សៀមរាប: សិប្បកម្ម​ផលិត​កូនជ្រូក​សន្សំ​លុយ ជាទី​សំចត​មួយ ក្នុង​ចំណោម​គោល​ដៅ​ទេសចរណ៍​ជាច្រើន​កន្លែង​សម្រាប់​ភ្ញៀវទេសចរ ជាតិ និង​អន្ដរជាតិ ដែល​ប្រាថ្នា​ស្វែង​យល់​ពី​ជីវភាព និង​ភ្លក្ស​បទ​ពិសោធ​ផ្ទាល់​អំពី​ការ​រស់នៅ​បែប​ស្រុក​ស្រែ​ចម្ការ​ក្នុង​ទឹកដី​សៀមរាប​អង្គរ។ ដោយ​ផ្ដើម​សិប្បកម្ម​ជា​មុខរបរ​ចិញ្ចឹមជីវិត​ក្នុង​ឆ្នាំ ២០០៥ អ្នកស្រី អុង ពិសី អាយុ ៥៣ ឆ្នាំ​ស្ថិត​ក្នុង​ក្រុម​ទី ៥ ភូមិ​ក្រវាន់ ឃុំ​អង្គរធំ ស្រុក​អង្គរធំ ខេត្ដ​សៀមរាប បាន​ទាក់​ចិត្ដ​ភ្ញៀវទេសចរ​ចង់​ស្គាល់​ពី​វិធី​ផលិត​សម្ភារ​សន្សំ​លុយ​កាក់​ពី​បុរម​បុរាណ ដែល​រំលេច​រូបរាង​សត្វ​ប្លែកៗ​ចាប់​ពី​សត្វ​ឆ្នាំ​ទាំង ១២ ក្នុង​តម្រា​ខ្មែរ រហូត​ដល់​សត្វ​ក្នុង​ភាពយន្ដ​តុក្កតា​ដ៏​ពេញ​និយម ដូចជា Angry Birds និង Minions ជាដើម។ សិប្បករ​កូនជ្រូក​សន្សំ​លុយ រូបនេះ បាន​និយាយ​ថា៖ «រូប​ចម្លាក់​សត្វ​ទាំង​អស់ទាំង​នៅ​ក្នុង​តម្រា​ឆ្នាំ និង​តុក្កតា​បរទេស​សុទ្ធ​តែ​ជា​ប្រភេទ​កូន​ជ្រូក​សន្សំ​លុយ លើក​លែង​តែ​កូន​ដំរី​បែប​បុរាណ រចនាប័ទ្ម​សតវត្សរ៍​ទី ១៩ (តម្លៃ​បោះ​ដុំ ៣ ដុល្លារ) ដែល​ភ្ញៀវ​បរទេស​ចូល​ចិត្ដ​ទិញ​យក​ទៅ​តាំង​លើ​តុ ឬ​អាច​ដោត​ផ្កា​បាន​មួយ​ទង»។ អ្នកស្រី​ប្រាប់ថា៖ «ចំពោះ​កូនជ្រូក​រូប​សត្វធំៗ មាន​តម្លៃ​បោះ​ដុំ​ចាប់ពី ១ ម៉ឺន​រៀល ខណៈ​កូន​ជ្រូក​តូចៗ ដូចជា Angry Bird និង Minions មាន​តម្លៃ​ចាប់​ពី ៥ ពាន់​រៀល​ទៅ​ដល់ ៨ ពាន់​រៀល»។

