ភ្នំពេញៈ ខណៈ​គេ​ឧស្សាហ៍​ឃើញ​បង្ហាញ ភាព​ស្និទ្ធស្នាល​នឹង​កីឡាករ​បាល់​ទាត់​លី វ៉ាហេដ ប្រៀប​ដូច​គូ​ស្នេហ៍​នឹង​គ្នា​ទៅ​ហើយ​ក្តី តែ​មិន​ព្រម​សារ​ភាព​នោះ ស្រាប់​តែ​ថ្មីៗ​នេះ​ក៏​លេច​ដំណឹង​ថា អ្នក​មេម៉ាយ​កូន​មួយ សុខ សោម៉ាវត្តី កំពុង​មាន​ម្ចាស់​ស្នេហ៍​ថ្មី ជា​អាណិក​ជន នឹង​ធានា​ទាំង​កូន និង​ម្តាយ​ទៅ​រស់​នៅ​អាមេរិក។

ខណៈ​ដំណឹង​នេះ បាន​លេចឮ​ក្រោយពី​តារា​សម្តែង​ស្រី​មេម៉ាយ​កូន​មួយ​សាច់​សខ្ចី និង​មាន​ទេព​កោសល្យ​សម្តែង​ជា​តួ​បែប​ក្រមិច​ក្រមើម អ្នក​នាង សុខ សោម៉ាវត្តី បាន​បង្ហើរ​សារ​បែប​ស្ទាក់​ស្ទើរ​ក្នុង​ការ​សម្រេច​ចិត្ត​ថា​ទៅ​តាម​ឬ​យ៉ាង​ណា​ថា៖ «កំពុង​តែ​គិត​ថា បើ​ទៅ USA យ៉ាង​ម៉េច​ដែរ? Should I?» និង​សារ​លើ​នៅ Profile នាង​បាន​សរសេរ​ថា៖ «ចង់​ទៅ USA ចំនួន ៣-៤ ឆ្នាំ​ដើម្បី​បាន​សិទ្ធិ​ធានា​កូន​ស្រី» ដែ​លមាន​ដាក់​រូប​ចិញ្ចៀន​ទៀត សង្ស័យ​តែ​មាន​អាណិក​ជន​ជា​ម្ចាស់​បេះដូង​មែន​ទេ​ដឹង។

ប៉ុន្តែ​តារា​ស្រី​ជា​តំណាង​ឲ្យ​ក្រុមហ៊ុន​ភេសជ្ជៈ​អូអិឈិ ចំនួន ១ ឆ្នាំ ដែលជា​មូលហេតុ​ដ៏​ចម្បង​នាំ​ឲ្យ​នាង​ប្រកាស​ផ្អាក​ថត​កុន​មួយរយៈ​តាំង​ពី​ចុង​ឆ្នាំ ២០១៦ មក តារា​សម្តែង​ស្រី​ល្បី​ខ្លាំង និង​មាន​ប្រិយមិត្ត​គាំទ្រ​ច្រើន អ្នក​មេម៉ាយ​កូន​មួយ​ក្តៅ​ស្រួយ​អ្នក​នាង សុខ សោម៉ាវត្តី បាន​បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «អត់​ទេ​បង!​មិន​មាន​អាណិក​ជន​ណា​មក​ធានា​នាង​ខ្ញុំ និង​កូន​នោះ​ទេ! ហើយ​រឿង​ទៅ​នៅ​អាមេរិក​នោះ ក៏​មិន​អាច​ដែរ​សម្រាប់​រូប​នាង​ខ្ញុំ តែ​ប្រសិន​បើ​ទៅ​លេង​វិញ​ទើប​អាច។ហេតុផល​ដែល​នាង​ខ្ញុំ​មិន​ចង់​ទៅ​រស់​នៅ​ស្រុក​គេ​ឬ​អាមេរិក​នោះ មក​ពី​នាង​ស្រឡាញ់​ទឹកដី​ខ្មែរ​ជាង ហើយ​ម្យ៉ាង​ទៀត ការងារ​នៅ​ស្រុក​ខ្មែរ​សម្រាប់​ខ្ញុំ​ក៏​សម្បូរ​ដែរ ប៉ុន្តែ​ប្រសិន​បើ​ទៅ​រស់​នៅ​ស្រុក​គេ គឺអ្វីៗ​នឹង​ត្រូវ​ចាប់​ផ្តើម​ពី​ចំណុច​សូន្យ ជា​មិន​ខាន​នោះ​ឡើយ»។

