ភ្នំពេញ៖ បន្ទាប់​ពី​​ប្រឡូក​នៅ​ក្នុង​វិស័យ​សិល្បៈ​​ជាង​ ២ ឆ្នាំ​​​ តារា​សម្តែង​ស្រី​សាច់​ស​ខ្ចី ​កញ្ញា សាយ ចាន់​រាសី​ ដែល​​​បាន​សម្តែង​កុន​​ជា​ច្រើន​​ទាំង​​ដុំ និង​ភាគ​​ ហើយ​ភាគ​ច្រើន​សម្តែង​តួ​ឆ្នាស​នោះ​ នៅ​​មិន​ទាន់​មាន​ឱកាស​ក្លាយ​ជា​តួឯក​នៅ​​ឡើយ​ទេ ទើប​តែ​ត្រៀម​​គ្រង​តំណែង​តួឯក​ដំបូង​ក្នុង​​​កុន​ក្រោយ​ បន្ទាប់​ពី​រឿង ​​«​ថេក​​​ចុង​ក្រោយ​» របស់​ផលិតកម្ម ​LD​។

តារា​ស្រី​មាន​​ទេពកោសល្យ​សម្តែង​ក្នុង​​កុន​ភាគ​​ខ្នាត​ធំ​​​ផលិតកម្ម​អិលឌី​រឿង «​ថ្ងៃ​មុន​ស្អប់​ ថ្ងៃ​នេះ​ស្រឡាញ់» ដែល​​​សម្តែង​​តួ​អង្គ​ឆ្នាសឆ្នើម​ និង​​​ចាប់​ដៃ​គូ​ជាមួយ​នឹង​​តារា​សម្តែង​ និង​​ចម្រៀង​ប្រុស​​លោក​​ នូ ឧសភា​។

ជំនួប​​ក្នុង​ការ​សម្ពោធ​កុន​រឿង​ «​The Last Tag ​ថេក​ចុង​ក្រោយ​» កាល​ពី​ថ្ងៃទី​ ២២ ខែ​មករា កន្លង​មក កញ្ញា សាយ​ ចាន់រាសី បាន​ប្រាប់​មក​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖​ «​តាំង​ពី​ចូល​សិល្បៈ​ជាង​ ២ ឆ្នាំ​មក​ ភាគ​ច្រើន​នាង​ខ្ញុំ​សម្តែង​ជា​​​តួ​កាច​មក​រហូត មិន​ធ្លាប់​សម្តែង​ជា​​តួ​​​ស្លូត​ ឬ​តួឯក​នោះ​ទេ។ នៅ​ក្នុង​រឿង​​នេះ ​​ក៏​ដូច​ជា​រឿង​មុនៗ​ដែរ និយាយ​​ទៅ ដើរ​​តួកាច ​ហើយ​សម្បូរ​ល្បិច​ទៀត​ផង​»។

គួរ​បញ្ជាក់​ថា​ រឿង​ «ថេក​ចុង​ក្រោយ​» ជា​ខ្សែ​ភាពយន្ត​ធំ កំពុង​ចាក់​​បញ្ចាំង​នៅ​គ្រប់​រោង​កុន​ កាល​ពី​​​ថ្ងៃទី ​២៣ ខែ​មករា​ កន្លង​មក​​ ដែល​​​ជា​ស្នា​​ដៃ​និពន្ធ​ទី​២​ របស់​លោក នួន ម៉ូលីន គឺជា​អ្នក​និពន្ធ​វ័យ​ក្មេង​​ ​ស្តែង​​ចេញ​​ពី​គ្រួសារ​មួយ​ស្រឡាញ់​កូន​មិន​ស្មើ​​គ្នា​​រហូត​ធ្វើ​ឲ្យ​កើត​មាន​ការ​​ច្រណែន​គ្នា​រហូត​បាត់បង់​សមាជិក​នៃ​គ្រួសារ​​។

កញ្ញា សាយ ចាន់រាសី នា​ពេល​ចូល​រួម​សម្ពោធកុន​ដុំ​រឿង​ «​​ថេកចុងក្រោយ» កន្លងមក​។ រូបថត សហ​ការី

តារា​សម្តែង​ស្រី​​កញ្ញា សាយ ចាន់រាសី ក៏​បាន​បន្ថែម​ឲ្យ​ដឹង​ពី​ការ​សម្តែង​​ក្នុង​រឿង​ ​«The Last Tag-ថេក​​ចុង​ក្រោយ​» ​​នេះ​​ដែរ​ថា​៖​ «រឿង​ ថេក​ចុង​ក្រោយ​ ខ្ញុំ​សម្តែង​ជា​តួអង្គ​​ដែល​​មាន​ភាព​អាត្មានិយម​ គិត​តែ​ពី​ខ្លួន​ឯង​មិន​ខ្វល់​ថា​ អ្នក​​ណា​ត្រូវ​ជួប​រឿង​អី​នោះ​ឡើយ​ សូម្បី​តែ​មិត្ត​ភក្តិ​ស្និទ្ធស្នាល​ ហើយ​ខ្ញុំ​ក៏​មាន​​ចំណែក​​មួយ​ក្នុង​ការ​ធ្វើ​ឲ្យ​តួឯក​ស្រី​នៅ​ក្នុង​រឿង​នេះ​ស្លាប់​ដែរ​»។

កញ្ញា សាយ​ ចាន់​រាសី ក៏​បាន​បញ្ជាក់​​ថា​​ ខ្សែ​ភាពយន្ត​​ «The Last Tag-ថេក​ចុង​ក្រោយ​» ជា​ខ្សែ​ភាពយន្ត​មួយ​​ ដែល​ស្តែង​ពី​តថភាព​របស់​សង្គម​ និង​ផ្តល់​តម្លៃ​អប់រំ​ កុំ​ឲ្យ​មាន​ការ​​ទុក​ចិត្ត​ទៅ​លើ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ច្រើន​ពេក​អី​ ទោះបី​ជា​មិត្តភក្តិ​ស្និទ្ធស្នាល​ ឬ​អ្នក​រស់នៅ​ក្នុង​រង្វង់​គ្រួសារ​ខ្លួន​ក៏​ដោយ​។

តារា​សម្តែង​​ស្រី​វ័យ​ ២៧ ឆ្នាំ សាយ ចាន់រាសី ក៏​​បាន​បង្ហើប​​ពី​​​ឱកាស​សម្តែង​ជា​តួឯក​ស្រី​ក្នុង​កុន​ដុំ​ថ្មី​​ផលិតកម្ម​ LD ​ថា​​៖ ​«​បន្ទាប់​ពី​រឿង​​នេះ ​បាន​ចាក់​បញ្ចាំង​រួច​ហើយ​ នៅ​ខែ​ក្រោយ​នេះ​ ខ្ញុំ​ក៏​ចាប់​ផ្តើម​ថត​កុន​ថ្មី​រឿង​ «លោក​ប្តី​ វគ្គ ២»​ ដែល​ត្រូវ​សម្តែង​ជា តួឯក​ស្រី​ហើយ​ក៏​ជា​កុន​​ដំបូង​​នៃ​តំណែង​តួឯក​ស្រី​ បន្ទាប់​ពី​ខ្ញុំ​បាន​សម្តែង​ក្នុង​ផលិតកម្ម​អិលឌី ​ប្រហែល​ជា​ ៤ ទៅ ៥ រឿង​មក​»៕