ប្រសិនបើលោកអ្នកកំពុងស្វែងរកការកម្សាន្តដ៏រីករាយពេលរាត្រីក្នុងទីក្រុងនៅចុងសប្តាហ៍ សូមធ្វើឱ្យហាង Hard Rock នៅក្នុងទីក្រុងភ្នំពេញក្លាយជាជម្រើសទី ១ របស់អ្នក។
ក្រុមចម្រៀង Plan B ដ៏ល្បីល្បាញបានត្រៀមខ្លួនជាស្រេចដើម្បីចាប់ផ្តើមតន្ត្រីទេសចរណ៍ « Som Chop Tini» របស់ពួកគេនៅថ្ងៃទី ១ ខែកុម្ភៈនេះហើយដែលលោកអ្នកអាចចូលទស្សនាបានដោយសេរី។
ក្រុមតន្ត្រីរ៉ុកអូស្ត្រាលីដែលមានសមាជិកចំនួន ៧ រូបនឹងមកប្រគំតន្ត្រីនូវបទចម្រៀងពីរោះៗពីអាល់ប៊ុម «Four on the Floor» EP ថ្មីបំផុតរបស់ខ្លួន ដើម្បីផ្តល់ភាពរំភើបរីករាយដល់អ្នកចូលរួមនៅក្នុងរាត្រីដ៏រីករាយដែលនឹងមានការច្រៀងជូននូវបទចម្រៀងពីរោះៗជាច្រើនដូចជា «Anything at All», «Comfort Street», «Plan B Shuffle» និងបទ «Push & Shove» ជាដើម។
តន្ត្រីទេសចរណ៍ «Som Chop Tini» អន្តរជាតិលើកទី ១០ របស់ក្រុមចម្រៀង Plan B បានធ្វើរួចហើយនៅទីក្រុងឡុងដ៍ និងប្រទេសម៉ុងហ្គោលី។
ចំពោះការសម្តែងនៅថ្ងៃសៅរ៍ខាងមុខនេះរំពឹងថា អ្នកទស្សនានឹងមានភាពសប្បាយរីករាយ និងកាន់តែមានភាពស្និទ្ធស្នាល។
លោក Rob Williams អ្នកផ្លុំត្រែថ្លែងបន្ទាប់ពីការសម្តែងរបស់ក្រុម Plan B នៅទីក្រុងភ្នំពេញកាលពីឆ្នាំ ២០១៣ ថា៖ «ខ្ញុំក៏រីករាយជាមួយនឹងឆាកតន្ត្រីនៅលើឆាកធំៗ ដូចអ្នកដទៃទៀតដែរ ប៉ុន្តែអ្វីដែលខ្ញុំពេញចិត្តគឺភាពស្និទ្ធស្នាល»។
ក្រុមតន្ត្រីដ៏ល្បីល្បាញនេះនឹងចាប់ផ្តើមសម្តែងនៅវេលាម៉ោង ៨ យប់នៅឯហាង Hard Rock Café នៅអគារ Exchange Square។ ចំពោះការទស្សនាគឺមិនគិតថ្លៃនោះទេ ដូច្នេះសូមនាំគ្រួសារ និងមិត្តភក្តិមកទទួលនូវភាពសប្បាយរីករាយនៅរាត្រីដ៏អស្ចារ្យនេះ៕