ក្រុង​ញូវដែលី : លោក អារុន គូម៉ា​បាចាក មាន​ជំនាញ​ចម្លែក​ ដែល​លោក​អាច​គូរ​រូប​ភាព​ដោយ​ប្រើ​ម៉ាស៊ីន​ដេរ​។ តាម​បច្ចេក​ទេស

នេះ​ជា​វិជ្ជា​ប៉ាក់​ មិន​មែន​គូរ​នោះទេ តែ​ស្នាដៃ​របស់​លោក​ពិត​ជា​រំលេច​នូវ​ភាព​លម្អិត​ដែល​មិន​ខុស​ពី​គំនូរ​ល្អ​វិចិត្រ​បំផុត​ចំពោះ​ភ្នែក​អត់​ជំនាញ​វិចិត្រករ​។ តាមពិត លោក​រចនា​រូប​ភាព​នេះ​ដោយ​ការ​ប្រើ​ម៉ាស៊ីន​ដេរ​។

លោក អារុន ពិត​ជា​ពូកែ​គូរ​រូប​ និង​ផាត់​ពណ៌​ ដោយ​លោក​មាន​ក្ដី​សុបិន​ចង់​ក្លាយ​ជា​ជាង​គំនូរ​ល្បី​ឈ្មោះ​ម្នាក់​។ ប៉ុន្ដែ​មរណភាព​របស់​ឪពុក​លោក​ភ្លាម​ៗ កាល​ពី ១៥ ឆ្នាំ​មុន បាន​រំលាយ​ក្ដី​ស្រមៃ​ និង​បង្ខំ​រូប​លោក​បោះ​បង់​ការ​សិក្សា​ដើម្បី​បន្ដ​វេណ​មុខ​របរ​ពី​គ្រួសារ​។ ឪពុក​លោក​ជា​ជាង​កាត់​ដេរ​ ហើយ​លោក​ក៏​ចាប់​អាជីព​នេះ​បន្ដ តែ​លោក​មិន​បណ្ដោយ​ឲ្យ​ជំនាញ​វិចិត្រករ​របស់​លោក​ស្លាប់​នោះ​ទេ​។

ខុស​ពី​ជំនាញ​គូរ​រូប លោក​បាន​ប្រើ​ម្ជុរ​ និង​អំបោះ តែ​មិន​ប្រើ​ដៃ​ផ្ទាល់ លោក​បាន​សម្រេច​ប្រើ​ឧបករណ៍​ម៉ាស៊ីន​ដេរ​តែ​ម្ដង​។ វា​ត្រូវ​ការ​ពេល​វេលា​យូរ​ដើម្បី​ឲ្យ​លោក​ស្ទាត់​នឹង​ជំនាញ​ថ្មី​នេះ តែបច្ចុប្បន្ន​លោក​ត្រូវបាន​ទទួល​ស្គាល់​ជា​វិចិត្រករ​ម៉ាស៊ីន​ដេរ​ទូទាំង​ពិភព​លោក​។

វិចិត្រករ​ម៉ាស៊ីន​ដេរ អាយុ ៣៥ ឆ្នាំ បាន​ប្រាប់ DNA India ថា​៖ «​ខ្ញុំ​បាន​ចាប់​ជំនាញ​ដេរ​នេះ​ ២៣ ឆ្នាំ​ហើយ​។ ឪពុក​ខ្ញុំ​ជា​ជាង​ដេរ​ តែ​គាត់​ឆាប់​ស្លាប់​ពេក​ ពេល​ខ្ញុំ​អាយុ​ទើប ១៦ ឆ្នាំ ហើយ​ខ្ញុំ​ត្រូវ​បោះ​បង់​ការ​សិក្សា​មក​បន្ដ​វេណ​ហាង​នេះ​។ កាល​នៅ​រៀន ខ្ញុំ​ពូកែ​ខាង​គូរ​រូប​ ហើយ​ខ្ញុំ​ក៏​ចាប់​ផ្ដើម​ប្រើ​ជំនាញ​គូរ​រូប​ និង​ដេរ​ចូល​គ្នា​»។

ស្នាដៃ​គំនូរ​ដេរ​​ល្បី​ៗ​បំផុត​ខ្លះ​របស់​លោក​ រួម​មាន គំនូរ​ស្ដេច​គ្រីស្នា ទំហំ ៦x៤ ដែល​លោក​ចំណាយ​ពេល​ដេរ ៣ ឆ្នាំ​ និង​សរសៃ​អំពោះ ២៨​៣៩​០០០ ម៉ែត្រ​ ឬ​គំនូរ​តុលាការ រ៉ាន់ជិត ស៊ីញ ទំហំ ៤x២ រូប​មហារាជា ស៊ីក​ ដែល​រូប​មនុស្ស​តូច​ៗ​ជិត ២០០០ នាក់​។ រូប​នេះ វិចិត្រករ​ម៉ាស៊ីន​ដេរ​ត្រូវ​ការ​ពេល​ជាង ១ ឆ្នាំ​។

លោក អារុន បាន​បើក​របរ​ដេរ​សម្លៀក​បំពាក់​ក្នុង​សង្កាត់​ អាដាឡាត បាហ្សារ នៃ​ក្រុង​ផាទីយ៉ាឡា ប្រទេស​ឥណ្ឌា តែ​លោក​បាន​ចំណាយ​ទឹក​ចិត្ដ​ និង​ពេល​វេលា​លើ​សិល្បៈ​គំនូរ​យ៉ាង​ច្រើន​៕ HR

ប្រភព odditycentral.com