្រើប្រាស់ ខណៈប្រជាពលរដ្ឋមានម៉ាស៊ីនត្រជាក់ក៏ព្យាយាមសន្សំសំចៃការប្រើប្រាស់អគ្គិសនីដ៏កើនឡើងខ្លាំងក្នុងរដូវនេះ។
ម៉ោង ៤ ទៀបភ្លឺ ថ្ងៃព្រហស្បតិ៍ មនុស្សម្នាជិត ១០០ នាក់រួមទាំងស្ត្រី និងកុមារ តែភាគច្រើនជាបុរសដេកអត់ពាក់អាវត្រូវបានប្រទះឃើញដេកលើចិញ្ចើមផ្លូវដែលសម្បូរអ្នកដើរទៅកាន់ផ្សារទំនើប និងភ្ញៀវទេសចរ នាពេលថ្ងៃ។
ដោយខ្លះទ្រាប់ក្រដាសកាសែត ភួយ ខ្លះដេកផ្ទាល់ឥដ្ឋ ពួកគេមកស្រូបយកខ្យល់ជំនោរទន្លេហួងពូ ដែលបក់រំភើយមកមជ្ឈមណ្ឌលក្រុង និងពាណិជ្ជកម្ម Bund នេះ។
អ្នកខ្លះទៅដេកក្នុងតង់ក្បែរសួនមជ្ឈមណ្ឌល People''s Square ហើយអ្នកខ្លះដេកនៅខាងក្រៅហាងលក់សម្លៀកបំពាក់ជាមួយម៉ាណឺកាំង។
បុរសៗខ្លះដេកលើចិញ្ចើមផ្លូវ អត់ពាក់អាវនិងស្បែកជើងជាមួយទឹកដបធំៗ និងនំប៉ាវសម្រាប់ត្រៀមអាហារពេលព្រឹក។
អ្នករស់នៅក្នុងក្រុងស៊ាងហៃឧស្សាហ៍នាំគ្នាជ្រកក្នុងម៉ាស៊ីនត្រជាក់នៅតាមស្ថានីយរថភ្លើង ផ្សារទំនើប បណ្ណាល័យ និងហាងលក់ទំនិញ។
ហាងលក់រាយ IKEA របស់ស៊ុយអែតទីតាំងដ៏មានប្រជាប្រិយភាពមួយសម្រាប់អ្នកចង់គេចចេញពីកម្ដៅដោយពួកគេទៅកាន់ទីនោះដើម្បីសម្រាកលើសាឡុង និងគ្រែក្នុងបន្ទប់ម៉ាស៊ីនត្រជាក់។
យោងទៅតាមការិយាល័យអាកាសធាតុទីក្រុងស៊ាងហៃ បានឲ្យដឹងថា ទីក្រុងស៊ាងហៃកាន់តែក្តៅឡើងៗ ជាពិសេស កាលពីខែកក្កដា ឆ្នាំមុនកម្តៅឡើងខ្ពស់បំផុតគឺរហូតដល់ ៤០,៩ អង្សាសេ ហើយសីតុណ្ហភាពក្តៅបំផុតបានកើនឡើងខ្លាំងក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ពី ៨ ទៅ ១២ អង្សាសេ៕