ក្រុងកូឡុំបូ៖ សត្វ​ឆ្មា​មួយ​ក្បាល​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ធំ​​នៃ​ប្រទេស​ស្រីលង្កា ព្រោះ​តែ​​វា​ត្រូវ​បាន​គេ​ចាប់​បាន​​លួច​នាំ​​​កញ្ចប់​​គ្រឿង​ញៀន និង​ស៊ីមកាត​ទូរស័ព្ទ​ចូល​បរិវេណ​គុក​នោះ ទី​បំផុត​​បាន​លួច​រត់​​បាត់​ហើយ។ នេះ​បើ​យោង​តាម​របាយការណ៍​មន្ត្រី​​ពី​ដើម​សប្ដាហ៍។

កាល​ពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​កន្លង​ទៅ​នេះ សត្វ​ឆ្មា​ត្រូវ​បាន​ប្រព័ន្ធ​សុវត្ថិភាព​ឆ្លាត​វៃ​បំពាក់​ក្នុង​គុក ចាប់​បាន​​ពី​សារធាតុ​ដែល​វា​នាំ​យក​មក​ជាមួយ។

មន្ត្រី​ពន្ធនាគារ Welikada បាន​ឲ្យ​ដឹង​ថា ឆ្មា​នេះ​ត្រូវ​បាន​ភ្ជាប់​មក​ជាមួយ​នូវ​កូន​ថង់​ប្លាស្ទិក​​មាន​ផ្ទុក​សារធាតុ​ហេរ៉ូអ៊ីន​ ២ ​ក្រាម ស៊ីមកាត ចំនួន ​២ និង​ Memory ឈីប ​​ចង​ភ្ជាប់​នឹង​​ក​របស់​វា។

ប៉ុន្តែ​កាល​ពី​ថ្ងៃ​អាទិត្យ វា​បាន​លួច​រត់​​ពី​បន្ទប់​​ក្នុង​គុក។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​​របស់​កាសែត Aruna។

យ៉ាង​ណា​មិញ មិន​មាន​ព័ត៌មាន​បន្ថែម​​ពី​អជ្ញាធរ​ពន្ធនាគារ​ ថា​តើ​ពួក​គេ​នឹង​តាម​ចាប់​សត្វ​ឆ្មា​នោះ​មក​វិញ ឬ​យ៉ាង​ណា​ឡើយ។

គួរ​​ឲ្យ​កត់​សម្គាល់​ផង​ដែរ​ថា នៅ​ពន្ធនាគារ​ដដែល​នេះ​មាន​ករណី​​គប់​​​កញ្ចប់​ថ្នាំ ទូរស័ព្ទ និង​ឆ្នាំង​សាក ផ្លោះ​ជញ្ជាំង​​​គុក​ជា​ហូរហែ។

ប្រទេស​ស្រីលង្កា​ កំពុង​តែ​​ប្រឈម​នឹង​បញ្ហា​គ្រឿង​ញៀន ហើយ​កាល​ពី​សប្ដាហ៍​មុន​ ប៉ូលិស​ទើប​តែ​អឹប​អូស​​បាន​​សត្វ​ឥន្ទ្រី​ដ៏​ជំនាញ ដែល​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​រត់​ពន្ធ​គ្រឿង​ញៀន និង​ចែកចាយ​សារធាតុ​នីកូទីន​នៅ​ជាយ​ក្រុង​កូឡុំបូ៕ AFP