ក្រុងអាប៊ូហ្សា: ផ្ទាំង​ប៉ាណូ​ធំៗ​ផ្សព្វផ្សាយ​ពី​ផលិតផល​ស្រាបៀរ​ពេល​នេះ គ្រប​ដណ្ដប់​ពាសពេញ​ទីក្រុង​អគារ​ខ្ពស់​កប់ពពក​នៅ​ក្រុង​ឡាហ្គោស ប្រទេស​នីហ្សេរីយ៉ា ដែល​បង្ហាញ​ពី​កំណើន​ប្រដេញ​គ្នា​រវាង​ក្រុមហ៊ុន​ស្រាបៀរ​ចម្រុះ​ជាតិ​សាសន៍​ខិតខំ​បំពេញ​តម្រូវការ​អ្នក​ទទួលទាន​ក្នុង​ប្រទេស​មាន​ប្រជាជន​ច្រើន​បំផុត​នៅ​អាហ្វ្រិក​មួយ​នេះ​។

បច្ចុប្បន្ន​វា​គ្រាន់តែ​ជា​ទីផ្សារ​ថ្មី​ដែល​ពលរដ្ឋ​ទទួល​ទាន​ស្រាបៀរ​ជា​មធ្យម​តែ ៩ លីត្រ​ក្នុង​ ១ ​ឆ្នាំ​សម្រាប់​មនុស្ស​ម្នាក់​ស្ថិត​នៅ​ក្រោម​បណ្ដា​ប្រទេស​នៅ​អាហ្វ្រិក ដែល​មាន​ចំនួន​មធ្យម ៥៧ លីត្រ​។ នេះ​យោង​តាម​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ Euromonitor​។

ប៉ុន្ដែ​ជាមួយ​ប្រជាជន​ជាង​ពាក់កណ្ដាល​ចំណោម ១៩០ លាន​នាក់​អាយុ​ក្រោម ៣០ ​ឆ្នាំ​ហើយ​ចំនួន​ប្រជាជន​សរុប​រំពឹង​ថា​នឹង​ហក់​ដល់ ៤១០ លាន​នាក់​ក្នុង​ឆ្នាំ​ ២០៥០ ដែល​ក្រុមហ៊ុន​ផលិតស្រាបៀរ​យក្ស​ក្នុង​ពិភពលោក​សម្លឹង​ស្រក់ទឹកមាត់​។

ក្រុមហ៊ុន​ស្រាបៀរ​យក្ស​ជាច្រើន​កំពុង​ប្រជែង​ដណ្ដើម​ទីផ្សារ​នៅ​នីហ្សេរីយ៉ា​។ AFP

រយៈពេល​ជាច្រើន​ឆ្នាំ​ក្រុមហ៊ុន​ធំៗ​ជាច្រើន​បាន​បោះជំហាន​ចូល​ទីផ្សារ​នីហ្សេរីយ៉ា ដូចជា Gulder, Star និង Heineken ជាដើម​។

ការផ្សព្វផ្សាយ​បាន​ក្លាយ​ជា​ការប្រកួតប្រជែង​ចំណោម​ក្រុមហ៊ុន​ស្រាបៀរ​នានា ដោយ​ពួកគេ​ប្រញាយ​រៀបចំ​ការប្រគំ​តន្ដ្រី កម្មវិធី​ហ្វាសសិន និង​ជប់លៀង​លើ​ទូក​កម្សាន្ដ​ដើម្បី​ទាក់​ចិត្ដ​អតិថិជន​។

ម្ចាស់​ភោជនីយដ្ឋាន និង​ក្លិប​កម្សាន្ដ​និយាយ​ថា ពួកគេ​ត្រូវ​បាន​ក្រុមហ៊ុន​ស្រាបៀរ​ចាត់ទុក​ជា​ស្ដេច​ដោយ​ពួកគេ​ជា​អ្នក​រក​ចំណូល​ឲ្យ​ក្រុមហ៊ុន​។

នាយក​រោងចក្រ AB InBev ថូនី អាហ្គា ប្រាប់ AFP ថា​៖ «​អ្នក​ទទួលទាន​ផ្ដើម​កត់សម្គាល់​ឃើញ​ថា​មាន​ឆាកប្រយុទ្ធ​យ៉ាង​សម្បើម​ក្នុង​ទីក្រុង​។ នោះ​គឺជា​សង្គ្រាម​ស្រាបៀរ​»​។

នីហ្សេរីយ៉ា ​គឺជា​ទីផ្សារ​ដ៏ចម្រុងចម្រើន​៕ HR