ក្រុងញូវយ៉ក៖ សេដ្ឋី​អាមេរិក​ដែល​ចង់​មាន​សុខភាព​ល្អ​ បាន​រក​ឃើញ​ជម្រើស​ភេសជ្ជៈ​របស់​ខ្លួន​នោះ​គឺ ទឹក ហ្គាស​​​លាយ​ជាតិ​​ស្រវឹង​ ដែល​​មាន​​កាឡូរី និង​កាបូន​អ៊ីដ្រាត​​ទាប​ជាង​​ស្រាបៀរ និង​ស្រា​ទំពាំង​បាយជូរ​។

ទំនោរ​ទទួល​ទាន​ទឹក​ហ្គាស​កំពុង​កើត​ឡើង​មាន​ទូទាំង​សហរដ្ឋ​អាមេរិក​ ក្រោយ​ពី​​រង​នូវ​ឥទ្ធិពល​ពី​ការ​ពេញ​និយម​លើ​បណ្ដាញ​សង្គម អ៊ីស្ដាក្រាម និង​យូធូប​។

ការ​លក់​ភេសជ្ជៈ​ទឹក​សុទ្ធ​ផ្ទុក​ហ្គាស​នៅ​សហរដ្ឋ​អាមេរិក​ ឬ​ហៅ​ថា ទឹក​ពពុះ​បាន​កើន​ឡើង​ជិត ២០០ ភាគរយ​ឆ្នាំ​នេះ​ បើ​ធៀប​នឹង​ឆ្នាំ​២០១៨។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន​ស្រាវជ្រាវ Nielsen។

ទឹក​ White Claw មួយ​ចំណុះ ៣៥០ មិល្លីលីត្រ ផ្ទុក​កាឡូរី ១០០ និង​កាបូនអ៊ីដ្រាត​ ២ ក្រាម​។

វា​ក៏​គ្មាន​ជាតិ​ស្ករ​នោះ​ទេ​។ ចំពោះ​ការ​ប្រៀប​ធៀប​ស្រាបៀរ​ជា​មធ្យម មាន​​កាឡូរី ១៤០ និង​ចំនួន​​កាបូន​អ៊ីដ្រាត​​​លើស ៥ ដង​។

ការ​លក់​ទឹក​ពពុះ White Claw បាន​កើន​ឡើង​រៀង​រាល់​ឆ្នាំ​ តាំងពី​ដាក់​លក់​ក្នុង​ឆ្នាំ ​២០១៦ តែ​ហាក់​មាន​ការ​ចាប់​អារម្មណ៍​ប្លែក​ក្នុង​រដូវ​ក្ដៅ​នេះ​ដែល​មួយ​ចំណែក​ជា​គុណ​សម្បត្ដិ​តារា​​យូធូប Trevor Wallace​។

ទំនោរ​និយម​ទឹក​ពពុះ ដែល​រួមទាំង ភេសជ្ជៈ​ដាក់​មេត្រប៉ែ កំពុង​តែ​ធ្វើ​ឲ្យ​រង្គោះរង្គើ​​ឧស្សាហកម្ម​ភេសជ្ជៈ​គ្រឿង​ស្រវឹង​នៅ​អាមេរិក​ និង​កំពុង​ដាំ​ក្បាល​ចុះ​លើ​ការ​លក់​ស្រាបៀរ​។

នៅ​សហរដ្ឋ​អាមេរិក ​ឧស្សាហកម្ម​សូដា​​ស្រវឹង​មាន​តម្លៃ ៥៥០ លាន​ដុល្លារ​ និង​អាច​កើន​ដល់ ២,៥ ពាន់​លាន​ដុល្លារ ​នៅ​ឆ្នាំ​ ២០២១ ។ នេះ​បើ​យោង​តាម​ការ​វិភាគ​របស់ UBS ដែល​ទើប​ត្រូវ​បាន​ដក​ស្រង់​ដោយ​ Business Insider​ ។

យ៉ាង​ណា​មិញ ​White Claw មិន​ទាន់​លុក​លុយ​​​​ពលរដ្ឋ​អាមេរិក​បាន​ ៦ ភាគរយ​ផង ​៕ AFP/HR