ក្រុងហ្វុងញ៉ា៖ ថ្មភ្នំធំៗប៉ុនអគារច្រើនជាន់ផុសឡើងយ៉ាងមហិមា ខណៈលោក ហូ មិញហ្វឹក ដើររុករានទៅកាន់ទីងងឹងនៃរោងភ្នំដ៏ធំបំផុតក្នុងលោក។
លោក ហ្វឹក ធ្លាប់តែចិញ្ចឹមជីវិតដោយអាស្រ័យផលពីការកាប់ឈ់ខុសច្បាប់ សព្វថ្ងៃបានចាប់អាជីពជាអ្នកជញ្ជូនសម្ភារៈផ្គត់ផ្គង់ក្រុមទេសចរ ដែលមកផ្សងព្រេងកម្សាន្តនៅល្អាងសុនដុង (Son Doong) ជាល្អាងដ៏បំផុតក្នុងលោក មានប្រព័ន្ធអេកូឡូហ្ស៊ី និងសណ្ឋានអាកាសធាតុផ្ទាល់របស់វា។
ល្អាងនេះជាជម្រកសត្វជ្រឹងធំ និងផ្ទាំងថ្មកម្ពស់ ៧០ ម៉ែត្រទម្រង់ដូចជើងឆ្កែ។ ក្រៅពីសម្បត្តិធម្មជាតិដ៏អស្ចារ្យ ល្អាងនេះក៏បានកែប្រែជីវិតរស់នៅរបស់ពលរដ្ឋសហគមនក្នុងតំបន់នោះផងដែរ ចាប់តាំងពីមានការបើកស្វាគមន៍ភ្ញៀវទេសចរក្នុងឆ្នាំ ២០១៣។
ដោយសារតែភាពក្រីក្រ យុវវជនដូចលោក ហ្វឹក ធ្លាប់តែអាស្រ័យជីវិតក្នុងព្រៃ ដោយគ្មានជម្រើសអ្វីក្រៅពីរុករកឈើ និងសត្វ ពីឧទ្យានជាតិ ហ្វុងញ៉ាកេបាង ជាតំបន់បេតិកភ័ណ្ឌពិភពលោក និងជាទីល្អាងស៊ុនដុងតាំងនៅ។
ប្រជាជនរស់នៅទីនោះនាំគ្នាចូលព្រៃកាប់ឈើក្លឹមចន្ទន៍ក្រស្នា ប្រមាញ់សត្វកាំប្រមា និងសំពោច។
លោក ហ្វឹក ដែលសព្វថ្ងៃមានវ័យ ៣៥ ឆ្នាំ បានរំឭកពីជីវភាពពីអតីតកាលថា៖ «កាលណោះយើងចាំបាច់ត្រូវតែគេចពីឆ្មាំព្រៃ ព្រោះអ្វីដែលបានបានប្រព្រឹត្តគឺវាអត់ល្អចំពោះធម្មជាតិនោះទេ»។
ការបាត់បង់ជាង ២ ទសវត្សរ៍
ល្អាងសុនដុង ស្ថិតនៅភាគកណ្ដាលខេត្តក្វាងប៊ិញ ត្រូវបានរកឃើញដំបូងដោយអ្នកប្រមាញ់ក្នុងព្រៃ ហូ កាញ់ កាលពីឆ្នាំ ១៩៩១ ពេលដែលបុរសរូបនេះប្រទះឃើញមាត់រូងភ្នំថ្ម និងឮសូរសម្លេងទឹកទន្លេហូរនៅក្នុងល្អាងភ្នំនោះ។
ក្រោយពីរុករានព្រៃក្រាស់ដើម្បីរកផ្លូវត្រឡប់ទៅផ្ទះវិញ លោក កាញ់ បានភ្លេចច្រកចូលភ្នំដែលបិទបាំងដោយព្រៃព្រឹក្សាលតាវល្លិ ហើយល្អាងសុនដុង ក៏ស្ថិតនៅក្នុងភាពអាថ៌កំបាំងពុំមានមនុស្សទៅដល់អស់រយៈពេលជាង ២ ទសវត្សរ៍ទៀត។
នៅទីបំផុតក្នុងឆ្នាំ ២០០៩ លោកក៏បាននាំក្រុមជំនាញអង់គ្លេសទៅរករុកល្អាងនោះ ហើយលទ្ធផលការសិក្សាបានបង្ហាញថា វាជាល្អាងដែលខ្វែងខ្វាត់ និងមានទំហំធំជាងគេបំផុតក្នុងលោក ដោយពុំមានល្អាងណាប្រដូចបានឡើយ។
យោងតាមក្រុមហ៊ុនទេសចរណ៍ Oxalis ដែលនាំភ្ញៀវមកផ្សងព្រេងកម្សាន្ត ទំហំល្អាងសុនដុងអាចដាក់អគារកម្ពស់ ៤០ ជាន់ ចូលក្នុងនោះបាន ហើយវាលាតសន្ធឹងស្មើនឹងមួយប្លុកនៃទីក្រុងញូវយ៉ក។
បួនឆ្នាំក្រោយមក នៅពេលដែលល្អាងសុនដុងត្រូវបានបើកស្វាគមន៍ភ្ញៀវទេសចរ ជីវភាពរបស់លោក កាញ់ និងពលរដ្ឋរាប់រយនាក់ទៀតបានប្រែប្រួលទៅរកភាពប្រសើរឡើង។
