ភ្នំពេញ៖ ជា​វិចិត្រសាល​ផ្ដោត​សំខាន់​លើ​​សិល្បៈ​សហសម័យ និង​ផ្សារ​ភ្ជាប់​អ្នក​ផ្ដល់​តម្លៃ​ដល់​​​សិល្បៈ​ ទៅ​នឹង​ការ​ទ្រទ្រង់​​​​ជីវភាព​សិល្បករ​ វិចិត្រសាល ស្រា អាត បាន​បន្ត​ដាក់​តាំង​នូវ​ស្នាដៃ​គំនូរ​ ដែល​ឆ្លុះ​បញ្ចាំង​ពី​ឥទ្ធិពល​នៃ​វប្បធម៌​ប្រពៃណី​ខ្មែរ​មក​លើ​​សិល្បករ​សហសម័យ​​សព្វ​ថ្ងៃ​នេះ​។

រឹត​តែ​ប្លែក​ទៅ​ទៀត​នោះ មិន​ខុស​ពី​ឈ្មោះ​វិចិត្រសាល​នេះ​ទេ ស្រា ត្រូវ​បាន​ប្រើប្រាស់​ជា​ភេសជ្ជៈ​ដែល​ជំរុញ​ញាណ​របស់​ទស្សនិកជន ឲ្យ​ទទួល​បាន​ប្រតិកម្ម និង​បទពិសោធ​ដ៏​អស្ចារ្យ អំឡុង​ពេល​ដើរ​ទស្សនា​ស្នាដៃ​សិល្បៈ​ក្រោម​ការ​ពន្យល់​យ៉ាង​ក្បោះក្បាយ​ពី​អ្នក​ជំនាញ​ផង​ដែរ។

ស្ថាបនិក​ខ្មែរ​-បារាំង​ អ្នកនាង Cecile Eap Berg​ បាន​ឲ្យ​ដឹង​ពី​កម្មវិធី Art and Wine Pairing នៅ​វិចិត្រសាល​ ស្រា អាត ថា៖ «យើង​ផ្ដើម​ចេញ​ពី​គំនិត​​​ថា នៅ​ពេល​មនុស្ស​សម្លឹង​ស្នាដៃ​សិល្បៈ ពួក​គេ​ទទួល​ឥទ្ធិពល​​ផ្នែក​អារម្មណ៍​ ដែល​ស្រដៀង​នឹង​បទពិសោធ​ក្រេប​ស្រា ​១ ​កែវ​ដែរ»។

ជា​រឿយៗ វិចិត្រសាល​តែងតែ​បង្កើត​កម្មវិធី Art and Wine Pairing ដោយ​តម្រូវ​ឲ្យ​អ្នក​ចូលរួម​ជាវ​សំបុត្រ​តម្លៃ​ ២០ ដុល្លារ សម្រាប់​ការ​ក្រេប​ស្រា អាហារ​សម្រន់ និង​ដំណើរ​ទស្សនា​គំនូរ ឬ​រូបថត​សិល្បៈ ដោយ​មាន​មគ្គុទេស​ក៏​​បរិយាយ​​ប្រាប់​យ៉ាង​ស៊ី​ជម្រៅ​អំពី​ស្នាដៃ​​ទាំង​នោះ​ផង​ដែរ។

ភ្ញៀវខ្មែរ និង​បរទេស ចូលរួមទស្សនា​ពិព័រណ៍​គំនូរ​សហសម័យ នៅ​វិចិត្រសាល ស្រា អាត​​។ រូបថត ហ៊ាន រង្សី

ស្ថិត​នៅ​វិចិត្រសាល​ដែល​ទើប​បើក​សម្ពោធ​កាល​ពី​ចុង​ឆ្នាំ​កន្លង​ទៅ​នេះ អ្នកនាង Eap ដែល​បាន​ពន្យល់​ទៀត​ថា៖ «ស្រា និង​សិល្បៈ​សុទ្ធ​តែ​ជះ​ឥទ្ធិពល​​ដល់​ផ្លូវ​អារម្មណ៍​របស់​យើង។ សិល្បៈ និង​ស្រា មាន​ប្រតិកម្ម​ដល់​ញាណ​របស់​យើង និង​បន្សល់​នូវ​បទពិសោធ​ដក់​ជាប់​ក្នុង​អារម្មណ៍​យើង​យូរ​អង្វែង»។

