ភ្នំពេញ៖ ក្រោយ​ពី​បាន​បង្ហាញ​សមត្ថភាព​ច្រៀង​ប្រកួត​​ប្រជែង​​​នឹង​បេក្ខជន-បេក្ខនារី​ ដែល​ជា​តារា​ចម្រៀង​អាជីព​ផ្សេងៗ​ទៀត​​​ចំនួន ៦ រូប យ៉ាង​តានតឹង​បំផុត​ចំនួន​ ​២ វគ្គ នៅ​​​​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី​ប្រកួត​ចម្រៀង​លំដាប់​ពិភព​លោក​ I Am A Singer Cambodia 2 ឬ​ I Am A Singer Cambodia ​​រដូវកាល​ទី​២ ​កាល​ពី​រាត្រី​ថ្ងៃទី ​២៦ ខែ ​កញ្ញា ឆ្នាំ ២០២០​​​ កញ្ញា វី ឌីណែត ត្រូវ​​​បាន​​គេ​ប្រកាស​លទ្ធផល​ក្លាយជា​ម្ចាស់​ពាន​។

លទ្ធផល​​ប្រកាស​ឈ្មោះ​​​ជយលាភី​​​ម្ចាស់​ពាន​ I Am A Singer Cambodia ​​រដូវ​កាល​ទី​២ ​​​បាន​ទៅ​លើ​កញ្ញា វី ឌីណែត ដែល​ជា​​​បុត្រី​ច្បង​របស់​តារា​ចម្រៀង​អធិរាជ​​​សំឡេង​ស្អក​លោក ហួរ ឡាវី​​ ដែល​ពាក់​ស្លាក​លេខ​ ​៧ ខណៈ​​​ការ​វិនិច្ឆ័យ​ដែល​បាន​​​ពី​ការ​ផ្ញើ​​សារ​​របស់​​​​មហាជន​ ​ដើម្បី​សម្រេច​​សេចក្តី​​​បូក​ផ្សំ​ទាំង ​២​ វគ្គ បញ្ចូល​គ្នា​​​​នៅ​ក្នុង​ថ្ងៃ​ប្រកួត​​វគ្គ​ផ្តាច់ព្រ័ត្រ​។

ហាក់​ដូចជា​​និស្ស័យ ​ដែល​កញ្ញា វី ​​ឌីណែត ​​ចាប់​ឆ្នោត​ច្រៀង​គូ​ជាមួយ​នឹង​​តារា​កិត្តិយស​​ប៉ះ​ចំ​ម្ចាស់​ពាន​ ​Cambodian Idol រដូវ​​កាល​ទី​១ គឺ​​លោក នី រតនា បក​ស្រាយ​បទ​ «មហាឈឺ»​ នៅ​វគ្គ​ទី​២ នៃ​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ ក្រោយ​ពី​ការ​​​ច្រៀង​ទោល​​នៅ​​វគ្គ​ទី​១ រួច​​មក​នោះ​។

ចំណែក​ឯ​តារា​ចម្រៀង​ប្រុស​ស្រី​ ៦ ដួង ទៀត​ ក៏​បាន​ចាប់​​ឆ្នោត​ច្រៀង​ជាមួយ​​​​តារា​ចម្រៀង​​​កិត្តិយស​​ល្បីៗ​ប្រចាំ​​​ផលិតកម្ម​ហង្សមាស​ និង​ផលិតកម្ម​ផ្សេង​ៗ​​​ដែរ​ដូចជា​​កញ្ញា ប៉ាច គីមមួយ ​ច្រៀង​​គូ​ជាមួយ​​​លោក ណុប បាយ៉ារិទ្ធ​ ជា​​​​គ្រូ​បង្វឹក​ និង​​គណៈកម្មការ​នៃ​កម្មវិធី​ Cambodian Idol និង​ The Voice Cambodia ឯ​​កញ្ញា ឈីន រតនៈ ច្រៀង​គូ​ប៉ះ​ជាមួយ​នឹង​​លោក ឆន ​សុវណ្ណរាជ​ ជា​គ្រូ​បង្វឹក​ និង​គណកម្មការ​ Cambodian Idol និង​ The Voice Cambodia ដែរ​។