ពួកគេបានបម្រើការងារក្នុងវិស័យទេសចរណ៍ក្នុងនាមជាអ្នកដឹកជញ្ជូនសម្ភារៈ ស្បៀងអាហារ និងមគ្គុទេសក៍ទេសចរណ៍។ ផ្ទះរបស់ពួកគេត្រូវបានប្រែក្លាយជាផ្ទះស្នាក់សម្រាប់ភ្ញៀវស្វែងរកបទពិសោធស្នាក់នៅសហគមន៍ពេលរាត្រី។
មុនពេលប្រែមុខមាត់ថ្មី លោក កាញ់ដែលសព្វថ្ងៃមានវ័យ ៥២ ឆ្នាំ បានរំឭកទៀតថា៖ «អ្នកដែលរកស៊ីកាប់ឈើកាលពីមុន អ្នកខ្លះមានជីវភាពធូរធា តែភាគច្រើនត្រូវរស់នៅយ៉ាងលំបាកតោកយ៉ាក»។
លោកបន្តទៀតថា៖ «នៅពេលដែលមានវត្តមានភ្នាក់ងារទេសចរណ៍មកដល់ ខ្ញុំបានប្រាប់ក្មេងៗជំនាន់ក្រោយថា ការងារដំបូងរបស់ពួកគេគឺការពារបរិស្ថានជាចាំបាច់ ព្រោះវាមិនត្រឹមតែហុចប្រយោជន៍ដល់យើងទេ។ វាជាមរតកដល់កូនចៅយើងតជំនាន់ ដូច្នេះជីវិតយើងនឹងប្រសើរឡើង»។
មុនពេលមានវិបត្តិជំងឺកូវីដជាសកលោក វិស័យឧស្សាហកម្មទេសចរណ៍វៀតណាមមានការស្ទុះខ្លាំង ស្របនឹងផលប៉ះពាល់ពីការបំផ្លាញបរិស្ថាន។
ទោះយ៉ាងណាក្ដី នៅតំបន់រូងភ្នំសុនដុង ពុំទាន់មានការអភិវឌ្ឍហួសហេតុ និងវត្តមានទេសចរណ៍កកកុញនោះទេ។
ដោយមានគោលការណ៍កំណត់ជំនួនភ្ញៀវ និងតម្លៃសេវាកម្មខ្ពស់ តំបន់ល្អាងភ្នំសុនដុង នៅរក្សាសភាពធម្មជាតិបានល្អច្រើន។
ទោះជាយ៉ាងណាក្ដី អង្គការយូណេស្កូទើបតែព្រមានកាលពីថ្មីៗ ពីហានិភ័យបំផ្លិចបំផ្លាញធម្មជាតិនៅតំបន់នោះ។
ការប្រមាញ់សត្វព្រៃ និងការកាប់ឈើ នៅតែបន្ត ដោយកាលពីឆ្នាំមុនមានជនល្មើស ១៨នាក់ត្រូវបានកាត់ទោស។
កិច្ចការពារល្អាងភ្នំធំបំផុតក្នុងលោក
ខណៈដែលវីរុសកូរ៉ូណារាតត្បាតពិភពលោក ពលរដ្ឋសហគមន៍ធ្លាប់តែអាស្រ័យវត្តមានភ្ញៀវទេសចរបរទេស ចៀលពុំរួចពីការលំបាកផ្នែកជីវភាព។
លោក កាញ់ បានត្អូញថា ភ្ញៀវរបស់លោកបានធ្លាក់ចុះ ៩០ ភាគរយឯណោះ ចាប់តាំងពីមានវិបត្តិកូវីដ។
ប៉ុន្តែវិស័យទេសចរណ៍នៅល្អាងសុនដុងហាក់ពុំរងឥទ្ធិពលធ្ងន់ធ្ងរទេ។ ជំនួសឱ្យភ្ញៀវបរទេស ទេសចរក្នុងស្រុកពីស្រទាប់អ្នកវណ្ណៈកណ្ដាលបានរីកដុះដាលច្រើនគួរសម។
ការអនុវត្តទេសចរណ៍នៅល្អាងសុនដុង ផ្ដោតលើភ្ញៀវដែលហ៊ានចំណាយខ្ពស់។ វាបានផ្ដល់ការងារដល់មនុស្សជាង ៥០០ នាក់នៅសហគមន៍។ នេះបើយោងតាមក្រុមហ៊ុន Oxalis។
សម្រាប់អ្នកដឺកជញ្ជូនឥវ៉ាន់ឲ្យភ្ញៀវទេសចរដូចជាលោក ហ្វឹក លោករំពឹងថា តំបន់ធម្មជាតិនៅសុនដុងនឹងមិនលេបត្របាក់ដោយការអភិវឌ្ឍនោះទេ។
លោកបាននិយាយថា៖ «ប្រសិនបើយើងប្រែក្លាយជាតំបន់មានភ្ញៀវកកកុញ នោះវានឹងប៉ះពាល់ដល់ទេសភាពធម្មជាតិ ហើយវាច្បាស់ជាយ៉ាប់ហើយ»៕ AFP/HR