ក្រុង​ប៊ុ​យ​ណូ​ស៊ែ: ប្រជាជន​អា​ហ្ស​ង់​ទីន ប្រហែលជា​ជួប​នូវ​បញ្ហា​ចំពោះ​ការ​ដាំ​ក្បាល​ចុះ​នៃ​សេដ្ឋកិច្ច​ជាតិ តែ​សម្រាប់​ភ្ញៀវ​ទេសចរ រូបិយ​ប័ណ្ណ​ជាតិ ប៉េ​សូ ដ៏​ដុន​ដាប​នេះ​បែរ​ជា​ផ្តល់​ប្រយោជន៍​ដល់​ពួកគេ​ទៅ​វិញ។

ភ្ញៀវទេសចរ​ប្រេ​ស៊ី​ល ប្រ៉េ​ដូ ព្យែ​រ៉ៃ​រ៉ា ដេ អា​ហ្សេ​វេ​ដូ បាន​កួត​ដៃ​សាទរ​ក្រោយពី​វិស្សមកាល​ក្រុម​គ្រួសារ​របស់​លោក ជាមួយ​ភរិយា និង​កូនៗ ៣ នាក់ ស្រាប់​តែ​ត្រូវ​ចំណាយ​តិច​លើស​ពី​ការ​រំពឹង​ទុក។

លោក បាន​និយាយ​ពេល​កំពុង​ថតរូប នៅក្រៅ​វិមាន​ប្រធានាធិបតី​អា​ហ្ស​ង់​ទីន​ថា៖ «យើង​ត្រៀម​លុយ ៧ ០០០ លុយ​ប្រេស៊ីល (១ ៧០០ ដុល្លារ) តែ​ទីបញ្ចប់ យើង​ចាយ​អស់​តែ​ពី ៣ ០០០ ទៅ ៣ ៥០០ លុយ​ប្រេស៊ីល​ប៉ុណ្ណោះ»។

ពេល​ពួកគេ​មកដល់​ក្រុង បេ​ឡូ ហូ​រី​ហ្សូ​ន ភាគ​ខាងកើត​ប្រេ​ស៊ី​ល នៅ​ថ្ងៃទី ៥ ខែកញ្ញា រូបិយប័ណ្ណ​កាក់​ប៉េសូ បាន​ធ្លាក់​ថ្លៃ ២០ ភាគរយ។

លោក អា​ហ្សេ​វេ​ដូ បាន​បន្ដថា៖ «យើង​អាច​ចាយ​មួយ​សប្បាយ​ដៃ និង​ទៅលេង​តាម​តំបន់​ទេសចរណ៍​នានា​ពេញ​ក្រុង​ប៊ុយណូស៊ែ»។

កូនស្រី​លោក​ម្នាក់ បាន​បន្ថែមថា៖ «នៅ​កីឡដ្ឋាន បូ​កា ជុន​ញៀ​រ យើង​ថែមទាំង​អាច​ទិញ​កៅអី VIP ថែម​ទៀត»។

ប្រាក់​ប៉េសូ​ធ្លាក់ថ្លៃ ធ្វើឲ្យ​ភ្ញៀវ​ទេសចរ​ធ្ងន់ហោប៉ៅ​​​​។ AFP

មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កីឡដ្ឋាន​និមិត្តរូប ប៊ុ​ម​បូ​ណេ​រ៉ា ក្នុង​សង្កាត់ ឡា​បូ​កា ខណ្ឌ ឡូរី ប៊ែ​ហូ ទេសចរ​អាមេរិក​ម្នាក់ ដែល​រស់​នៅ​ក្នុង​ប្រទេស​ស៊ីលី និង​មក​កម្សាន្ដ​ជាមួយ​ប្អូន​ប្រុស បាន​និយាយ​ថា នាង​យល់​ថា ខ្លួន​មាន​សំណាង​ដែល​អាច​ទទួល​ប្រយោជន៍​ពី​អត្រា​ប្ដូរ​ប្រាក់​នេះ។

នាង​និយាយថា៖ «កាលពី​យប់មិញ យើង​អាច​ទទួលទាន​មួយ​ចម្អែត​នៅ​ភោជនីយដ្ឋាន​ដោយ​ចំណាយ​តែ ៦០ ដុល្លារ​សម្រាប់​ទាំង ២ នាក់ ខណៈ​ធម្មតា​យើង​ត្រូវ​ចំណាយ​ដល់ ១០០ ដុល្លារ​ឯនោះ»។

រូបិយប័ណ្ណ​ប៉េ​សូ​ធ្លាក់​ថ្លៃ សៀវភៅ​ម​គ្គុ​ទេ្ទ​សក៍​ប្រែជា​ហួស​សម័យ។ ភ្ញៀវ​ទេសចរ​វ័យ​ក្មេង​បារាំង ផូលីន ហ្គោធៀរ ដើរ​តាម​វិថី​ប្រវត្ដិសាស្ដ្រ សាន់​តេលម៉ូ ជាមួយ​សង្សារ​របស់​នាង បាន​ពោល​ថា៖ «ពេល​អាន​សៀវភៅ​មគ្គុទេ្ទសក៍ វា​បាន​បង្ហាញ​ថា អ្វីៗ​ក៏​ថ្លៃ​នៅ​អាហ្សង់ទីន​នេះ តែ​រយៈពេល​ជាង ១០ ថ្ងៃ​សោះ យើង​ចាយ​លុយ​តិច​ជាង​ការ​គិត​ទុក​ឆ្ងាយ​ទៅ​ទៀត»។

វិបត្ដិ​នៅ​អា​ហ្ស​ង់​ទីន អាចជួយ​ឲ្យ​ភ្ញៀវទេសចរ​រីកមុខ​ដូច​គ្រាប់​ជីរ តែ​វា​ក៏បង្ក​ជា​បញ្ហា​ដល់​បណ្ដា​ប្រទេស​ជិត​ខាង ដែល​ធ្លាប់​ទទួល​ទេសចរ​ច្រើន ពិសេស​អ៊ុយរូហ្គាយ និង​ស៊ីលី​ជា​ដើម៕

ចំណាយ​លើ​ម្ហូបអាហារ​ក៏​ថោក​ជាង​មុន​សម្រាប់ទេសចរ។ AFP​​