ភ្នំពេញៈ បង្ក​ការ​ភ្ញាក់​ផ្អើល​​ទាំង​មិត្ត​ភក្តិ​តាម​បណ្តាញ​សង្គម និង ​សិល្បករ-សិល្បការិនី​​តែម្តង​ ខណៈ​ក្រោយ​ថ្ងៃ​ចូល​ឆ្នាំ​ ស្រាប់​តែ​បុរសកំសត់​ជា​បុគ្គលិក​ស្ម័គ្រ​ចិត្ត​​ នៅ​​ផលិត​កម្ម​ហង្ស​មាស​ ម្នាក់​​​មាន​ឈ្មោះ​ ថា​​ សុខ វាសនា ហៅ ​រក្សា ជួប​ទុក្ខធំ​ដោយ​មាន​ជំងឺ​ដាច់​សរសៃឈាមខួរ​ក្បាល ដែល​​កំពុង​​តែ​​សម្រាក​ព្យាបាល​​នៅ​​​​មន្ទីរ​ពេទ្យ​ខ្មែរ​-សូវៀត​​ គ្មាន​សាច់​ញ្ញាតិ​ក្រៅ​ពី​ម្តាយ​​ចាស់​វ័យ​ជាង ​៥០ ឆ្នាំ។

ថ្មីៗ​​នេះ​ដែរ គេ​ក៏ឃើញ​តារា​ចម្រៀង​ស្រី​សំឡេង​ស្រួយ និង​ស្រទន់​អ្នកនាង សុគន្ធ នីសា ក៏​បាន​បង្ហើរសារ​​ខ្វល់​ខ្វាយ​ពី​សុខទុក្ខ​ដល់​បុរស​កំសត់​ដែលធ្លាប់ធ្វើ​ការ​ងារ​ជាមួយ​នោះ​តាម​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ដែរ​ថា៖ «ប្អូន​ប្រុស ​រក្សា ហេតុ​អី​បានជា​ភ្លាមៗ​បែប​នេះ! ទើប​តែ​ឃើញ​ប្អូន​ថ្ងៃ​មុន​សោះ ពិតជា​អាណិត​ប្អូន​ខ្លោចចិត្ត​ មិន​ដឹង​ថា ប្អូន​មាន​ជំងឺ​បែប​នេះ​។ នៅ​ពេល​ធ្វើ​ការ​ ប្អូន​​មិន​ចេះ​មាត់​ក ស្លូត​បូត​ តែង​​តែ​​ញញឹម​ និង​តែង​តែជួយ​ថត​រូប​ឲ្យ​បង​ ពេល​នេះ​ប្អូន ធ្លាក់​ខ្លួនឈឺជាទម្ងន់​ភ្លាមៗ​បែបនេះ។ ​បង និង​ក្រុម​ការងារ​គ្មាន​អ្វី​ធ្វើ​បាន​ក្រៅ​ពី​ធ្វើ​ការ​រ៉ៃអង្គាស​ថវិកា​ខ្លះ ដើម្បី​ជួយ​ប្អូន​បណ្តោះ​អាសន្ន​​ព្រោះ​ជំងឺ​ប្អូន ត្រូវ​ការ​រយៈ​ពេល​ ៦ ខែ ទៀត​ ហើយ​ប្អូន​មាន​តែ​ពីរ​នាក់​ម្តាយ និង​កូន​ ដែល​កន្លង​មក​ បង​មិន​ដែល​ដឹង​ពី​ស្ថាន​ភាព​គ្រួសារ​ប្អូន​ទេ»។​​

នា​ពេលនេះ​ស្ថាន​ភាព​របស់​បុរស​ឈ្មោះ​ សុខ វាសនា ហៅ ​រក្សា​ វ័យ​ ២៨ ឆ្នាំ ​ជា​បុគ្គលិក​ស្ម័គ្រ​ចិត្ត​​ នៅ​​ផលិត​កម្ម​ហង្ស​​​មាសនោះ​​ មាន​អាការ​បាន​ធូរ​បន្តិច​​ហើយ ក្រោយ​ពី​មាន​ការ​លើក​ទឹក​ចិត្ត​ពី​មជ្ឈ​ដ្ឋាននៃ​​អ្នក​ស្គាល់ និង​​អាណិត​អាសូរ​ ដែល​បាន​ដឹង​ពី​ប្រវត្តិ​​របស់​កំលោះ​កំសត់​ មាន​តែ​ម្តាយ គ្មាន​ផ្ទះ​សំបែង​ និង​​មាន​ស្រុក​​កំណើត​មក​ពី​ខេត្ត​តាកែវ​​​រូប​នេះ​។

