ភ្នំពេញៈ ទីបំផុត​តារាចម្រៀង​ស្រី​ដែល​ផ្ទុះ​ភាពល្បី​ខ្លាំង​ពេញ​ហ្វេសប៊ុក​ដោយសារ​លើក​យក​ចម្រៀង​មរតក​សំនៀង​ដើម​លោកស្រី ប៉ែន រ៉ន មាន​ចំណងជើង​ថា «​មេម៉ាយ​សប្បាយចិត្ត​» មក​បកស្រាយ​តាម​កម្មវិធី​ជប់លៀង ឬ​អាហ្វែរ​នានា គួបផ្សំ​នឹង​ទឹកដម​សំឡេង​ពីរោះ និង​កាយវិការ​ក្រមិចក្រមើម​ដ៏សមសួន​គឺ​កញ្ញា រ័ត្ន រចនា មាន​ទ្រនំ​ជ្រកកោន​ហើយ​គឺ​បាន​ចុះ​កុងត្រា​ជាមួយ​នឹង​ផលិតកម្ម Galaxy Navatra រយៈពេល​ ៣ ​ឆ្នាំ​ទៀត​ផង​។

តារាចម្រៀង​ស្រី​សម្បូរ​សាច់​ដ៏ទ្រលុកទ្រលន់ កញ្ញា រ័ត្ន រចនា ដែល​គេ​ដាក់​រហ័ស​នាម​ថា អ្នក​មេម៉ាយ​សប្បាយចិត្ត​នោះ​ធ្វើឲ្យ​គេ​ភ្ញាក់ផ្អើល​ខ្លាំង ក្រោយពី​រូបនាង​លេច​វត្តមាន​ក្នុង​ផលិតកម្ម Galaxy Navatra របស់​ឧកញ៉ា​វ័យក្មេង​គឺ​លោក ឡេង ណាវ៉ាត្រា ជាមួយ​នឹង​បទចម្រៀង​ថ្មី​របស់​ខ្លួន​គឺ​បទ «​ប្រមូល​អ្នក​Single ចូល​សារមន្ទីរ​» ដែល​កំពុង​តែ​ស្រូប​ប្រជាប្រិយ​ពី​អ្នក​គាំទ្រ​យ៉ាង​ខ្លាំង​នាពេល​ថ្មីៗ​នេះ​។

អតីត​តារាចម្រៀង​ស្រី​គ្មាន​ផលិតកម្ម​ដោយ​ជ្រក​ក្រោម​ទ្រនំ​ប៉ុស្តិ៍​ហ្វេសប៊ុក សំឡេង​មាន​ទឹកដម​ដ៏ពីរោះ​ទៅ​លើ​ការបកស្រាយ​បទចម្រៀង​មរតក​ដើម កញ្ញា រ័ត្ន រចនា ដែល​ប្រឡូក​នៅក្នុង​វិថី​សិល្បៈ​ចម្រៀង​ជាង ២០ ​ឆ្នាំ​ហើយ​នោះ ក៏​មិន​នឹក​ស្មាន​ដល់​ឡើយ​ថា នាង​អាច​មាន​ឱកាស​ទទួល​ការគាំទ្រ​ពី​បងប្អូន​ប្រិយមិត្ត​យ៉ាង​ភ្លូកទឹកភ្លូកដី នឹង​សំនៀង​បកស្រាយ​បទ «​មេម៉ាយ​សប្បាយ​ចិត្ត​» នៃ​ក្រុម​វង់​តន្ត្រី​អ័រកាដង់​នៅ​តាម​ភូមិ​នោះ​បង្ហើប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម Voice Messenger ឲ្យ​ដឹង​ពី​ការចូល​ផលិតកម្ម​ Galaxy Navatra ខណៈ​ពេល​កំពុងតែ​សម្តែង​នៅឯ​ប្រទេស​អូស្ត្រាលី​មុន​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​នេះ​។