ចំពោះ​​កញ្ញា តាក់ ម៉ា វិញ​ច្រៀង​គូ​ប៉ះ​ចំ​អ្នកនាង សុគន្ធ នីសា ខណៈ​​លោក ឃុន វុត្ថា ច្រៀង​​ជាមួយ​នឹង​​លោក ខាន់ ចេមស៍​​ តារា​ចម្រៀង​​មក​ពី​ផលិតកម្ម​សាន់ដេ​ ហើយ​លោក សុំ សុវណ្ណារ៉ាក់ ច្រៀង​ប៉ះ​ចំ​ម្ចាស់​ពាន​​ I Am A Singer Cambodia1 ​គឺ​លោក ដួង វីរៈសិដ្ឋ​ រីឯ​លោក គង់ ចំរើន ច្រៀង​ជាមួយ​​នឹង​កញ្ញា ឈិន ម៉ានិច្ច​ ដែល​ជា​ម្ចាស់​ពាន​កម្មវិធី​ Cambodian Idol 2។​​

សម្រាប់​កម្មវិធី​លំដាប់​ពិភព​លោក​ I Am A Singer Cambodia រដូវ​កាលទី ២ បាន​ឆ្លង​កាត់​វគ្គ​ប្រឡង​ជម្រុះ​អស់​រយៈពេល ​១២​ សប្តាហ៍ ​តាមរយៈ​ការ​បញ្ចេញ​អស់​ពី​សមត្ថភាព​របស់​បេក្ខជន​ ក្រោម​ការ​ដាក់​ពិន្ទុ​យ៉ាង​សុក្រឹតភាព​​ពី​គណៈកម្មការ​ការ​យក​ចិត្ត​​​​ទុក​​ដាក់​ពី​សំណាក់​គ្រូបង្វឹក និង​ការ​បោះ​ឆ្នោត​គាំទ្រ​ពី​សំណាក់​ទស្សនិកជន​ ហើយ​​​​នៅ​ទី​បំផុត​កម្មវិធី​លំដាប់​ពិភព​លោក​​​​មួយ​​នេះ​ក៏​បាន​រក​ឃើញ​ជយលាភី​ម្ចាស់ពាន​ ​គឺ​បាន​ទៅ​លើ កញ្ញា វី ឌីណែត​ ដោយ​ទទួល​បាន​​ការ​ផ្ញើសារ​គាំទ្រ​ច្រើន​ជាង​​​​គេ​​។

ថ្លែង​​ទាំង​ទឹក​​មុខ​រលើប​រលើម​ប្រកប​​ដោយ​​អារម្មណ៍​រំភើប​ ចំពោះ​លទ្ធផល​បាន​​ក្លាយ​ជា​​​ម្ចាស់​ពាន​នោះ​ កញ្ញា វី ឌីណែត ហាក់​ដូច​ជា​​មិន​​មាន​អ្វី​ក្រៅ​ពី​ពាក្យ​ពេចន៍​អរគុណ​​​ឡើយ ​សម្រាប់​ការ​​ខិតខំ​ប្រឹងប្រែង​រហូត​សម្រេច​​ក្តី​បំណង​មួយ​​នេះ​ទាល់​តែ​បាន​ ខណៈ​​​គេ​​នៅ​​ចាំ​បាន​ថា កាល​ពី​​កម្មវិធី I Am A Singer ​Cambodia រដូវកាល​ទី​១ កញ្ញា​ក៏​ធ្លាប់​បាន​ចូល​ប្រកួត​ផង​ដែរ​។

កញ្ញា វី ឌី​ណែត បាន​បង្ហាញ​ចំណាប់​អារម្មណ៍​​ថា៖ «នាង​ខ្ញុំ​ ពិត​ជា​រំភើប​ចិត្ត​ខ្លាំង​រក​​អ្វី​មក​ប្រៀប​បាន​ឡើយ ហើយ​ក៏​ថ្លែង​អំណរគុណ​យ៉ាង​ជ្រៀលជ្រៅ​ចំពោះ​ការ​ស្រឡាញ់​ និង​គាំទ្រ​ពី​សំណាក់​បង​ប្អូន​ប្រិយមិត្ត​។ ហើយ​នាង​ខ្ញុំ​ ក៏​មិន​ភ្លេច​ដែរ​ចំពោះ​លោក​​គ្រូ​ភ្លេង​របស់​នាង​ខ្ញុំ ដែល​គាត់​បាន​ខំ​ប្រឹង​តាក់​តែង​ទំនុក​ច្រៀង​ និង​ភ្លេង​សម្រាប់​នាង​ខ្ញុំ​រហូត​មក​»៕​