ភ្នំពេញ៖ ​​ក្រៅ​ពី​កម្មវិធី​សម្តែង​​សិល្បៈ​​ចម្រុះ​នានា ​ដែល​​​​ត្រូវ​​សម្តែង​​តាម​​ពេលវេលា​កំណត់​នៅ​​​​ក្នុង​មហោស្រព​​​សិល្បៈ​​ប្រចាំ​ឆ្នាំ​ដ៏​​ធំ​​​មួយ​ឈ្មោះ​​ថា​ «សិល្បៈ​ដើម្បី​សន្តិភាព» ​​ចាប់​​​ពី​ថ្ងៃទី ១៤ ដល់​ថ្ងៃទី ២៤ ខែ វិចិ្ឆកា ឆ្នាំ ​២០១៩​​​​ ​អ្នក​ទស្សនា​នឹង​បាន​ជួប​​​​​វត្តមាន​​នៃ​ក្រុម​​​​វីរជន​សិល្បៈ​លាក់​​មុខ​​​ចំនួន​ ២៥ រូប ​ដែល​ជា​​​​តំណាង​​ចាស់​ទុំ​នៃ​ផ្នែក​សិល្បៈ​សហគមន៍​ទាំង​ ២៥ ខេត្ត-ក្រុង​​​​។​

ដោយសារ​តែ​មិន​ចង់​ឲ្យ​ចំណេះ​ជំនាញ​ផ្នែក​សិល្បៈ​វប្បធម៌​ខ្មែរ មាន​ត​ពី​ដូនតា​មក​បន្ត​រង​នូវ​ការ​បាត់បង់ ឬ​​សាប​រលាប​អស់​អត្តសញ្ញាណ ហើយ​កូនចៅ​ជំនាន់​ក្រោយៗ​លែង​បាន​ស្គាល់ និង​ស្រប​ពេល​មាន​កម្មវិធី​​​ធំ​មួយ​​ប្រចាំ​ឆ្នាំ ​២០១៩ «​សិល្បៈ​ដើម្បី​សន្តិភាព​» នេះ​ អង្គការ​សិល្បៈ​ខ្មែរ​អមតៈ (CLA) ក៏​បាន​បង្កើត​គម្រោង​​មួយ​​ឈ្មោះ​ថា ការ​ស្វែងរក «​វីរជន​សិល្បៈ​​​លាក់​មុខ​»​ ​តាម​ខេត្ត​-ក្រុង ​ទូទាំង​​ប្រទេស កម្ពុជា​​។

អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​កំពុង​តែ​ស្វែងរក​ដំណឹង​អំពី «​វីរជន​សិល្បៈ​លាក់​មុខ​» ដែល​កំពុង​រស់នៅ​តាម​បណ្ដា​ខេត្ត​នានា​នៅ​ក្នុង​គោលបំណង​ដើម្បី​កំណត់​ឲ្យ​បាន​ពី​ទិន្នន័យ​បុគ្គល​ដែល​មាន​ស្នាដៃ​ដ៏​ធំធេង​លើ​វិស័យ​សិល្បៈ និង​វប្បធម៌ ហើយ​មហាជន​មិន​សូវ​ដឹង ឬ​ស្គាល់​អំពី​ពួក​គាត់​។

អ្នកស្រី សូ ភីណា ប្រធាន​កម្មវិធី​ផ្នែក​ចំណេះដឹង​បណ្ដាញ និង​គោល​នយោបាយ និង​ជា​ប្រធាន​គម្រោង​​នៃ​ការ​ស្វែងរក «​វីរជន​សិល្បៈ​​លាក់​មុខ​» បាន​ឲ្យ​ដឹង​​ថា​៖ «នៅ​ថ្ងៃ​ប្រារព្ធ​មហោស្រព​ «​សិល្បៈ​ដើម្បី​សន្តិភាព​»​ នៅ​សប្តាហ៍​ក្រោយ​នេះ ប្រិយ​មិត្ត​នឹង​បាន​​ឃើញ​វត្តមាន​របស់​វីរជន​សិល្បៈ​លាក់​មុខ​ ដែល​យើង​បាន​ស្វែងរក​ឃើញ​​ចំនួន ២៥ រូប ​​ដោយ​យើង​បាន​សម្រេច​​យក​ចំនួន​ ១ ​រូប​តែ​ប៉ុណ្ណោះ​ ​សម្រាប់​ជា​តំណាង​ ១ ​ខេត្ត ឬ​​ ១ ក្រុង​ ទៅ​​តាម​មុខ​ជំនាញ​​ពួក​គាត់​រួម​មាន​ដូច​​ជា​ផ្នែក​តន្រ្តី របាំ អ្នក​និពន្ធ ឬ​ជា​អ្នក​​ដឹកនាំ​ក្រុម​​សិល្បៈ​សហគមន៍​នានា​​នៃ​ចំនួន ២៥​​ តាម​ខេត្ត​-ក្រុង នៅ​ក្នុង​​​ប្រទេស​ ​កម្ពុជា។

