ភ្នំពេញៈ ក្រោយពី​បញ្ចេញ​វីដេអូខ្លី (Trailer) ក្នុង​បណ្ដាញ​យូធូប​ជាមួយ​ចំនួន​ទស្សនា​រហូត​ដល់ ៤ លាន ខ្សែភាពយន្ត​ដែល​ផលិតកម្ម អិលឌី ភីកឈ័រ សហការ​ជាមួយ​ទូរទស្សន៍​ភីអិនអិន និង Soyo រឿង «​ថ្ងៃមុន​ស្អប់ ថ្ងៃនេះ​ស្រឡាញ់​» នឹង​បញ្ចាំង​នៅ​ថ្ងៃទី​ ១៩ ខែ​មីនា​នេះ​ហើយ​។

ម្ចាស់​ផលិតកម្ម LD Picture លោក លៀក លីដា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ​ក្នុង​ថ្ងៃ​សម្ពោធ​ភាពយន្ត​ជា​ផ្លូវការ​កាលពី​សប្ដាហ៍​មុន​ថា​៖ «​រឿង​នេះ​​ពួកយើង​បាន​ប្រើពេល​ក្នុង​ការថត​យូរ​ជាង​រឿង​មុនៗ​រហូត​ដល់​ជិត ១ ​ឆ្នាំ និង​បាន​សម្រិតសម្រាំង​ក្នុង​ការផលិត​យ៉ាង​ល្អឥតខ្ចោះ​ទម្រាំ​តែ​បាន​ដាក់​បញ្ចាំង​ប្រើ​ពេល​ជិត ២ ​ឆ្នាំ​។ ទាំង​តួ​ជ្រើស​មក​សម្តែង​សុទ្ធតែ​ជា​តួល្បី​ក្នុង​ប្រទេស ប៉ិនប្រសប់​ក្នុង​ការសម្តែង សម្លៀកបំពាក់​ជ្រើសរើស​តាមបែប យុវវ័យ ពិសេស​ការរៀបចំ​ប្រព័ន្ធ​ភ្លើង​តាម​លក្ខណៈ​ស្តង់ដា និង​បច្ចេកទេស​ក្នុង​ការកាត់ត​ផង​ដែរ​»​។

លោក​បញ្ជាក់​ថា​៖ «​ពួកយើង​ចាយលុយ​អស់​ជាច្រើន តែ​ទាក់ទង​ទៅ​លើ​ការចំណាយ​ខាង​ភីអិនអិន​គាត់​ជា​អ្នកចេញ តែ​បើ​ទាក់ទង​នឹង​ផ្នែក​ខាង​ផលិត ពួក​ខ្ញុំ​ចំណាយ​អស់​ច្រើន​ជាង​រឿង​មុនៗ ដែល​ខ្ញុំ​ធ្លាប់​បាន​ធ្វើ​កន្លង​មក អ៊ីចឹង​ហើយ​ទើប​ខ្ញុំ​គិត​ថា​ជា​រឿង​ខ្នាត​ធំ​ប្រចាំ​ឆ្នាំ​ ២០១៩ នេះ​»​។