កញ្ញា រចនា បាន​ប្រាប់​ថា​៖ «​ចាស​បង​!​មែន​ហើយ នាង​ខ្ញុំ​បាន​ចុះ​កុងត្រា ជាមួយ​នឹង​ផលិតកម្ម Galaxy Navatra ចំនួន​ ៣ ​ឆ្នាំ ខណៈ​ខ្ញុំ​បាន​ចូល​ផលិតកម្ម​មួយ​នេះ​ប្រមាណ​ ៣ ​ខែ​មក​ហើយ​ផងដែរ​»​។

គួរ​រំឭក​ថា កញ្ញា រ័ត្ន រចនា តារាចម្រៀង​ស្រី​រះ​លើ​វិថី​សិល្បៈ​ចម្រៀង​នៃ​ក្រុម​តន្ត្រី​អ័រកាដង់​នៅ​តាម​ភូមិ អតីត​ក៏​ជា​កូនសិស្ស​របស់​តន្ត្រីករ និង​តារាចម្រៀង​ជើងចាស់​លោក ម៉ិញ សុធីវណ្ណ ហើយ​បច្ចុប្បន្ន​នេះ​កំពុង​តែមាន​ប្រជាប្រិយភាព​ដោយ​មាន​ការគាំទ្រ​ពី​មហាជន​ខ្មែរ​គ្រប់​ច្រកល្ហក​ជាមួយ​បទពេញនិយម​របស់​កញ្ញា​គឺ​បទ «​មេម៉ាយ​សប្បាយចិត្ត​» ដែល​ជា​សំនៀង​ដើម​របស់​លោកស្រី ប៉ែន រ៉ន នោះ​។

ខណៈ​តារាចម្រៀង​ស្រី​អាច​បកស្រាយ​បទចម្រៀង​មរតក​ដើម នាទសវត្សរ៍​ទី​ ៦០-៧០ បាន​ច្រើន​បទ​កញ្ញា រ័ត្ន រចនា បាន​បង្ហើប​ពី​អារម្មណ៍​សប្បាយចិត្ត​ខ្លាំង​នឹង​ជោគជ័យ ដែល​ទើប​តែ​ទទួល​បាន​ក្រោយពី​ដើរ​នៅ​លើ​វិថី​សិល្បៈ​ចម្រៀង​សម័យ​នេះ​ជិត​ ២០ ​ឆ្នាំ​មក​នេះ​ទៀតថា​៖ «​យ៉ាងណា​ក៏​សប្បាយចិត្ត​ឥត​មាន​អ្វី​ប្រៀប​បាន​ឡើយ ទោះបី​ជា​ភាព​ល្បី​នេះ​មាន​តែ ១ ​ថ្ងៃ ឬ​រយៈពេល​ខ្លី​ក៏ដោយ​គឺថា ខ្ញុំ​ពិតជា​ត្រេកអរ​ខ្លាំងណាស់​។ ចំពោះ​ការគាំទ្រ​ដែល​ជា​ផ្នែក​មួយ​ដើម្បី​ជួយ​លើក​ទឹកចិត្ត​អ្នកចម្រៀង​ដូចជា​រូបនាង​ខ្ញុំ​។ ទោះ​ជា​យ៉ាងណា​គឺ​ថា​ចាប់​តាំងពី​បងប្អូន​ផ្អើល​គាំទ្រ​ខ្លាំង​មក ឃើញ​ថា​នាង​ខ្ញុំ​ក៏​មាន​ទីផ្សារ​ច្រៀង​នៅ​តាម​កម្មវិធី​នានា​បាន​ច្រើន​ជាង​មុន ដែល​អាច​ឲ្យ​នាង​ខ្ញុំ​ទទួល​បាន​ប្រាក់ចំណូល​ក៏​ទទួល​បាន​ច្រើន​គ្រាន់បើ​ជាង​មុន​ទៀត​ផង​ដែរ​»៕