លោក ម៉ៅ សោភ័ណ (ឆ្វេង) ជួយស្តារសិល្បៈវប្បធម៌នៅខេត្តពោធិ៍សាត់។ រូបថត CLA

ដោយ​ឡែក​​​មក​​​​ទល់​នឹង​ពេល​នេះ យើង​ក៏​​បាន​ទទួល​ព័ត៌មាន​ចុង​ក្រោយ​ពី​ពួក​គាត់​ផង​ដែរ គឺ​​​​ថា​អាច​មាន​ អវត្តមាន​​ខ្លះ​ ដោយសារ​​​មាន​​វីរជន​សិល្បៈ​​យើង​​ខ្លះ​គាត់​មាន​​ធុរៈ​ផ្ទាល់​ខ្លួន​មិន​អាច​​ឆ្លៀត​មក​បាន និង​​អ្នក​ខ្លះ​មិន​អាច​មក​​ដោយសារ​​​តែ​កត្តា​​សុខភាព​ចាស់​ជរា​ទ្រុឌទ្រោម​ ពុំ​អាច​​ធ្វើ​​ដំណើរ​​​មក​ចូលរួម​បាន​។ ​យ៉ាង​ណា​យើង​ក៏​មាន​កម្មវិធី​ពិសេស​មួយ សម្រាប់​ក្រុម​វីរជន​សិល្បៈ​លាក់​មុខ​ទាំង​​អស់​ចំនួន ​២៥ រូប​​នោះ​​ផង​ដែរ​ ​គឺ​ការ​តាំង​ពិព័រណ៍​រូប​ថត និង​ស្នាដៃ​ ឬ​ការងារ​របស់​ពួក​គាត់​​នៅ​ក្នុង​កម្មវិធី​មហោស្រព​សិល្បៈ ​ដើម្បី​សន្តិភាព​នេះ​»។​

ប្រទេស ​កម្ពុជា ​យើង​គឺ​មាន​អ្នក​ដែល​បូជា​​ទាំង​កម្លាំងកាយ​ចិត្ត​ក្នុង​ការងារ​ការពារ អភិរក្ស​សិល្បៈ និង​វប្បធម៌​ជា​ច្រើន​រូប​ដែល​យើង​​ពុំ​សូវ​បាន​ស្គាល់​ ដូច្នេះ​ដល់​ពេល​ហើយ ដែល​គួរ​​ធ្វើ​អ្វី​មួយ ដើម្បី​ឲ្យ​សាធារណជន​បាន​​​ស្គាល់​​ពួក​គាត់ និង​ទទួល​ស្គាល់​កិច្ច​​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គាត់ ខណៈ​ពេល​​កន្លង​មក​​ក៏​ដូចជា​ផ្ដល់​ការ​គាំទ្រ​នានា​ ដើម្បី​ឲ្យ​ពួក​គាត់​មាន​ក្ដី​សង្ឃឹម ក្នុង​ចិត្ត​ និង​​កាន់​តែ​មាន​កម្លាំង​ចិត្ត​បន្ត​ការងារ​​​​ទៅ​មុខ​ទៀត​។

ប្រធាន​គម្រោង​ស្វែងរក «​វីរជន​សិល្បៈ​​​លាក់​មុខ​» ​អ្នក​ស្រី សូ ភីណា ក៏​បាន​លើក​ឡើង​ថា៖ «តាមរយៈ​កម្មវិធី​នេះ យើង​គិត​ថា ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ សម្រាប់​សង្គម​​ជាតិ​យើង​ទាំង​អស់​គ្នា​។ ចំពោះ​កម្មវិធី ​​«​វីរជន​សិល្បៈ​​លាក់​មុខ​» នេះ​ដែរ​អាច​នឹង​មាន​ភាព​ទាក់​ទាញ​នូវ​​ចំណាប់​អារម្មណ៍​ទាំង​មហាជន​ទូទៅ ក៏​ដូចជា​ថ្នាក់​ក្រសួង​ពាក់ព័ន្ធ និង​រាជរដ្ឋាភិបាល​ទៀត​ផង​ សម្រាប់​ការ​ប្រារព្ធ​ធ្វើ​ជា​លើក​ដំបូង​នេះ​តែ​ម្តង។

ម្យ៉ាង​វិញ​ទៀត កម្មវិធី​នេះ​ក៏ជា​សក្ខីភាព​​មួយ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​គិត​គូរ និង​លើក​ទឹក​ចិត្ត​ទៅ​ដល់​ក្រុម​វីរជន​សិល្បៈ​នានា ​ដែល​នៅ​តាម​ខេត្ត​-ក្រុង ​​ទាំង ​២៥ របស់​យើង​​ ព្រោះ​ថា​ពួក​គាត់​បាន​រួម​ចំណែក​អភិរក្ស និង​ថែរក្សា​​សិល្បៈ​វប្បធម៌​ជាតិ។​ និយាយ​ឲ្យ​ចំ​ទៅ​ពួក​គាត់​ក៏​ត្រូវ​ការ​​ការ​គាំទ្រ​ដែរ​»​៕​