ភ្នំពេញ៖ ខណៈ​កំពុង​តែ​ពពោះ​ កូន​ប្រុស​ជាង​ ៤ ​ខែ​ នៅ​ក្នុង​ផ្ទៃ​ ក្រោយ​ពី​បាន​ភ្ជាប់​ចំណង​ស្នេហ៍​ ជាមួយ​នឹង​លោក អ៊ឹង សុខលី ដែល​ជា​ប្អូន​ប្រុស​បង្កើត​ថៅកែ​ផលិតកម្ម​ហង្សមាស​​មក​នោះ តារា​ចម្រៀង​​ស្រី​ល្បី​ខ្លាំង​អ្នកនាង ឱក សុគន្ធកញ្ញា ក៏​ងាក​មក​ធ្វើ​​កិច្ច​ការ​​មនុស្សធម៌​មុន​​ពេល​បុត្រា​ខ្លួន​ចាប់​កំណើត​​ដោយ​​​នាំ​យក​ថវិកា​​ មាន​ចំនួន​ជាង ៦ ពាន់​ដុល្លារ ​ទៅ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​នា​ពេល​ថ្មីៗ​នេះ​។​​​

តារា​ចម្រៀង​ស្រី​កំពូល​នៅ​លើ​ទ្រនំ​​ហង្សមាស​អ្នកនាង ឱក សុគន្ធកញ្ញា និង​ស្វាមី​លោក អ៊ឹង សុខលី បាន​​យក​ថវិកា​ចំនួន ៥ ១៦៨ ០០០ រៀល និង ៥ ១៦៨ ដុល្លារ ដែល​បាន​មក​ពី​កម្មវិធី​​មួយ​ឈ្មោះ​ថា «ទិញ​ដើម្បី​ចែក​រំលែក​ក្ដី​ស្រឡាញ់»​ ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា កាល​​ពី​រសៀល​​ថ្ងៃទី​ ១៦ ខែ ​កញ្ញា ឆ្នាំ ​២០១៩​ ខណៈ​នេះ​ក៏​ថ្ងៃ​ខួប​កំណើត​របស់​ខ្លួន​ផង​ដែរ​។

បើ​តាម​គេហទំព័រ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ​Cambodia Kantha Bopha Foundation បាន​បង្ហើរ​សារ​​ថ្លែង​អំណរគុណ​ថា៖ «​លោកស្រី ឱក សុគន្ធកញ្ញា បាន​បរិច្ចាគ​ថវិកា​ ជាង​ ៦ ០០០ ​ដុល្លារ ​ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ នៅ​​រសៀល​​​​ថ្ងៃ​ចន្ទ ៣ ​រោច ខែ​ភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ១៦ ខែ ​កញ្ញា ឆ្នាំ ​២០១៩។

លោកស្រី ឱក សុគន្ធកញ្ញា បាន​​បរិច្ចាគ​ថវិកា មាន​ចំនួន​ប្រមាណ ​៥ ១៦៨ ០០០ រៀល និង ៥ ១៦៨ ដុល្លារ ដែល​​បាន​មក​ពី​កម្មវិធី​​មួយ​ឈ្មោះ​ថា «ទិញ​ដើម្បី​ចែក​រំលែក​​ក្ដី​ស្រឡាញ់»​ ជូន​មូលនិធិ​គន្ធបុប្ផា​​កម្ពុជា។

មូលនិធិ​គន្ធបុប្ផា​កម្ពុជា ​សូម​​ថ្លែង​អំណរគុណ​ជូន​ចំពោះ​លោកស្រី ឱក សុគន្ធកញ្ញា ​ចំពោះ​ទឹក​​ចិត្ត​ដ៏​​សប្បុរសធម៌ និង​ផ្ដួចផ្ដើម​រៀបចំ​កម្មវិធី​នេះ​​ឡើង ដើម្បី​រួមគ្នា​ជាមួយ​នឹង​មូលនិធិ​គន្ធបុប្ផា​កម្ពុជា សម្រេច​​នូវ​បេសកកម្ម​ដ៏​ចម្បង​ និង​តែ​មួយ​គត់​របស់​មូលនិធិ​ គឺ​ការ​ធានា​ចីរភាព​របស់​​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ទាំង ​៥ ​ទីតាំង ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ​ ​លោកស្រី ឱក សុគន្ធកញ្ញា ក៏​បាន​អំពាវនាវ​ដល់​សាធារណជន​ខ្មែរ​ទាំង​អស់​​ ជា​ពិសេស​សិល្បករ និង​អ្នក​គាំទ្រ​ចូលរួម​បរិច្ចាគ​​​តាមរយៈ​មូលនិធិ​​គន្ធបុប្ផា​កម្ពុជា ដើម្បី​នាំ​ភាព​ញញឹម​ទៅ​​ដល់​កុមារា​​កុមារី ​ដែល​​ជា​​ធនធាន​មនុស្ស​ ពេល​​​អនាគត​ដ៏​សែន​ភ្លឺ​ស្វាង​របស់​ប្រទេស ​កម្ពុជា»៕​