លោក លៀក លីដា និង​តួសម្ដែង​ក្នុង​ខ្សែភាពយន្ត​។ រូបថត ហុង មិនា ហុង មិនា

កញ្ញា ទូច បុប្ផា ជា​ប្រធាន​ផ្នែក​កម្មវិធី​ផ្សាយ​នៃ​ស្ថានីយ​ទូរទស្សន៍​​ភីអិនអិន​បាន​ថ្លែង​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ដូច​គ្នា​ថា​៖ «​រឿងនេះ​ដែរ ថ្ងៃ​មុន​ស្អប់ ថ្ងៃនេះ​ស្រឡាញ់ គឺជា​សមិទ្ធផល​ដែល​ភីអិនអិន​បាន​សម្រិតសម្រាំង​មក​ជា​ខ្សែភាពយន្ត​ធំ​ប្រចាំ​ឆ្នាំ​ ២០១៩ ព្រោះ​សាច់រឿង​មាន​ភាព​ប្រទាក់ក្រឡា​គ្នា​រវាង​គំនុំ​ពី​ការភាន់ច្រឡំ​របស់​មនុស្ស​ចាស់​ក្នុង​ការធ្វើ​ជំនួញ​បាន​បន្សល់​មក​ឲ្យ​កូនៗ​ស្អប់​គ្នា​វាយប្រហារ​គ្នា​ជាមួយ​ទ្រឹស្តី​អ្នក​ជំនួញ​មាន​ភាព​ផ្អែមល្ហែម និង​សម្រក់​ទឹកភ្នែក​លាយ​ជាមួយ​កំប្លុកកំប្លែង ភ័យរន្ធត់ គួបផ្សំ​ជាមួយ​បទពិសោធ​នៃ​ជីវិត​ពិត​ក្នុង​សង្គម​និង​ភាព​ជា​អ្នកដឹង​នាំ គុណធម៌​ឈរ​ពី​លើ​ផលប្រយោជន៍​»​។

សម្រាប់​ការសម្តែង​វិញ​មាន​ភាពលំបាក​ច្រើន​ចំពោះ​តារាភាពយន្ត​ខ្ពស់​ស្រឡះ​លឹម ជា ឡាយ ត្រូវ​ចាប់​ដៃគូ​នឹង​កញ្ញា ពុធ ស្រីខួច ជា​តួឯក​នៅក្នុង​រឿង​ដោយ​លោក​បាន​បង្ហើប​ថា​៖ «​សម្រាប់​ខ្ញុំ​ក៏​មាន​ការពិបាក​ខ្លះ​ដែរ ដោយសារ​តែ​ចរិត​តួ​ដែល​ខ្ញុំ​ត្រូវ​សម្តែង​នេះ​មាន​ភាព​ជា​អ្នកលេង​គឺជា​ម៉ាហ្វៀ​ធ្វើ​តាម​ទំនើងចិត្ត​ខ្លួនឯង​មាន​ចរិត​ជាច្រើន​មាន​ទាំង​កោងកាច ជាពិសេស​ឈ្លើយ​ខុស​ដាច់​ពី​ចរិត​ក្នុង​តួអង្គ​រឿង​មុនៗ​ដែល​​ខ្ញុំ​បាន​សម្តែង ហើយ​មួយ​ទៀត​គឺ​អ្នកដឹកនាំ​សម្តែង​គ្រាន់​តែ​ប្រាប់​ពី​អ្វី​ដែល​គាត់​ចង់បាន ហើយ​ឲ្យ​យើង​សម្តែង​ដោយ​ខ្លួនឯង​ធ្វើ​យ៉ាងណា​ឲ្យ​សម និង​ស៊ី​ជាមួយ​សាច់រឿង​»​។

រីឯ​កញ្ញា សាឡាត់ ស្រីឡាង និង​លោក បឺរី ដែល​ជា​តួអង្គ​សំខាន់​មួយ​នៅក្នុង​រឿង​ដូចគ្នា​អ្នក​ទាំង​ ២ ​ក៏​បាន​បង្ហើប​ពី​ការលំបាក​ដែរ ដោយ​ប្លង់​នីមួយៗ​របស់​ខ្លួន​ត្រូវ​ចូល​ទៅ​ក្នុង​ព្រៃ​ជ្រៅ​ជាច្រើន​ថ្ងៃ និង​ត្រូវ​ថត​ពី​ព្រឹក​រហូត​ដល់​ព្រឹក​វិញ​មិន​បាន​សម្រាក ព្រោះ​ខ្លាច​អូសបន្លាយ​ពេល​យូរ​។

រឿង​នេះ​ក៏​មាន​តម្លៃ​អប់រំ​មនុស្ស​ក្នុង​សង្គម​ឲ្យ​ចេះ​ការពិចារណា កុំ​វាយតម្លៃ​អ្វី​តាម​ភ្លើងកំហឹង​កំពុង​ឆេះ រក្សា​គុណធម៌ ភាពស្មោះត្រង់ និង​ចៀសវាង​ការលោភលន់​ផង​ដែរ​៕

សាឡាត់ ស្រីឡាង និង​លោក ប៊ើរី​។ហុង មិនា