ក្រុងប៉េកាំង: សកម្មភាព​ដ៏ក្លាហាន​របស់​ពីឡុត​ចិន លីវ ឈួនជៀន ដែល​ទទួល​បាន​នូវ​ការ​សាទរ​​ ក្រោយ​ពី​ការ​សម្រេច​ចិត្ដ​ចុះ​ចត​បន្ទាន់​ប្រកប​ដោយ​ជោគជ័យ​ នឹង​ត្រូវ​បាន ​យក​វីរភាព​របស់​លោក ​រំលេច​ជា​ភាពយន្ដ​។ នោះ​បើ​យោងតាម​វេបសាយ paper.cn បាន​រាយការណ៍​ដូច្នេះ​។

ភាពយន្ដ​នេះ​នឹង​ផលិត​ឡើង​ដោយ​ផលិតកម្ម​ចិន Bona Film Group ដែល​សំណើ​សុំ​ថត​ត្រូវ​បាន​អនុម័ត​ពី​រដ្ឋបាល​សារព័ត៌មាន​បោះពុម្ព​ផ្សាយ វិទ្យុ ភាពយន្ដ និង​ទូរទស្សន៍​របស់​រដ្ឋ​រួច​ជា​ស្រេច​។

ដំណើរ​រឿង​នេះ​ផ្ដោត​លើ​បទពិសោធ​ពិត​របស់​ពីឡុត លីវ ឈួនជៀន ជា​ប្រធាន​ក្រុម​លើ​អាកាសចរណ៍ Sichuan Airlines ដែល​កាលពី​ខែ​ឧសភា ​បាន​ចុះ​ចត​យន្ដ​ហោះ​ ក្រោយ​ពី​ជួប​បញ្ហា​បាត់បង់​សម្ពាធ​ខ្យល់​ក្នុង​កាប៊ីន​រយៈពេល ២០ នាទី​។

លោក​បាន​បើក​យន្ដហោះ A319 ពី​ក្រុង​ឈុងគីង​ ទៅ​កាន់​ក្រុង​ ឡាសា តំបន់​ទីបេ ពេល​កញ្ចក់​មុខ​យន្ដហោះ​បាន​បែក​នៅ​រយៈ​កម្ពស់ ៩,៧៥ គីឡូម៉ែត្រ​ពី​លើ​ដី​ ហើយ​សហសេវិក​របស់​លោក​ត្រូវ​បាន​ខ្យល់​ស្រូប​បឺត តែ​សំណាង​ល្អ​នៅ​ជាប់​ខ្សែ​ក្រវាត់​សុវត្ថិភាព​។

លោក លីវ បាន​ចុះ​ចត​ដោយ​សុវត្ថិភាព​ដោយ​គ្មាន​អ្នក​ដំណើរ​ម្នាក់​របួស​ឡើយ​។

លោក លីវ ត្រូវ​បាន​ផ្ដល់​ប្រាក់​រង្វាន់​លើក​ទឹកចិត្ដ ៥ លាន​យ័ន (៧៣ ម៉ឺន​ដុល្លារ​) និង​ទទួល​ងារជា «​ប្រធាន​ក្រុម​ពីឡុត​ក្លាហាន​ប្រចាំ​អាកាសចរណ៍​ស៊ីវិល​ចិន​»។

លោក​បាន​ប្រាប់​បណ្ដាញ​ផ្សព្វផ្សាយ​ថា ពេល​នោះ​លោក​មាន​ជំនឿ​ចិត្ដ​ថា លោក​អាច​បញ្ជា​ចង្កូត​យន្ដហោះ​ទៅ​កាន់​អាកាស​យានដ្ឋាន​ជិត​បំផុត​ពេល​ប្រព័ន្ធ​ស្វ័យប្រវត្ដិ​ឈប់​ដំណើរការ​។

លោក លីវ គឺ​អ្នក​បង្វឹក​ម្នាក់​នៅ​មហាវិទ្យាល័យ​អាកាសចរណ៍ PLA Air Force No 2 Flight College ក្នុង​ខេត្ដ​ស៊ីឈួន​រយៈពេល ១០ ឆ្នាំ​មុន​ពេល​ចូលរួម​ធ្វើ​នៅ​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ឆ្នាំ​ ២០០៦៕ HR