អ្នក​នាង​បាន​ជ្រើសរើស​អ្នក​ជំនាញ​​ផ្គត់ផ្គង់​ស្រា ដោយ​ជ្រើសរើស​នូវ​ប្រភេទ និង​រសជាតិ ស័ក្ដិសម​ទៅ​នឹង​បរិយាកាស​បែប​សិល្បៈ និង​អារម្មណ៍​ទស្សនិកជន។

កម្មវិធី​ Art and Wine Pairing ​ដែល​ទើប​តែ​ធ្វើ​ឡើង​កាល​ពី​​ថ្ងៃ​សៅរ៍​​ចុង​សប្ដាហ៍​​កន្លង​ទៅ​នេះ​ទទួល​បាន​ការ​គាំទ្រ ដោយ​មាន​ភ្ញៀវ​កក់​​ដំណើរ​​ទស្សនា​គំនូរ​ក្រេប​ស្រា​នេះ ពេញ​តែម្ដង។

ការ​គូរ​គំនូរ​លើ​ជញ្ជាំង​​ Cambodian Urban Art។ រូបថត ហ៊ាន រង្សី

ស្ថាបនិក​រូប​នេះ​បាន​បន្ត​ថា៖ «ដើម្បី​ឲ្យ​អ្នក​ចូលរួម​ទទួល​បទពិសោធ​ប្រសើរ​បំផុត​ យើង​ប្រើពេល ២ ម៉ោង​កន្លះ ទៅ​ ៣ ម៉ោង ដោយ​មាន​ការ​បម្រើ​អាហារ​សម្រន់។ អ្នក​ចូលរួម ​១ ​ក្រុមៗ​ត្រូវ​បាន​​កំណត់​ចំនួន​​ត្រឹមតែ ២៥ នាក់​ប៉ុណ្ណោះ ដើម្បី​ឲ្យ​ពួក​គេ​ទទួល​បាន​បទពិសោធ​​​នៅ​វិចិត្រសាល​យ៉ាង​ពេញ​លេញ»។

ដោយ​ឡែក​ពី​កម្មវិធី Art and Wine Pairing វិចិត្រសាល ស្រា អាត តែង​តែ​ស្វាគមន៍​ភ្ញៀវ​ចូល​ទស្សនា​ស្នាដៃ​​សិល្បៈ​ដោយ​សេរី។ គំនូរ​សហសម័យ​ជា​ច្រើន​ ដូចជា​ស្នាដៃ​វិចិត្រករ​បារាំង​ Williann ដែល​បង្កប់​ដោយ​និមិត្ត​សញ្ញា​ខ្មែរ​ និង​រូប​សត្វ​បង្កប់​គ្រប់​កន្លែង​ក្នុង​ផ្ទាំង​គំនូរ។ រីឯ​សិល្បករ​ខ្មែរ បណ្ដូល បាន​ផ្សារ​ភ្ជាប់​ដួង​ព្រលឹង​បុព្វបុរស​ទៅ​នឹង​ការ​រចនា​ក្រាហ្វិក​ស្ថាបត្យកម្ម ជុំវិញ​កេរ​ដំណែល​របស់​ លោក វណ្ណ ម៉ូលីវណ្ណ។

ពិព័រណ៍​ស្នាដៃ​ទាំង​​នេះ​នឹង​បន្ត​ដាក់​តាំង​រហូត​ដល់​ខែ​មីនា នៅ​វិចិត្រសាល ស្រា អាត ស្ថិត​នៅ​ផ្ទះលេខ 7/9E0 មហាវិថី​សុធារស ចន្លោះ​ផ្លូវ ១៧៨ និង​វត្ត​ឧណ្ណាលោម៕