ភ្នំពេញ៖ អារម្មណ៍​ស្តែង​ចេញ​ពី​ក្តីរំភើប​ចិត្ត ដ្បិត​ថ្ងៃ​រង់ចាំ​ដំណឹង​ល្អ​ក៏​បាន​មក​ដល់ ស្រាប់​តែ​គូ​ស្នេហ៍​អ្នក​សិល្បៈ​ទាំង ២ អ្នក​នាង​ សួស វីសា និង​​តារា​សម្តែង ​លោក ប៊ុនថុល ប៊ុនថង ហៅ​ថមមី នាំ​គ្នា​បង្ហើរ​សារ​​ស្រដៀង​គ្នា​បង្ហើប​ឲ្យ​មហាជន​បាន​ដឹង​នៅ​តាម​បណ្តាញ​សង្គម​ស្តី​ពី​ការ​ទទួល​បាន​ចំណង​ដៃ​នៃ​ការ​មាន​បុត្រ​ដំបូង​សម្រាប់​រឹត​បន្តឹង​ចំណង​ស្នេហ៍​ ក្រោយ​ពី​រៀប​ការ​បាន​មិន​ទាន់​កន្លះ​ឆ្នាំ​ផង​នោះ។

តារាចម្រៀង​ស្រី​ ដែល​កំពុង​តែ​ស្រូប​បាន​​ប្រជាប្រិយភាព​ពី​មហាជន​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង បន្ទាប់​ពី​បាន​គ្រង​តំណែង​ជា​គ្រូ​បង្វឹក​ក្នុង​កម្មវិធី​លំដាប់​ពិភពលោក The Voice Kids Cambodia រដូវកាល​ទី​ ២ កញ្ញា សួស វីសា ចេញសារ​ខ្លី​របស់​ខ្លួន​ថា៖ «២នាក់ប្តី​ប្រពន្ធ​ឱបគ្នា ​រំភើប​ផង​ សើចផង​ យំផង​ មិន​ដឹង​​ថា​អារម្មណ៍​មួយនេះ និយាយ​យ៉ាង​ណា​ឲ្យ​ត្រូវ​នោះ​ទេ» ដែល​អម​ដោយ​រូប​កៀកកើយ​យ៉ាង​ស្និទ្ធស្នាល​ក្នុង​​ក្តី​សោមនស្ស​ជាមួយ​ប្តី​ប្រាប់​ថា​​ មាន​បុត្រ​ តាម​​រយៈ​ឧបករណ៍​ពិនិត្យ​​ទឹក​នោម​។

ចំណែក​ឯ​ស្វាមី​របស់​អ្នក​នាង​ សួស វីសា គឺ​លោក ​ ប៊ុន​ថុល ប៊ុនថង ហៅ​ថមមី វិញ​នោះ ក៏​​បង្ហើរ​សារ​ហាក់​មាន​ក្តី​​រំភើបចិត្ត​ខ្លាំង​ជាង​ប្រពន្ធ​ទៀត​ ដោយ​លោក​បាន​សរសេរ​ថា៖ «ក្នុង​មួយ​ជីវិត​របស់​​ខ្ញុំ​នេះ ថ្ងៃ​នេះ​ហើយ​ ជា​ថ្ងៃ​ដែល​ខ្ញុំ​សប្បាយ​ចិត្ត​បំផុត ដែលមិនអាច​យកអ្វី​មក​ថ្លែង​បា​នឡើយ។​ អរ​គុណ​​ប្រពន្ធ​សម្លាញ់​ដែល​បាន​ផ្តល់​កាដូ​ដ៏​មាន​ន័យ​មួយនេះ មក​ឲ្យ​គ្រួសារយើង ​ដែលជា​កាដូ​ដ៏​មាន​តម្លៃ​កាត់​ថ្លៃ​ពុំ​បាន (Baby)! បង​សប្បាយ​ចិ​ត្ត​ខ្លាំង​ណាស់ រក​ពាក្យ​អ្វី​និយាយ​មិន​ចេញ​ទេ។ បង​ពិតជា ស្រឡាញ់​អូន​ខ្លាំង​ណាស់ ប្រពន្ធ​សម្លាញ់ បងសូម​សន្យា​ថា នឹង​មើល​ថែរក្សា​អូន និង​កូនៗ យើង​ឲ្យ​មាន​សេច​ក្តី​សុខ ​និង​សុភមង្គល​​ជា​រៀង​រហូត​តទៅ។ បង ប្អូន​អើយ ខ្ញុំ​ក្លាយ​ជា ប៉ា​គេហើយ ខ្ញុំ​មាន​កូន​ហើយ។ ចង់​ប្រាប់​ពិភពលោក​នេះ​គឺថា​ ខ្ញុំ​ស្រឡាញ់​ប្រពន្ធ​ខ្ញុំ​ណាស់​ Sous Visa  Dady Mommy។ អ៊ីចឹង​​បាន​ឆ្ងល់​ណាស់​ហេតុ​អ្វី​ខ្ញុំ​ឃ្លាន​តាម្ជូរ និង​ក្អួត​រហូត ឥឡូវ​នេះ អស់​ចម្ងល់​ហើយ!»។

គួរ​រំឭក​ដែរថា ក្រោយ​ត្រឡប់​ពី​​ក្រេប​ទឹកឃ្មុំ​នៅ​ក្រៅ​ប្រទេស​នាពេល​ថ្មីៗ​រួច​មកនោះ ​គូ​ស្វាមី​ភរិយា​ថ្មី​ លោក ថមមី និង​អ្នកនាង សួស វីសា ក៏​ទើប​តែ​បាន​កាន់​ដៃ​គ្នា ប្រកាស​បើក​សម្ពោធ​ហាង​លក់​សម្លៀក​បំពាក់​ថ្មី​មួយ​ក្រោម​យីហោ T& S Fashion ផងដែរ។ អ្នកទាំង​ ២ បាន​ចូល​​រោង​ការ ​កាល​ពី​ខែ​ធ្នូ នា​ចុង​ឆ្នាំ​ ២០១៩ ហើយ​បាន​រៀប​ចំ​​យ៉ាង​អធិកអធម៕