ខណៈ​ដំណឹង​ដែល​ល្បី​ថា មាន​បុរស​អាណិកជន​នឹង​ធានា​ទាំង​កូន និង​ម្តាយ ទៅ​រស់​នៅ​អាមេរិក​នោះ ក៏ត្រូវ​បាន​តារា​សម្តែង​ស្រី​ដែល​ជា​ម៉ូយ​តួ​ស្រី​ប្រចាំ​ផលិតកម្ម​មហាហង្ស និង​ពិធី​ការិនី​ទូរទស្សន៍​បាយ័ន ក៏បាន​អះអាង​យ៉ាង​ដាច់​ណាត់​ថា៖ «ពិត​ជា​គ្មាន​មែន!​ហើយ​បើ​គ្រាន់​តែ​ចង់​ទៅ​រស់​នៅ​អាមេរិក​នោះ មិន​ចាំបាច់​ទាល់​តែ​មាន​ប្រុស​អាណិក​ជន​ទើប​អាច​ធានា​បាន​នោះ​ទេ នាង​ខ្ញុំ​ក៏មាន​សាច់​ញាតិ ដែល​ជាជីដូន​បង្កើត និង​មាមីង​រស់​នៅ​អាមេរិក​ស្រាប់ ក៏​អាច​ធានា​បាន​ដែរ ប្រសិន​បើ​នាង​ខ្ញុំ​ចង់​ទៅ​រស់​នៅ​នោះ។ ចំពោះ​កូន​ស្រី​ខ្ញុំ​វិញ ដោយ​សារ​នាង​នៅ​តូច​នៅ​ឡើយ ក៏​មិន​ទាន់​ចង់​ឲ្យ​ទៅ​រស់​នៅ​ទីនោះ​ដែរ តែ​អាច​ចាំមើល​គាត់​ធំ​បន្តិច​ទៀត​សិន»។

ដោយឡែក​រឿង​ភាពផ្អែមល្ហែម​នឹង​កីឡាករ​រូប​សង្ហា​លោក លី វ៉ា​ហេ​ដ កំពុងតែ​ធ្វើ​ឲ្យ​មាន​ការ​មន្ទិល​សង្ស័យ​ថា ច្បាស់​ជា​តារា​ស្រី​មេម៉ាយ​កូន​មួយ អ្នក​នាង សុខ សោម៉ាវត្តី កំពុង​តែ​រឹត​បន្តឹង​ទំនាក់​ទំនង​ស្នេហា ខណៈ​គេ​សង្កេត​ថា​អ្នក​ទាំង ២ បង្ហាញ​ពី​ភាព​ស្និទ្ធស្នាល​ផ្តើម​តាំង​ពី​ចាប់​ដៃ​គ្នា​សម្តែង​កុន​ដុំ​រឿង «អ្នក​ខូចចិត្ត​អាជីព» មក​ម្ល៉េះ។

ប៉ុន្តែ​រឿង​ដ៏​រសើប​នេះ​អ្នកនាង សុខសោ​ម៉ា​វ​ត្តី ក៏​ធ្លាប់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ដែរ​ថា៖ «មិនមាន​អ្វី​ពិសេស​ដូច​ការ​សង្ស័យ ឬ​ការ​គិត​របស់​បង​ប្អូន​នោះ​ទេ! ហើយ​សារ​សរសេរ​តាម​ហ្វេសប៊ុក គ្រាន់​តែ​នាង​ខ្ញុំ​បាន​សរសេរ​លេង​ទេ​តើ​បង មិន​បាន​មាន​ន័យ​អ្វី​ជា​ពិសេស​ដល់​ម្លឹង​ទេ។ ប្រសិន​បើ នាង​ខ្ញុំ​មាន​អ្នកថ្មី​មែន​នោះ មិន​លាក់​ឡើយ ហើយ​នឹង​ប្រាប់​ឲ្យ​ដឹង​មិន​ខាន»៕