ភ្នំពេញ៖ នៅ​ទីបំផុត​ការ​ប្រកួត​​ប្រជែង​តែង​និពន្ធ​រឿង​ខ្លី​ពានរ​​ង្វាន់​អក្សរសិល្ប៍​ស្លឹករឹត​លើក​​ទី១ ​ឆ្នាំ ២០២០ ក្រោម​​ប្រធាន​បទ​ «ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជជន​កម្ពុជា​ក្នុង​របប​​​កម្ពុជា​ប្រជាធិបតេយ្យ»​ ដែល​​​​សមាគម​​​អ្នក​និពន្ធ​​​ខ្មែរ​​ ​សហការ​រៀបចំ​ជាមួយ​មជ្ឈមណ្ឌល​​ឯកសារ​កម្ពុជា​បាន​ប្រគល់​ពាន​រង្វាន់​ដល់​ម្ចាស់​​ជយលាភី​ចំនួន ​៩​ ​កាល​ពី​​ថ្ងៃទី ​៤ ខែ ​សីហា ​ឆ្នាំ ​២០២០​។

លោក​បណ្ឌិត​ ព្រឿង ប្រណីត ដែល​ជា​​ប្រធាន​សមាគម​អ្នក​និពន្ធ​ខ្មែរ​ បាន​មាន​ប្រសាសន៍​រំឭក​​ពី​ដំណើរ​ការ​រៀបចំ​ប្រកួត​ប្រជែង​នា​ឱកាស​ប្រគល់​ពាន​រង្វាន់​អក្សរ​សិល្បិ៍​ស្លឹករឹត​ ​ទៅ​ដល់​​ម្ចាស់​ជយលាភី​លើក​ទី១ នៅ​ឯ​វិទ្យាស្ថាន​​ពុទ្ធ​សាសន​បណ្ឌិត្យ​ថា៖ ថ្ងៃ​នេះ គឺ​ជា​ទិវា​ដ៏​​នក្ខត្ត​ឫក្ស​​មួយ ដែល​សមាគម​​អ្នក​និពន្ធ​ខ្មែរ ​សហការ​ជាមួយ​នឹង​​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ប្រារព្ធ​ពិធី​ប្រកាស និង​ប្រគល់​ពាន​រង្វាន់​អក្សរសិល្ប៍​ស្លឹករឹត​លើក​ទី១ ឆ្នាំ​ ២០២០។

ក្នុង​ន័យ​នេះ ដើម្បី​ធ្វើ​ឲ្យ​បាន​​សម្រេច​​នូវ​​គោល​បំណង​ខាង​លើ​សមាគម​​​អ្នក​និពន្ធខ្មែរ និង​មជ្ឈមណ្ឌល​​ឯកសារ​កម្ពុជា​បាន​​សហការ​រៀបចំ​ការ​ប្រកួត​ប្រជែង​​​ស្នាដៃ​តែង​និពន្ធ​រឿង​ខ្លី​លើក​ទី១ ​នេះ តាំង​ពី​ខែ កញ្ញា ឆ្នាំ​ ​២០១៩។ គណៈកម្មការ​រៀបចំ ហើយ​បាន​​ធ្វើ​ការ​ផ្សព្វផ្សាយ​ជា​​​​សាធារណៈ តាមរយៈ​ការ​ផ្សព្វផ្សាយ​​​​លើ​បណ្ដាញ​​ទំនាក់ទំនង​​សង្គម ទៅ​ដល់​សាធារណជន កវី​​និពន្ធ សិស្ស និស្សិត អ្នក​សិក្សា​​ស្រាវជ្រាវ​ឲ្យ​​​ចូល​​រួម​បញ្ចេញ​​នូវ​សមត្ថភាព​ និង​ទេពកោសល្យ​របស់​ខ្លួន​​ក្នុង​​​​​​​បំណង​​​ចង់​ឲ្យ​អ្នក​ដែល​ធ្លាប់​ឆ្លង​កាត់ និង​អ្នក​ដែល​​ធ្លាប់​ឮ​​​រឿង​រ៉ាវ​ក្នុង​សម័យ​នោះ ​គ្រប់​ទីកន្លែង​​នៅ​ក្នុង​ប្រទេស​​​​​កម្ពុជា ​ចូលរួម​​សរសេរ​រំឭក​អំពី​ព្រឹត្តិការណ៍​ទាំង​នោះ​ ទុក​ជា​​​ឯកសារ​​ប្រវត្តិសាស្រ្ត ក៏​ដូច​​ជា​ការ​​​លើក​​​គុណ​តម្លៃ​នៃ​​វិស័យ​តែង​និពន្ធ​​ឲ្យ​មាន​គុណភាព និង​គុណ​តម្លៃ​អប់រំ សម្រាប់​សង្គម​ទាំង​នៅ​បច្ចុប្បន្ន និង​នាពេល​អនាគត។

ប្រធាន​សមាគម​អ្នក​និពន្ធ​ខ្មែរ​​រូប​នេះ​បន្ត​ថា៖ «តាមរយៈ​​​​ការ​ផ្សព្វផ្សាយ និង​ការ​រៀបចំ​សិក្ខាសាលា​នេះ គណៈកម្មការ​រៀបចំ​ការ​ប្រកួត​​ទទួល​បាន​ ៦៧ ស្នាដៃ (ស្នាដៃ​ជា Soft copy ចំនួន ៤៩ ស្នាដៃ និង​ជា​​សៀវភៅ​ចំនួន ១៨ ស្នាដៃ) ដែល​​ក្នុង​នោះ មាន​អ្នក​និពន្ធ​រៀម​ច្បង​​បាន​ចូលរួម​ប្រមាណ ២០% អ្នក​និពន្ធ​​​ជំនាន់​ថ្មី មាន​ប្រមាណ ៥០% និង​មិនមែន​​ជា​អ្នក​និពន្ធ​ប្រមាណ ៣០% ដែល​មក​ពី​រាជធានី​ខេត្ត​ក្រុង​មាន​​ចំនួន ១១​»។

