ក្រុង​ដុង​គ័ន: នៅក្នុង​រោងសៀក​ចិន Prosperous National Circus Troup អ្នក​ទស្សនា​តែ​ប្រមាណ ១០ នាក់ បាន​មើល​សត្វ​ខ្លា​ដំបង​ស៊ីបេរី ដែល​ជិត​ផុត​ពូជ កំពុង​ស្រែក​តប​នឹង​បញ្ជា​អ្នក​បង្វឹក​វា​ឲ្យ​ឈរ​ជើង ២ ហក់​ចូល​រង្វង់​កង។

រីឯ​សត្វ​តោ និង​ខ្លាឃ្មុំ​ក្មេង ដែលមាន​របួស​នៅត្រង់​ច្រមុះ បានធ្វើ​ត្រាប់​តាម​មនុស្ស ដើម្បី​កំដរ​អារម្មណ៍​ទស្សនិក​ជន ៤-១០ នាក់​នៅ​ខេត្ត​គ័រដុង គ្រាន់​បាន​ថ្លៃ​សោហ៊ុយ​ឲ្យ​ក្រុម​សៀក​នេះ ដោះស្រាយ​ជីវភាព​មួយ​គ្រា ដើម្បី​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។

ការប្រើ​សត្វព្រៃ​សម្ដែង​ក្នុង​រោង​សៀក កំពុង​រង​ការរិះគន់​ខ្លាំងឡើងៗ​ជុំវិញ​ពិភពលោក ប៉ុន្តែ​សម្រាប់​ក្រុម​អ្នក​សម្ដែង​នៅ​រោង​សៀក​ចិន សត្វ​ព្រៃ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ភាព​ទាក់​ទាញ​ដ៏​សំខាន់​មួយ។

អ្នកគ្រប់គ្រង​ក្រុម​អ្នក​សម្ដែង​សៀក លោក លី វៃ​សេង បាន​និយាយថា៖ «ជនជាតិ​ចិន​ជាច្រើន​រស់​នៅ​ទីក្រុង មិន​ស្គាល់​ព្រៃ​ភ្នំ​ទេ។ យើង​ជា​អ្នក​នាំ​យក​ធម្មជាតិ​មក​បង្ហាញ​ពួកគេ»។

ក្រុម​សៀក​មាន​ប្រវត្តិសាស្ត្រ​យូរអង្វែង​ហើយ​នៅ​ប្រទេស​ចិន ដោយ​កាលពី ២៥០០ ឆ្នាំមុន គេ​និយម​សម្ដែង​សៀក​ជាមួយ​ការ​បំផាយ​សត្វ​សេះ។ ការ​ប្រើ​ប្រាស់​ខ្លា សត្វ​ស្វា និង​ខ្លាឃ្មុំ ទើប​តែ​មាន​នៅ​សម័យ​ក្រោយៗ​នេះ​ទេ។

ចំពោះ​សត្វ​សម្ដែង​សៀក ដែល​ត្រូវ​ដឹក​ពីមួយ​កន្លែង​ទៅមួយ​កន្លែង​ក្រុម​អ្នកតស៊ូ​មតិ​បាន​អំពាវនាវ​ឲ្យ​មាន​បទ​ប្បញ្ញត្តិ​តឹងរ៊ឹង​ជាង​មុន ខណៈ​ចិន​មាន​ច្បាប់​ស្តី​ពី​សិទ្ធិ​សត្វ​មាន​លក្ខណៈ​ធូរ​រលុង​បំផុត​ក្នុង​ពិភពលោក។

ទស្សនិកជនជាង ១០ នាក់ ទស្សនាការសម្ដែងសៀក។ AFP

កំពុង​ឈរ​នៅ​ជិត​តង់​ឆ្នូត​ពណ៌​ក្រហម និង​ស នៅក្នុង​ទីក្រុង​ដុង​គ័ន លោក លី ដែលជា​អ្នក​គ្រប់គ្រង​ក្រុម​សៀក​នៅ​តែ​ទទូច​ថា៖ «សត្វ​គឺជា​ភាព​ទាក់​ទាញ​ធំ​មួយ បើ​ទោះបី​ជា ចំនួន​អ្នក​មក​ទស្សនា​បាន​ធ្លាក់​ចុះ​នា​ប៉ុន្មាន​ឆ្នាំ​នេះ​ក្ដី»។

តោ​អាហ្រ្វិក ២ និង​ខ្លាឃ្មុំ​ខ្មៅ​អាយុ ២ ឆ្នាំ ក្រុម​សត្វ​ឆ្កែ និង ខ្លា ត្រូវដាក់​ក្នុង​ទ្រុង​ដែក​ក្រោម​តង់​ធំ​មួយ។ សត្វ​ខ្លាឃ្មុំ​បាន​តោង​លើ​ដំបូល​ដែក​នៃ​ទ្រុង ហើយ​បាន​យោល​ខ្លួន​ទៅ​មុខ​ទៅ​ក្រោយ។ សត្វ​ខ្លា និង​សត្វ​តោ​កំបុត​កន្ទុយ​អាយុ​ប្រមាណ ១ ឆ្នាំ បាន​ដើរ​ក្រវែល​ទៅមក​នៅ​ក្នុង​ទ្រុង​ជាមួយ​គ្នា។ ក្នុង ១ ថ្ងៃ ពួកវា​ត្រូវ​បាន​បញ្ចេញ​មក​ក្រៅ​ដើម្បី​សម្ដែង​សៀក។

ក្រុម​សៀក​នៅតែ​យល់ថា ពួកគេ​នឹង​រក្សា​ប្រពៃណី​សៀក​ឲ្យ​រស់រាន​ជាមួយ​ជំនឿ​ចិត្ត​ថា ការសម្ដែង​នេះ​គឺជា​ប្រយោជន៍​ដល់​សាធារណ​ជន និង​សត្វ។

លោក លី បាន​និយាយថា៖ «យើង​កំពុង​ជួយ​សាធារណជន​ឲ្យ​យល់ដឹង​ច្រើន​អំពី​ធម្មជាតិ និង​សត្វ»៕

ទាំង​មនុស្ស និង​សត្វ​ ត្រូវ​ហូបចុក និង​ដេក​ក្រោម​ដំបូលតែ​មួយ​​​​​។ AFP