ភ្នំពេញ៖ គ្រាន់តែ​ដូរ​មក​កាន់​ទ្រនំ​ថ្មី​ហង្សមាស បាន​រយៈ​ប្រមាណ ៣-៤ ខែ ប៉ុណ្ណោះ ក៏​លេច​ឮថា តារា​ចម្រៀង​ស្រី​សាច់​សខ្ចី ដែល​សម្បូរ​ក្បាច់​រាំ ដ៏​រស់​រវើក កញ្ញា យូរី កំពុង​តែ​មាន​ក្រុម​កន្លង់​ចោមរោម​តាម​សុំ​ស្នេហ៍ ស្អំ​បេះដូង​បាត់​ទៅ​ហើយ។

កញ្ញា យូរី តារា​ចម្រៀង​ស្រី​ដែល​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​ពី​យុវវ័យ និង​មាន​ក្បាច់​រាំ​យ៉ាង​ជក់​ចិត្ត មិន​ចាញ់​តារា​ចម្រៀង​ស្រី​នៅ​ថោន​កញ្ញា រ៉ាប៊ី ឬ​អតីត​តារា​ចម្រៀង​នៅ​ហង្សមាស​កញ្ញា ទេព បូព្រឹក្ស នោះ​ឡើយ ខណៈ​កញ្ញា យូរី ធ្លាប់​មាន​បទ​ចម្រៀង​ផ្ទុះ​ខ្លាំង​នៅ​លើ​បណ្តាញ​សង្គម​យូធូប ​គឺ​បទ «ចាក់​ទឹក​ដូង»។

តារា​ចម្រៀង​ស្រី​ស្រស់ សាច់​សខ្ចី សម្បូរ​ក្បាច់​រាំប្លែកៗ កញ្ញា សេន យូរី ហៅ​កញ្ញា យូរី ដែល​អតីត​ជ្រក​ទ្រនំ​សាន់ដេ​រូប​នេះ​បង្ហាញ​វត្តមាន​នៅ​ទ្រនំ​ថ្មី​ហង្សមាស អស់​រយៈពេល ៣-៤ ខែ ហើយ​ជាមួយ​នឹង​បទ​ចម្រៀង​ដំបូង ដែល​មាន​ចំណង​ជើង​ថា «ផាំង» ក្រោយ​ពី​ជ្រកកោន​នៅ​ទ្រនំ​ចាស់ ក្នុង​រយៈពេល​កុងត្រា​ចំនួន ៥ ឆ្នាំ​មក​នោះ។

តារា​ចម្រៀង​ស្រី​អតីត​ធ្លាប់​ច្រៀង​នៅ​ផលិតកម្ម​រ៉ុក និង​ផលិតកម្ម​សាន់ដេ កញ្ញា យូរី បាន​បង្ហើរ​ថា៖ «ធំៗ​អស់​ហើយ ល្មម​ចេះ​គិត​ហើយ ស្រឡាញ់​គ្នា​ឱ្យ​ចេះ​ច្បាស់លាស់​ផង ដឹង​នៅ​ប៉ិ»។

នា​រំពេច​នោះ​ក៏​មាន​អ្នក​ចុច Like និង Comment យ៉ាង​ច្រើន និង​មាន​ចម្ងល់​លើក​ឡើង​ថា៖ «អីយ៉ា! ទើបតែ​ដូរ​ទ្រនំ​ថ្មី​បាន​តែ​ប៉ុន្មាន​ខែ​សោះ ក៏​ស្រាប់​តែមាន​អ្នក​ចោមរោម​តាម​សុំ​ស្រឡាញ់ ធ្វើ​ជា​ម្ចាស់​បេះដូង​បាត់​ទៅ​ហើយ​កញ្ញា យូរី! តើ​អ្នក​ណា​ទៅ​ដែល​មក​សុំ​ស្រឡាញ់ យូរី ឬ​ក៏​ជា​បុរស​ដែល​គេ​ល្បី​ថា ​ជា​ម្ចាស់​ហាង​ផឹក​ស៊ី ១ កន្លែង​លើក​មុន​នោះ​ដដែល?»។

កញ្ញា យូរី បាន​ច្រានចោល​ដូច​លើក​មុន​អ៊ីចឹង​ចំពោះ​ដំណឹង​ថា ខ្លួន និង​ថៅ​កែ​ហាង​ផឹកស៊ី​មួយ​កន្លែង​នោះ​ថា៖ «ចំពោះ​រឿង​មាន​គូគាប់​អ្វី​នោះ នាង​ខ្ញុំ​ដូចជា​មិន​ដែល​មាន​បំណង​ចង់​លាក់លៀម​អ្វី​នោះទេ។ ប្រសិន​បើ​ខ្ញុំ​មាន​ពិតមែន​នោះ ខ្ញុំ​នឹង​ប្រាប់​ត្រង់ៗ​ដល់​មហាជន​មិន​ខាន​ឡើយ។ ចំណែក​ឯ​បុរស​ជា​ថៅកែ​ហាង​នោះ គឺ​នាង​ខ្ញុំ និង​គាត់​បាន​ស្គាល់​គ្នា​ស្និទ្ធស្នាល​ហើយ​ក៏​បាន​រាប់​អាន​គ្នា​ដូចជា​បងប្អូន​ផង​ដែរ»។

ដោយ​ឡែក​ឱកាស​ដ៏​ល្អ​សម្រាប់​កញ្ញា យូរី ដែល​បាន​មក​កាន់​ទ្រនំ​ថ្មី​ហង្សមាស​នេះ គឺ​ថា​ចំ​ពេល​ដែល​អវត្តមាន​តារា​ចម្រៀង​ស្រី​សម្បូរ​ក្បាច់​រាំ​កញ្ញា ទេព បូព្រឹក្ស ទៀត​ផង​នោះ ទើប​មហាជន​ជា​អ្នក​គាំទ្រ​ក៏​លើក​ឡើង​ថា ​យូរី ហាក់​ដូច​មក​បំពេញ​កញ្ញា ទេព បូព្រឹក្ស អ៊ីចឹង​ដែរ ព្រោះ​ទាំង ២ ស្រដៀង​គ្នា​មាន​ក្បាច់​រាំប្លែក»៕