ក្រុងម៉ិកស៊ីកូ: លោកយាយ ហ្គោដាលូប៉េ ប៉ាឡាស្យុង ឈរយ៉ាងហំហានក្នុងថ្នាក់រៀនវិទ្យាល័យនៅម៉ិកស៊ិក ដែលសម្រេចក្ដីស្រមៃបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅមុនអាយុ ១០០ ឆ្នាំ។
លោកយាយបាននិយាយកាលពីថ្ងៃចន្ទ ថ្ងៃបើកបវេសនកាលថ្នាក់វិទ្យាល័យដំបូងឯភាគខាងត្បូងរដ្ឋឆៃប៉ាស ថា៖ «ខ្ញុំត្រៀមខ្លួនរួចរាល់។ នេះជាវេលាអស្ចារ្យសម្រាប់ជីវិតខ្ញុំ»។
ដោយស្គាល់ជា «ដូណា លូពីតា» លោកយាយត្រូវបានស្វាគមន៍ពីសំណាក់មិត្ដភក្ដិរួមថ្នាក់នៅវិទ្យាល័យលេខ ២ ក្នុងក្រុងរដ្ឋទូសឡា ហ្គូទែរ៉េស។
លោកយាយប្រសូតក្នុងភូមិជនជាតិដើមភាគតិច និងបានចំណាយពេលកុមារភាពជួយការងារក្នុងកសិដ្ឋានដំណាំពោត និងសណ្ដែកដោយគ្មានឱកាសបានទៅរៀនឡើយ។
ដល់ពេញវ័យ លោកយាយចេញធ្វើការជាអ្នកលក់មាន់នៅផ្សារ រៀបការ ២ ដង និងមានកូន ៦ នាក់។ ពេលចម្រើនវ័យ ៩២ ឆ្នាំ លោកយាយសម្រេចចិត្ដចូលរៀនថ្នាក់អក្ខរកម្ម។
លោកយាយនិយាយទាំងអស់សំណើចថា៖ «ពេលនេះ ខ្ញុំអាចសរសេរសំបុត្រទៅកាន់សង្សារបានហើយ»។
នៅពេលដែលបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ លោកយាយអាចដាក់ពាក្យបម្រើការងារជាគ្រូមតេយ្យសិក្សាបាន៕