ភ្នំពេញៈ នាពេលថ្មីៗនេះ តារាចម្រៀង​ស្រី រាង​ស្រ​លូន សាច់​សខ្ចី មេម៉ាយ​ក្តៅ​ស្រួយ​វ័យ​ក្មេង អ្នក​នាង សុខ ស្រី​នាង បាន​ក្តាប់​យក​ឱកាស​កើប​ប្រាក់​បន្ថែម​ពី​មុខ​តំណែង​ជា​តំណាង​ទូត​សុច្ឆន្ទៈ​នៃ​ផលិត​ផល​គ្រឿង​អេឡិច​ត្រូនិក​គឺ​ម៉ាស៊ីន​ថត​រូប​ដ៏​ល្បី​ម៉ាក ហ្វ៊ូជី (Fuji Film) បន្ថែម​ពី​លាភ​ចាស់​ក្លាយ​ជា តួឯក​ស្រី​ក្នុង​កុន​ភាគ​ទី ២ រឿង «ខ្ញុំ​មាន​ញាណ​លើស» ដែល​នឹង​ត្រូវ​ថត​ចប់​រួច​រាល់​នៅ​ខែ​ក្រោយ​នោះ។

ក្រោយ​ចាក​ចេញពី​ទ្រនំ​ចាស់​ផលិតកម្ម​សាន់​ដេ​មកហើយ​ផ្សំ​នឹង​ការខិតខំ​កសាង​នូវ​ប្រជា​ប្រិយ​ភាព​ខ្លួន​ដោយ​សន្សឹមៗ​នា​រយៈពេល​ជាង ១ ឆ្នាំ​នៅ​លើ​ទ្រនំ​ថ្មី​ផលិតកម្ម​ហង្សមាស តារា​ចម្រៀង​ស្រី​កាន់​តែ​មាន​សម្ផស្ស​ផូរផង់ អ្នក​នាង សុខ ស្រី​នាង ឆក់​បាន​ឱកាស​ថត​កុន​ភាគ​ចំនួន ២ រឿង​ឲ្យ​ទូរទស្សន៍​ហង្សមាស ហើយ​ក៏​កំពុង​តែ​ត្រូវ​ប៉ាន់ ជាមួយ​នឹង​ការ​ចូល​រួម​ក្នុង​កម្មវិធី​តន្ត្រី​នានា​មិន​សូវ​រំលង និង​ឆក់​បាន​ឱកាស​ថ្មី​មួយ​ទៀត​ក្រោយ​រដូវ​ភ្ជំបិណ្ឌ​ឆ្នាំ​នេះ​ក្នុង​នាម​ជា​តំណាង​ទូត​សុច្ឆន្ទៈ​នៃ​ផលិតផល​ជា​គ្រឿង​អេឡិច​ត្រូនិក​គឺ​ម៉ាស៊ីន​ថត​រូប​ដ៏​ល្បី​ម៉ាក ហ្វ៊ូជី។

តារាចម្រៀង​ស្រី​មាន​សំឡេង​ស្រាល ពីរោះ​ជាទី ពេញនិយម​របស់​យុវវ័យ អ្នក នាង សុខ ស្រី​នាង បង្ហើប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​អារម្មណ៍​ផ្ទាល់​ខ្លួន​នា​ពេល​ទទួល​បាន​តំណែង​ជា BA (Brand Ambassador) នៃ​ម៉ាស៊ីន​ថត​រូប​ដ៏​ល្បី​ម៉ាក ហ្វ៊ូជី នេះ​ថា៖ «សប្បាយ​ចិត្ត​ខ្លាំង​នឹង​ឱកាស​បាន​ក្លាយជា BA របស់​ក្រុមហ៊ុន​ម៉ាស៊ីន​ថត​ម៉ាក​ដ៏​ល្បី ឈ្មោះ​លើ​ពិភពលោក​មួយ​នេះ ដោយ​សារ​តែ​វា​ជា​លើក​ដំបូង​សម្រាប់​នាង​ខ្ញុំ។ នាង​ខ្ញុំ​នឹង​ធ្វើ​ជា​តំណាង​ឲ្យ ផលិតផល​មួយ​នេះ​ត្រឹម​រយៈពេល​តែ ៦ ខែ​ប៉ុណ្ណោះ»។