ចំពោះ​ដំណើរការ​នៃ​ការសម្អាត​ដីឥដ្ឋ​សម្រាប់​សូន្យ​ជា​រូប​សត្វ​ផ្សេងៗ​រហូត​ដល់​ការ​ដុត​ក្នុង​ឡ និង​លាប​ពណ៌ ដែល​មាន​រយៈពេល ១៥ ថ្ងៃ អ្នកស្រី​ពិសី​ទទួល​បាន​ប្រាក់​កម្រៃ ១១៥០០០០ រៀល ក្នុង​មួយ​ឡ​នេះ។ ប៉ុន្ដែ​អ្នកស្រី​ប្រាប់​ថា នៅ​រដូវ​វស្សា​នេះ ការ​ផលិត​កូន​ជ្រូក​សន្សំ​លុយ​មាន​ការ​ធ្លាក់​ចុះ​មក​ត្រឹម​មួយ​ឡ មាន​កូន​ជ្រូក​ធំ ១២ គ្រាប់ និង​កូន​ជ្រូក​តូចៗ​ពី ៣០ ទៅ ៣៥ គ្រាប់។ ជាមួយនឹង​សេវាកម្ម​ទេសចរណ៍​ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន Butterfly Tours សិប្បកម្ម​ផលិត​កូន​ជ្រូក​សន្សំ​លុយ​របស់​អ្នកស្រី អុង ពិសី អាច​ទទួល​ស្វាគមន៍​ទេសចរ​ពី ២ ទៅ ៣ ក្រុម​ក្នុង ១ ថ្ងៃ។ ក្នុង​ដំណើរ​ភ្ញៀវ​មក​ទស្សនា អ្នកស្រី បាន​ប្រាប់ថា៖ «ដំបូង​យើង​រៀបរាប់​ប្រាប់​គាត់ [មគ្គុទេ្ទសក៍] តាំង​ពី​ដើម​ទី​នូវ​វិធី​លញ់​ដី​ឥដ្ឋ​រហូត​ដល់​ដុត​ក្នុង​ឡ និង​លាប​ថ្នាំ​ពណ៌។ បន្ទាប់​មក ពួកគាត់ នាំ​ភ្ញៀវ​មក​ដើរ​មើល​យើង​ធ្វើជា​ហូរហែ»។

​​​កូនជ្រូករូប​តុក្កតា Angry Bird។ ហ្វេសប៊ុក/Butterfly Tours

ចំពោះ​ផលចំណេញ​ពី​ការនាំ​ភ្ញៀវ​មើល​ពី​ដំណើរការ​នៃ​ការផលិត​កូនជ្រូក​សន្សំ​លុយ​នេះ អ្នក​ស្រី​បាន​ប្រាប់​ថា៖ «គាត់​មាន​ស្រោម​សំបុត្រ សម្រាប់​យើង​ដែរ។ ភ្ញៀវ​ខ្លះ​ពេញ​ចិត្ដ គាត់​ទិញ​កូន​ដំរី ជា​វត្ថុ​អនុស្សា​វរីយ៍​តូច។ ទៅ​ថ្ងៃ​ខាងមុខ យើង​ក៏​នឹង​ផលិត​វត្ថុ​តូច​ទាំង​នេះ​ដើម្បី​ភ្ញៀវ​ងាយ​ស្រួល​ទុក​ដាក់​តាម​ខ្លួន»។ គួរ​បញ្ជាក់ថា Butterfly Tours ដែល​ផ្ដល់​សេវាកម្ម​ទេសចរណ៍​ដោយ​មគ្គុទេ្ទសក៍​ជា​និស្សិត​មក​ពី​ជន​បទ​ដើម្បី​ឲ្យ​ភ្ញៀវ​បាន​ស្គាល់​នូវ​របៀប​របប​ការ​រស់​នៅ និង​ប្រពៃណី​វប្បធម៌​របស់​ពលរដ្ឋ​បែប​ស្រុក​ស្រែ​ជន​បទ​ទាំង​នៅ​សៀមរាប​បាត់ដំបង និង​កំពត តែង​តែ​ដឹកនាំ​ភ្ញៀវ​បរទេស​ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ​ទៅ​កាន់​ភូមិ​សិប្បកម្ម​ផលិត​កូន​ជ្រូក​សន្សំ​លុយ ដើម្បី​ឲ្យ​ពួកគេ​បាន​ឃើញ និង​សាកល្បង​ពី​វិធី​សូន​រូប​សត្វ សម្រាប់​ញាត់​សន្សំ​លុយ ព្រម​ទាំង​មាន​ឱកាស​បាន​ទិញ​វត្ថុ​អនុស្សាវរីយ៍​ខ្លះ​ត្រឡប់​ទៅ​ផ្ទះ​វិញ។ នាយក​គ្រប់គ្រង​ផ្នែក​ប្រតិបត្ដិ​របស់​ក្រុមហ៊ុន Butterfly Tours អ្នកស្រី សុខ ហេង បាន​និយាយ​ថា៖ «យើង​ខ្ញុំ​តែង​តែ​រៀបចំ​កម្មវិធី​នាំ​ភ្ញៀវ ដែល​ភាគ​ច្រើន​ជា​ជាតិ​អាមេរិក និង​អឺរ៉ុប​ទៅ​ទស្សនា​ស្វែង​យល់​ពី​ការ​ផលិត​កូន​ជ្រូក​សន្សំ​លុយ ក្នុង​ចំណោម​សកម្មភាព​ជាច្រើន​ទៀត»៕