ភ្នំពេញ៖ សិល្បការិនី​​ល្បី​ស្នាដៃ​រូបថត​គួរ​ឱ្យ​ទាក់ទាញ Tytaart បាន​ដាក់​តាំង​បង្ហាញ​សមិទ្ធផល​រូបភាព​​បែប​ច្នៃប្រឌិត​គ្រប​ដណ្ដប់​ដោយ​ពណ៌​​ស​របស់​នាង ​ជាមួយ​នឹង​សិល្បករ​បរទេស ​២ រូប​ទៀត​នៅ​វិចិត្រសាល​ ស្រាអាត ក្រោម​​ពិព័រណ៍​ចំណង​ជើង​ថា Eternal ដែល​ទើប​តែ​បើក​សម្ពោធ​កាល​ពី​ថ្ងៃ​សុក្រ​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​។

ជាមួយ​នឹង​ការ​បង្ហោះ​រូបថត​ស្នាដៃ​​​អំពី​ស្ត្រី​ចំណាស់​​ធ្មេច​ភ្នែក​​ស្បែក​សម្បុរ​ស​ស្គុស ​សិល្បការិនី​ Tytaart បាន​​បរិយាយ​សារ​លើ​បណ្ដាញ​សង្គម​​របស់​ខ្លួន​យ៉ាង​ដូច្នេះ​ថា៖ «នេះ ​គឺ​ជា​ស្នាដៃ​​បង្ហាញ​ដំបូង​​នៃ​ការ​បើក​ទំព័រ​​ស៊េរី​រូបថត​​របស់​ខ្ញុំ​សម្រាប់​ពិព័រណ៍ Eternal នេះ និង​តែងតែ​បោះ​ជំហាន​​​ទៅ​ក្បែរ​ភាព​អមតៈ។ ​ពិព័រណ៍​នេះ​នឹង​បន្ត​រហូត​ដល់​ថ្ងៃទី ២៧ ខែ​កុម្ភៈ»។

រូបថត​ស្ត្រី​ចំណាស់​គ្រង​អាវ​ប៉ាក់​ស​ ជួត​ក្បាល​​​ក្រណាត់​ប៉ាក់​ពណ៌ស​ ដែល​ពោរពេញ​ដោយ​អារម្មណ៍​បែប​ស្ងប់ស្ងាត់ ហើយ​ដៃ​មាន​ទ្រ​ស៊ុត ៥ ​គ្រាប់​ នោះ​ត្រូវ​​បាន​ផ្ដិត​​លើ​ក្រដាស​គ្រើម​ទំហំ ១ ម៉ែត្រ​គុណ ​១ ម៉ែត្រ​កន្លះ​ និង​ត្រូវ​ម្ចាស់​ស្នាដៃ​ដាក់​ឈ្មោះ​ថា Russian Roulife។

រូបថត​លោកយាយ ស ដែល​ជា​ស្នាដៃ​របស់​សិល្បការិនី Tytaart ដែលទទួលបានការ​ចាប់អារម្មណ៍​ជាខ្លាំង​​។ រូបថត សហ​ការី

Tytaart ក៏​បាន​ប្រកាស​ផង​ដែរ​៖ «ទឹក​ប្រាក់​បាន​ពី​ការ​លក់​ស្នាដៃ​រូបថត​នេះ​នឹង​ត្រូវ​ប្រគល់​ជូន​លោក​យាយ​ ស​ ទាំង​អស់»។

ស្ថិត​លើ​ជញ្ជាំង​វិចិត្រសាល​ស្រាអាត​ ស្នាដៃ​របស់​សិល្បការិនី​ Tytaart ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន ដោយ​វា​រំលេច​នូវ​រូបភាព​មនុស្ស​​ក្នុង​បរិស្ថាន​ពណ៌​សក្បុស។

ស្នាដៃ​របស់​នាង​​ ១ ទៀត​ទំហំ​​ដូច​គ្នា​ ឈ្មោះ​ថា Unlocking the Easter បង្ហាញ​នូវ​រូបភាព​បុរស​​​សក់​ពណ៌​ប្រផេះ ពាក់​វ៉ែនតា មាន​ពុក​មាត់​​ពុក​ចង្កា​​ក្រវង់​ ហើយ​ងាក​សម្លឹង​មើល​​ស៊ុត​​កាន់​ក្នុង​ដៃ​។

រូបភាព​នេះ​ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​​ដែរ ដោយ​ Tytaart ទទួល​បាន​ការ​ស្នើ​ឱ្យ​ពន្យល់​ពី​អត្ថន័យ​នៃ​ស្នាដៃ​របស់​នាង​នីមួយៗ​ក្នុង​រាត្រី​សម្ពោធ​​ពិព័រណ៍​ផង​ដែរ។​

ពិព័រណ៍ Eternal នេះ​មាន​ការ​ចូលរួម​​ពី​សិល្បករ​គំនូរ​លោក ដាក្លាស វិចទ័រ (Donvirao) ជាមួយ​គំនូរ​សហសម័យ​បែប​អរូបី និង​អ្នក​សិល្បៈ​​ផ្នែក​រចនា​​​ក្រាហ្វិក​លោក ហ្សង់ បាបទីស្ត៍ ការរ៉ារ៉ូ (Jean Baptiste Carraro) មាន​ស្នាដៃ​​ផ្ទាំង​រូបភាព​ផ្សព្វផ្សាយ​​​នានា​ ដែល​ត្រូវ​បាន​រចនា​ត្រឡប់​ទៅ​កាន់​​អតីតកាល​។​

ពិព័រណ៍ Eternal នឹង​បន្ត​ស្វាគមន៍​ទស្សនិកជន​ដោយ​​ឥត​គិត​ថ្លៃ​រហូត​ដល់​​ថ្ងៃទី ២៧ ខែ ​កុម្ភៈ ឆ្នាំ ២០២១ នៅ​​​វិចិត្រសាល​ស្រាអាត ដែល​មាន​ទីតាំង​ស្ថិត​នៅ​​ផ្ទះលេខ ៧ វិថី​សុធារស ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​​ពី​វត្ត​ឧណ្ណាលោម រាជធានី​ភ្នំពេញ៕