ហាក់ដូចជា​បង្ការ​ទុក​មុន​ចំពោះ​ចម្ងល់​រឿង​អ្នកនាង ទទួល​បាន​កុងត្រា​ជា BA ខ្លី​នោះ តារា​ចម្រៀង​ស្រី​មេម៉ាយ​ក្តៅ​ស្រួយ​ទាំង​នៅ​វ័យ​ក្មេង​ខ្ចី សម្រស់​កាន់​តែ​ស្អាត អ្នក​នាង សុខ ស្រី​នាង បន្ត​ថា៖ «ចំពោះ​ហេតុផល​យ៉ាង​ណា​ដែល​ខាង​ក្រុមហ៊ុន​ផ្តល់​កិច្ច​សន្យា​ត្រឹម​តែ​រយៈពេល ៦ ខែ​នោះ នាង​ខ្ញុំ​ក៏​ពុំ​អាច​ជ្រាប​ច្បាស់​ដែរ ទាល់​តែ​ខាង​តំណាង​ផលិតកម្ម​ហង្សមាស​ទើប​បាន​ដឹង​ច្បាស់»។

មុន​បន្តិច​ក៏មាន​ដំណឹង​លេច​ឮថា សុខ ស្រី​នាង តារាចម្រៀង​ស្រី​មេម៉ាយ​ក្តៅ​ស្រួយ​រូបនេះ បាន​ទារ​ឡើង​ថ្លៃ​ខ្លួន​ទ្វេ​ដង​នៅ​លើ​វិថី​សិល្បៈ​ដែល​សាយ​ភាយ​ចេញ​ពី​បណ្តា​ម្ចាស់​ស្ពនស័រ និង​ក្រុមហ៊ុន​នានា​ពេល​អញ្ជើញ​នាង​ទៅ​ចូលរួម​កម្មវិធី​ប្រគំ​តន្ត្រី​តាម​ខេត្ត និង​ច្រៀង​នៅ​តាម​ប៉ុស្តិ៍​របស់​ទូរទស្សន៍​នានា។

ខណៈ​ការទារ​តម្លៃ ខ្លួន​នោះ​ក៏មាន​ការទម្លាយ​ថា៖ «តារាចម្រៀង​ស្រី ដែលមាន​រូប​សម្ផស្ស​កាន់​តែ​ស្រស់​ស្អាត​អ្នក​នាង សុខ ស្រី​នាង ទារ​តម្លៃ​ចូលរួម​ការ​ប្រគំ​តន្ត្រី​ក្នុង ១ កម្មវិធី​គឺ​ចន្លោះ​ពី១ ០០០ ដុល្លារ ទៅ ១ ៥០០ ដុល្លារ រីឯ​តម្លៃ​ខ្លួន​ឡើង​ច្រៀង​តាម​ប៉ុស្តិ៍​ទូរទស្សន៍​នីមួយៗ ម្តងៗ​ស៊ី​ថ្លៃ​មិន​ក្រោម ៥០០ ដុល្លារ នោះ​ឡើយ!»។

តែ​នាង​ធ្លាប់​បញ្ជាក់ថា ការឡើង​តម្លៃ​ខ្លួន​គឺជា​រឿង​ធម្មតា​ទេ ដែល​ស្របទៅតាម​ពេលវេលា​ឈាន​ទៅ​មុខ​នៃ​ទីផ្សារ​ការងារ​សិល្បៈ​គឺ​មិន​អាច​រក្សា​យក​តម្លៃ​ដដែល​ឡើយ៕