ភ្នំពេញៈ នាពេល​ថ្មីៗ​នេះ គ្រាន់តែ​សារ​មួយ​ឃ្លា​របស់​តារា​ស្រី ដែល​ឧស្សាហ៍​ឃើញ​ផ្លាស់ប្តូរ​អាជីព​ច្រើន​ជាង​គេ​ស្រី​ស្រស់ តេង លក្ខិណា បង្ហោះ​តាម​បណ្តាញ​សង្គម​ក៏បាន​ទាក់​ទាញ​នូវ​ចំណាប់​អារម្មណ៍​មហាជន​ខ្លាំង​សាជា​ថ្មី។

អតីត​ពិធី​ការិនី​ទូរទស្សន៍ CTN និង MyTV ដែល​ក្រោយពី​ដូរ​អាជីព​ទៅជា​តារាចម្រៀង​ស្រី​ផលិតកម្ម M និង​ចុង​ក្រោយ​បញ្ចប់​អាជីព​សិល្បៈ​ទៅ​ជា​អ្នក​ជំនួញ កញ្ញា តេង លក្ខិណា បង្ហោះ​សារ​តាម​អ៊ីនស្តាក្រាម​ថា៖ «បើសិន​ជា​ដៃ​យើង​ទាំង ២ ចាប់ដៃ​គ្នា​ណែន​គ្រប់​គ្រាន់​ហើយ យ៉ាង​ណា​ដៃ​ទី ៣ ក៏​ចូល​មក​មិន​បាន​ដែរ!»។

សារ​នោះ​ក៏​ប្រែ​ក្លាយទៅជា​ប្រធានបទ​នៃ​ការជជែក​គ្នា​របស់​មហាជន​បន្ថែម​ទៀត ទៅលើ អតីត​តារា​ចម្រៀង និង​ពិធី​ការិនី​រូប​ស្រស់ សាច់​សខ្ចី ដែល​ធ្លាប់​ល្បី​ថា មាន​ក្រុម​កន្លង់​ជា​ឧកញ៉ា និង​អ្នក​មាន​ទ្រព្យ​ស្តុក​តាម​សុំ​ស្នេហ៍​មក​ទល់​នឹង​ពេល​នេះ​ក៏​នៅ​មិន​ដឹង​ច្បាស់​ថា ម្ចាស់​ស្នេហ៍​នាង​នោះ​គឺជា​អ្នក​ណា​ផង បែរជា​ឥឡូវ​នេះ កញ្ញា តេង លក្ខិណា ស្រាប់​តែ​លេច​ចេញ​សារ​ថា ទំនង​ជា​បញ្ហា​នៃ​ក្តី​ស្នេហ៍​នាង​កំពុង​តែ​មាន​អ្នក​ទី ៣ ជ្រៀត​ជ្រៀក​ទៀត​នោះ។

ចម្ងល់​មហាជន​មិនត្រូវ​បាន​អតីត​ពិធី​ការិនី​កម្មវិធី A1 របស់​ទូរទស្សន៍ CTN កញ្ញា តេង លក្ខិណា បំភ្លឺ​ឲ្យ​ដឹង​ច្បាស់​នោះ​ឡើយ ខណៈ​ភ្នំពេញ​ប៉ុស្តិ៍​ក៏​មិន​ទទួល​បាន​ការ​បក​ស្រាយ​ពី​នាង​ដែរ​ដោយសារ​ប្រព័ន្ធ​ទូរស័ព្ទ​ទាក់ទង​ទៅ​នាង​ច្រើន​ដង​តែ​គ្មាន​អ្នក​លើក​ឡើយ។

នាពេល​កន្លងមក​មាន​បុរស​ដែល​គេ​ដឹងថា​គឺមាន​ឋានៈ​ជា​ឧកញ៉ា​ចង់​ចែចូវ តេង លក្ខិណា ម្នាក់​នោះ​ជា​អ្នក​មាន​នៅ​ផ្នែក​អចលន​ទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា ហើយ​លោក​មាន​ផ្ទះ​វីឡា​ជាច្រើន​កន្លែង​នៅ​ភ្នំពេញ ដោយ​ពេល​ទៅ​ណា​មក​ណា​លោក​តែង​មាន​ក្រុម​អង្គរក្ស​ឆ្វេច​ឆ្វាច ជាមួយ​នឹង​ភាព​ហ៊ឺហា​ជិះ​រថយន្ត​ទំនើប​ម៉ាក Lexus 570។ តែ​អ្នក​នៅ​ក្នុង​សិល្បៈ​បាន​បង្ហើប​ឲ្យ​ដឹង​ថា បើក​ញ្ញា តេង លក្ខិណា ហ៊ាន​តែ​ទន់​ចិត្ត​មក​រក​លោក​នោះ នាង​នឹង​ប្រែ​ក្លាយ​ជា​សេដ្ឋិនី​វ័យ​ក្មេង​ម្នាក់ មាន​ជោគ​ជតា​រាសី​ល្អ​មិន​ចាញ់ អ្នក​នាង​ស្រី​តូច ចំណាន អ្នកនាង ឱក បូរី ឬ អ្នក​នាង ពេជ្រ ច័ន្ទបូ​មី ផង​ដែរ។

កាលដែល​កញ្ញា តេង លក្ខិណា ទៅ​ប្រកប​អាជីព​សិល្បៈ​ថ្មី​ជា​តារា​ចម្រៀង​ទ្រនំ​ផលិតកម្ម M ក៏មាន​សភាព​ស្ងាត់​ឈឹង​ដូចជា​ចោរ​លួច​សេះ​ផង​ដែរ ក្រោយ​ពី​នាង​បាន​ប្តូរ​អាជីព​ជា​ពិធី​ការិនី​នៅ​ទ្រនំ​នៃ​ទូរទស្សន៍ និង​ជា​ចុង​ក្រោយ​នាង​ក៏បាន​សម្រេច​ចិត្ត​លា​ឈប់​ពី​អាជីព​សិល្បៈ​ទាំង ២ ជំនាញ​ខាង​លើ ទៅ​ចាប់​អាជីព​ថ្មី​មួយ​ទៀត​គឺជា​អ្នក​ជំនួញ​វិញ។

តែ​តាម​ក្រុម​តារា​រួម​ទ្រនំ M ក៏​ធ្លាប់បាន​បង្ហើប​ថា៖ «ព្រោះ​តែ​ក្រុម​គ្រួសារ លក្ខិណា ភាគច្រើន​ជា​អ្នក​ជំនួញ​ស្រាប់ ហើយ​គាត់​ក៏​ចង់​ឈប់​ពី​អាជីព​សិល្បៈ ដើម្បី​បញ្ចប់​នូវ​រឿងរ៉ាវ​បែប​ជា​រឿង​អាស្រូវ​ទាំង​អស់​នោះ​ផង​ដែរ»៕