ក្រុងវ៉ាស៊ីនតោន: Bess អាយុ ១១ ឆ្នាំរង់ចាំឲ្យគេចាប់ជ្រមុជទឹកយ៉ាងអត់ធ្មត់ក្នុងសីតុណ្ហភាពត្រជាក់ជាងកម្ដៅរាងកាយរបស់វាបន្ដិចប៉ុណ្ណោះ។ ការព្យាបាលរោគដោយការត្រាំទឹកត្រជាក់ នឹងមានរយៈពេលតែ ១៧ នាទី តែវាមានប្រសិទ្ធភាពចំពោះជំងឺសន្លាក់។ Bess គឺជាសត្វឆ្មា!
ដើម្បីសម្រួលអាការជំងឺសន្លាក់ ឆ្មាអម្បូរ Maine Coon មានទម្ងន់ ១០ គីឡូក្រាមត្រូវបាននាំយកទៅកាន់មន្ទីរពេទ្យមិត្ដភាពសត្វរាល់សប្ដាហ៍ ជាគ្លីនិកពេទ្យសត្វមួយស្ថិតនៅលើវិថីដ៏អ៊ូអរនៃក្រុងវ៉ាស៊ីនតោន។
លើសពីការព្យាបាលបែបបុរាណ គ្លីនិកនេះផ្ដល់ការថែទាំតាមបែបផែនមនុស្ស ដូចជាការចាក់ម្ជុលវិទ្យាសាស្ត្រ និងអេកូសាស្ដ្រជាដើម។
Christine Klippen ជាគ្រូពេទ្យសត្វម្នាក់ក្នុងចំណោម ៦៣ នាក់ដែលបម្រើការនៅគ្លីនិករៀងរាល់ថ្ងៃពេញ ១ ឆ្នាំ និយាយថាសត្វចិញ្ចឹមត្រូវបានចាត់ទុកជាសមាជិកគ្រួសារ។
យោងតាមលោក ស្ដេវ ឃីង ប្រធានសមាគមផលិតផលសត្វចិញ្ចឹមនៅអាមេរិក ប្រទេសមហាអំណាចមានពលរដ្ឋ ៨៤,៩ លានគ្រួសារ ឬ ៦៨ ភាគរយមានសត្វចិញ្ចឹមក្នុងផ្ទះ។
លោកបាននិយាយថា៖ «មហាសេដ្ឋីគ្រប់ជំនាន់សុទ្ធតែមានសត្វចិញ្ចឹមផ្ទាល់ខ្លួន ដែលច្រើនជាងការរីកចម្រើននៃចំនួនប្រជាសាស្ដ្រក្រោយសម័យសង្គ្រាម»។
កាលពីឆ្នាំមុនអតិថិជនចំណាយលើសត្វចិញ្ចឹមរហូតដល់ ៧២,៦ ពាន់លានដុល្លារ ហើយ APPA រំពឹងថាចំនួននេះនឹងកើនដល់ ៧៥,៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩នេះ។
លោក ឃីង មកពីសមាគម APPA បានបន្ដថា៖ «ដោយសារតែយើងយល់ឃើញចំពោះសត្វចិញ្ចឹមក្នុងទស្សនៈខុសៗគ្នា វាលែងជាទម្លាប់ឲ្យនំឆ្កែស៊ីធម្មតាៗទៀតហើយ»។
ម្ចាស់សត្វចិញ្ចឹមខ្លះត្រៀមចំណាយប្រាក់សន្ធឹកលើសុខភាពរបស់វា រួមមានការលាងឈាមមានតម្លៃចន្លោះពី ១២០០០ ទៅ ១៥០០០ ដុល្លារ ខណៈតម្លៃនៃការវះកាត់សន្លាក់អាចចំណាយពី ៥០០០ ទៅ ៧០០០ ដុល្លារឯណោះ៕ HR