លោក អ៊ុច សំណាង(កណ្តាល)ជយលាភីលេខ ១ ស្ទួន​។ហេង ជីវ័ន

នៅ​ក្នុង​​​​ការ​វិនិច្ឆ័យ​ វាយ​តម្លៃ​ដាក់​ពិន្ទុ ដើម្បី​ជ្រើសរើស​ជម្រុះ ​ចម្រាញ់ ដើម្បី​ទទួល​បាន​ពាន​រង្វាន់​សមាគម​អ្នក​និពន្ធ​ខ្មែរ​​​បង្កើត​នូវ​អនុ​គណៈកម្មការ​ចំនួន ១ គឺ​អនុគណៈកម្មការ​​ជ្រើសរើស​ស្នាដៃ​តែង​និពន្ធ​រឿង​​​ខ្លី ដោយ​​បាន​អនុវត្ត​ទៅ​​​តាម​​​លក្ខណ​​សម្បត្តិ​​សំខាន់​​ ៣ យ៉ាង​​​ ដែល​ជា​គោល​គឺទី​១​ អត្ថន័យ​ យើង​បាន​កំណត់​យក​លើ​​​​​​គុណធម៌ សច្ចធម៌​ និង​សីលធម៌។ ចំណែក​ឯ​​ចំណុច​ទី​​២ អត្ថរូប ​ដែល​មាន​វិធី​តែង​​ រចនាប័ទ្ម និង​សោភ័ណ​។ ចំណែក​​​​ទី​៣ អត្ថរស​ ដែល​មាន​តម្លៃ​អប់រំ​តម្លៃ​ជាតិ​ ​និង​តម្លៃ​​រីក​ចម្រើន។

បណ្ឌិត​ ព្រឿង ប្រណីត បាន​បន្ថែម​​​ថា​៖ ​«​បន្ទាប់​ពី​បាន​​ពិនិត្យ និង​វាយ​តម្លៃ​ទាំង ​២​ ​​ដំណាក់កាល​​អស់​រយៈពេល​ជាង​ ៣ ​ខែ គណៈកម្មការ​វាយ​​តម្លៃ​ស្នាដៃ​បាន​រក​ឃើញ​នូវ​​​ស្នាដៃ​ ដែល​​មាន​​លក្ខណ​សម្បត្តិ​ល្អ ស័ក្ដិសម​​នឹង​​ទទួល​បាន​​​​ពាន​រង្វាន់​អក្សរសិល្ប៍​ស្លឹក​​​​រឹត​ លើកទី១ ឆ្នាំ​​ ​២០២០ ​នេះ គឺ​យើង​ជ្រើសរើស​​បាន​ចំនួន​ ៩ ស្នាដៃ។​ សម្រាប់​ជយលាភី​​លេខ ​១​ ស្ទួន មាន​​ចំនួន ២ រូប​គឺ​​​​​ម្ចាស់​ជយលាភី​លោក​ អ៊ុច សំណាង ដែល​បាន​និពន្ធ​​រឿង «​បាយ​ក្តាំង»​ និង​លោក អៀ ហុកនីម ដែល​និពន្ធ​រឿង​ «​ពេល​ម៉ែ​ឃ្លាតទៅ​»។

ចំណែកឯ​​ជយលាភី​លេខ ៣ គឺ​បាន​ទៅ​​លោក វ៉ា មឿន ដែល​និពន្ធ​រឿង «ស្នាម​ដំបៅ» និង​ជយលាភី​​លេខ ​៤ ស្ទួន​ មាន​ចំនួន​ ៦​ រូប ​រួមមាន​​ដូចជា​រឿង ​«​ក្រោម​​​មេឃ​តែ​មួយ» របស់​អ្នក​និពន្ធ ឃុត សុខខឿន រឿង ​«ព្រះ​អាទិត្យ​ឥត​ពន្លឺ​» របស់​អ្នក​និពន្ធ​វ័យ​ក្មេង​កញ្ញា គង់ ច័ន្ទវ៉ាន់ណេង​ រឿង​ «​មួយ​ថ្ងៃ​មួយ​​​យប់» របស់​អ្នក​និពន្ធ​ ម៉ៅ វណ្ណឌី ​រឿង ​«ជើង​មេឃ​ពណ៌​ក្រហម» របស់​អ្នក​និពន្ធ​ ឆាន់ វុត្ថា រឿង ​«មិន​ព្រម​រៀបការ» ​របស់​អ្នក​និពន្ធ គឹម សាត រឿង​ ​«អាប់សែ» របស់​អ្នក​និពន្ធ​ រឹម ទិត្យ​បញ្ញា» សម្រាប់​ការ​ប្រកួត​លើក​ទី១​៕​

អ្នក​និពន្ធ​វ័យ​ក្មេង​កញ្ញា គង់ ច័ន្ទវ៉ាន់ណេង​ ម្ចាស់ជយលាភីលេខ ៤។ហេង ជីវ័ន

ការរក្សាគម្លាតក្នុងពេលប្រគល់ពានរង្វាន់អក្សរសិល្បិ៍ស្លឹករឹតលើកទី១។ ហេង ជីវ័ន