កញ្ញា សំ ស្រី​មុំ ​បង​ស្រី​ធម៌​ ដែល​បាន​ស្គាល់​ និង​ធ្លាប់​​​ជួយ​ណែនាំ​ការងារ​ឲ្យ​លោក រក្សា ធ្វើ​នៅ​កន្លែង​បង​ស្រី​​របស់​កញ្ញា​មាន​​ឈ្មោះ​ភោជនី​យ​ដ្ឋាន​ និង​ផ្ទះ​សំណាក់​ថ្មស​ នោះ​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​ទូរ​សព្ទ​ថា៖ «រក្សា ជា​មនុស្ស​ស្លូត​បូត និង​ឧស្សាហ៍​ មាន​ភាព​រាក់​ទាក់ ស្រឡាញ់​ការ​ងារ​​មិន​ប្រកាន់​ខ្លួន​ឡើយ​​។ ចំពោះ​រឿង​ការ​ងារ​នៅ​ផលិត​កម្ម​ហង្សមាស​នោះ គាត់​គ្រាន់​តែ​ជា​បុគ្គលិក​ស្ម័គ្រ​ចិត្ត​នៃ​ក្រុ​ម​ការងារ​ថត​របស់​ផលិត​កម្ម​ហង្សមាស​ ដែល​ចូល​ធ្វើ​ការ​បាន​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​​។ ហើយ​ខ្ញុំ​ដូចជា​ឮ​ថា ខាង​ផលិត​កម្ម​​ហង្សមាស ក៏​គ្រោង​ទទួល​យក​គាត់​ឲ្យ​ចូល​ធ្វើ​ការ​ងារ​ជា​បុគ្គលិក​ពេញ​សិទ្ធិ​មាន​ប្រាក់​ខែ​នឹងគេ​ដែរ​ តែ​ឥឡូវ​គាត់​មាន​ជំងឺ​ធ្ងន់​ធ្ងរ​គួរ​ឲ្យ​អាណិត​ខ្លាំង​ណាស់​។ ពេល​នេះ គាត់ និង​ម្តាយ​វ័យ​ជាង ៥០ ឆ្នាំ មាន​តែ​ប្រាក់ ១២០ ដុល្លារ ប៉ុណ្ណោះ​ជាប់​នឹង​ខ្លួន​ ហើយ​ត្រូវ​បង់​ថ្លៃ​ព្យាបាល​យូរ​ទៀត​។ ចឹងមាន​តែ​​សង្ឃឹមទៅ​​លើ​បង​ប្អូន​មហា​ជន និង​ក្រុម​អ្នក​សិល្បៈ​នៅ​ហង្ស​មាស ដែល​ស្គាល់​គាត់​​នោះទេ សុំ​ជួយ​​​គាត់​ផង​»។​

កញ្ញា សំ ស្រីមុំ ក៏​បង្ហើប​ដែរ​ថា៖ «កាល​ពី​ម្សិល​មិញ​ មាន​លោក កៅ សីហា អ្នក​ដឹកនាំ​ការ​សម្តែង​ហង្ស​មាស និង​កញ្ញា វ៉ាន់នីឡា បាន​មកសួរ​សុខ​ទុក្ខ និង​បាន​សន្យា​ថា នឹងជួយ​រ៉ៃអង្គាស​ប្រាក់​ពី​ក្រុម​ការ​ងារគាត់​មកជួយ​ប្អូន រក្សា ហើយ​ក៏​បាន​ឮ​ថា អ្នកនាង សុគន្ធ នីសា នឹង​នាំ​យក​ប្រាក់​ផ្ទាល់​ខ្លួន​ខ្លះ​មក​ជួយ​ដែរ​នា​ពេល​ឆាប់នេះ»៕​​