ភ្នំពេញ៖ ក្រោយពីដំណើរវិលចុះវិលឡើងពីប្រទេសកំណើតទៅទឹកដីសហរដ្ឋអាមេរិកជារឿយៗ ហើយមានភាពមមាញឹកនឹងការមើលខុសត្រូវលើអាជីវកម្មហាងកែសម្ផស្សមួយមានឈ្មោះថា XENO ច្រើនជាងការងារសិល្បៈមួយរយៈចុងក្រោយមកនេះ ក៏ស្រាប់តែគេឃើញតារាសម្តែងស្រីសម្បុរស្រអែមអ្នកនាង សារ៉ាយ សក្ខណា បង្ហោះរូបថតដ៏សប្បាយរីករាយ ជុំគ្រួសារតូចមួយទៅនឹងដំណឹងល្អរឿងមានបុត្រទី ២ សមដូចសេចក្តីបំណង។
ក្នុងឈុតពណ៌សជាលក្ខណៈគ្រួសារ ដោយមានលោក កែវ ប៊ុនមេត្រី ជាប្តីឈរថើបប្រពន្ធអ្នកនាង សារ៉ាយ សក្ខណា ត្រង់ថ្ងាស ខណៈកូនស្រីច្បងជាទីស្រឡាញ់របស់ពួកគេក៏ថើបពោះម្តាយ បង្កើតបានជាខ្លឹមសារដ៏មានអត្ថន័យសម្រាប់រូបថតមួយសន្លឹកប្រកបទៅដោយភាពផ្អែមល្ហែម មានការជួបជុំគ្រួសារ និងមើលទៅគឺថាដូចជាមានសុភមង្គលខ្លាំងតែម្តង ដោយបានបង្ហោះរូបនោះក្នុងអ៊ីនស្តាក្រាមផ្ទាល់របស់តារាសម្តែងស្រី ដែលសម្បូរទេពកោសល្យអ្នកនាង សារ៉ាយ សក្ខណា ហាក់បីដូចជាចង់បង្ហាញអំពីដំណឹងល្អពីគ្រួសារមួយនេះ កំពុងមានការត្រៀមខ្លួនដើម្បីទទួលសមាជិកថ្មីក្នុងគ្រួសារ (កូនទី ២)។
ស្រាយចម្ងល់រូបភាពជុំគ្នាគ្រួសារខាងលើសម្រាប់មហាជននោះ អ្នកនាង សារ៉ាយ សក្ខណា បានប្រាប់មកភ្នំពេញប៉ុស្តិ៍ទាំងកំពុងតែនៅជុំគ្រួសារផងដែរថា៖ «ចាស! បងមានទម្ងន់ (គភ៌) មែនតើ! មកស្រុកខ្មែរបាន ២ ខែកន្លះ ក៏មានទម្ងន់បាន ២ ខែ កន្លះ ហ្នឹងហ្មង! និយាយទៅបងចង់បានយូរហើយ ប៉ុន្តែអត់មានសោះ ទើបតែមាននាពេលត្រឡប់មកខ្មែរលើកហ្នឹងឯង»។
ខណៈការវិលត្រឡប់មកប្រទេសកំណើត ដើម្បីពិនិត្យមើលអាជីវកម្ម និងដើរកម្សាន្តរយៈពេល ២ ខែ កន្លះ សារ៉ាយ សក្ខណា មិនត្រឹមតែទទួលបានការងារសិល្បៈភ្លាមៗ ក្នុងការថតសម្អាងការច្រើនទីតាំងរហូតដល់ ៦ សម្អាងការ និងសម្តែងកុនខ្លីបែបអប់រំនោះទេ ថែមទាំងទទួលបានដំណឹងសមាជិកថ្មី (កូនទី ២) ដែលគូស្វាមីមួយគូនេះបានកំពុងទន្ទឹងរង់ចាំជាយូរមកហើយនោះដែរ គឺសមតាមបំណងគួរឲ្យជាទីសោមនស្ស។
អ្នកនាង សារ៉ាយ សក្ខណា និងគ្រួសារ ក៏បានបង្ហាញពីអារម្មណ៍រីករាយចំពោះវត្តមានកូនទី ២ នេះបន្តដែរថា៖ «តាមពិតទៅពួកបងចង់បានយូរហើយ តែអត់មានសោះ រហូតមកដល់ខ្មែរទើបមាន ហើយពួកយើងក៏សប្បាយចិត្តខ្លាំង។ ពេលនេះនៅអត់ដឹងទេថាកូនទី២ ជាស្រី ឬប្រុសនៅឡើយទេ។ តែសម្រាប់បង ស្រីក៏បាន ប្រុសក៏បាន ហើយតាមចិត្តចង់ គឺចង់បាន ៣ នាក់ឯណោះ តែមិនដឹងថាបានដូចជាក្តីបំណង ឬអត់នោះទេ»។
គួរបញ្ជាក់ដែរថា តារសម្តែងស្រីអ្នកនាង សក្ខណា បានសម្រេចចិត្តចូលរោងការជាមួយនឹងបុរសមេធាវីអាណិកជនអាមេរិក ឈ្មោះលោក កែវ ប៊ុនមេត្រី កាលពីថ្ងៃទី ១១ និងទី ១២ ខែ ធ្នូ ឆ្នាំ ២០១៣ ដោយពិធីអាពាហ៍ពិពាហ៍ បានអញ្ជើញភ្ញៀវចូលរួម និងរៀបចំទទួលមានប្រមាណ ១៥០ តុឯណោះ។
ហើយការវិលត្រឡប់មកស្រុកខ្មែរលើកដំបូងក្រោយពីបានទៅរស់នៅជួបជុំស្វាមីលើទឹកដីសហរដ្ឋអាមេរិកមួយរយៈ ក្រោយពីបានរៀបការមក តារាសម្តែងស្រីអ្នកនាង សារ៉ាយ សក្ខណា បែរជានាំកូនស្រីមកចុះឈ្មោះចូលរៀននៅស្រុកខ្មែរវិញ ខណៈគេឃើញការឧស្សាហ៍ឡើងចុះខ្មែរ-អាមេរិក ទាំងប្តី និងប្រពន្ធ ក្រោយពីបើកហាងកែសម្ផស្សមួយមានឈ្មោះ «XENO» ដែលមានទីតាំងស្ថិតនៅឯខណ្ឌទួលគោក ក្បែរហាងលក់ស៊ុបដែរ កាលពីចុងឆ្នាំ ២០១៦ កន្លងមកនោះ។
ដោយឡែកការឡើងយន្តហោះទៅអាមេរិកវិញ អ្នកនាង សារ៉ាយ សក្ខណា និងលោក កែវ ប៊ុនមេត្រី រួមទាំងកូនស្រីច្បង បានចាកចេញកាលពីនៅថ្ងៃទី ១៣ ខែ កញ្ញា ចុងសប្តាហ៍មុននេះ ក្រោយពីបានមកប្រទេស កម្ពុជា លើកនេះ ចំណាយអស់រយៈពេលប្រមាណជា ២ ខែមកហើយ៕