ភ្នំពេញ៖ សេង ហុកហេង ជា​ក្រុម​ជំនាញ​ផ្ដល់​សេវា​​ធ្វើ​ម្ហូប​ចល័ត​ដ៏​​មាន​បទពិសោធ​ បាន​និង​កំពុង​រៀបចំ​កម្មវិធី​ជា​ច្រើន​ចាប់​ពី​​ពិធី​អាពាហ៍ពិពាហ៍ ជប់​លៀង​ផ្សេង​ៗ រហូត​ដល់​​ឱកាស​ជួប​ជុំ​តូច​ធំ។

នេះ​ជា​លើក​ដំបូង ដែល​អ្នក​ជំនាញ​ធ្វើ​ម្ហូប​ចល័ត​នេះ បាន​ទទួល​រៀបចំ​បង្អែម​ខ្មែរ​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ចំពោះ​ឱកាស​នៃ​ការ​គាំទ្រ​ដល់​ការ​អំពាវនាវ​របស់​រដ្ឋាភិបាល​ និង​ចង់​ផ្សព្វផ្សាយ​មុខ​បង្អែម​ខ្មែរ​ឲ្យ​កាន់​តែ​ទាក់​ទាញ។ ​

លោក ទូច រដ្ឋា នាយក​គ្រប់គ្រង​ទូទៅ​ចុងភៅ សេង ហុកហេង បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្ដិ៍​ ថា​៖ «​​អត់​ដែល​មាន​នរណា​ប្រើ​អំបុក ទឹក​ដូង និង​ចេក​ធ្វើ​ជា​បង្អែម​ក្នុង​កម្មវិធី​មង្គល​ការ បុណ្យ ឬ​ជប់​លៀង​អ្វី​ផ្សេង​ៗ​នោះ​ទេ​។ នេះ​ជា​លើក​ទី​មួយ​បង្អស់​ហើយ​ ហើយ​វា​ជា​ព្រឹត្ដិការណ៍​ប្រវត្ដិសាស្ដ្រ​ផង និង​អនុស្សាវរីយ៍​ប្រចាំ​ឆ្នាំ ​២០១៩​ ផង»​។

លោក​បាន​ឲ្យ​ដឹង​ថា៖ «​​ក្នុង​​​ការ​ប្រកាស​​សម្ដេច​នាយក​រដ្ឋមន្ដ្រី ឲ្យ​យើង​ទទួ​ល​ទាន​អំបុក​រួម​គ្នា​​ ហើយ​តាម​ការ​ពិត​វា​ក៏​ជា​ឱកាស​ដែល​យើង​ធ្លាប់​ធ្វើ​កន្លង​មក ខ្ញុំ​ក៏​ទទួល​ការ​កុម្ម៉ង់​បញ្ចូល​មុខ​បង្អែម​អំបុក​ទឹក​ដូង​ខ្ចី និង​ចេក​ពង​មាន់​ ​សម្រាប់​កម្មវិធី​មង្គល​ការ​មួយ​នៅ​ថ្ងៃទី ៩​។ អ៊ីចឹង​ ខ្ញុំ​ក៏​ឆ្លៀត​ឱកាស​នេះ សរសេរ​អត្ថបទ​អំពី​អត្ថន័យ​ចំពោះ​ការ​គាំទ្រ​ផលិតផល​​ក្នុង​ស្រុក ដូចជា អំបុក ទឹក​ដូង និង​ចេក​ ទទួល​ទាន​ក្នុង​កម្មវិធី​ផ្សេងៗ​ទៀត​នៅ​ថ្ងៃ​ក្រោយ​»។

ជា​ការ​សួរ​យោបល់​ពី​បំណង​ចង់​ដាក់​បង្អែម​អំបុក​ទឹក​ដូង​ខ្ចី​ និង​ចេក​​ពងមាន់​​​របស់​កូន​កំលោះ​កូន​ក្រមុំ​ ដែល​ត្រៀម​ចូល​​រោងការ​នៅ​ថ្ងៃទី ៩ ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ ​នាយក​គ្រប់គ្រង​​ទូទៅ​ សេង ហុកហេង​ ដែល​ផ្ដល់​ចម្បង​លើ​សេវាកម្ម​គុណភាព​ប្រកប​ដោយ​អនាម័យ និង​តម្លៃ​សមរម្យ​លោក ទូច រដ្ឋា មាន​អារម្មណ៍​ប្លែក​ក្នុង​ចិត្ដ និង​ស្វាគមន៍​ចំពោះ​គោល​បំណង​ដ៏​ល្អ​មួយ​នេះ។

ក្រុមចុងភៅ សេង ហុកហេង មានជំនាញផ្ដល់​សេវា​ធ្វើម្ហូប ៣ ទសវត្សរ៍។ រូបថត សហ​ការី

លោក​បាន​បន្ដ​ថា​៖ «​ដោយសារ​កន្លង​មក​ មិន​មាន​នរណា​ដាក់​ក្នុង​តារាង​មីនុយ​ និង​ដោយសារ​មិន​សូវ​មាន​អ្នក​ហូប​ញឹកញយ អ៊ីចឹង​គាត់​សួរ​ថា បើ​គាត់​ចង់​ដាក់​បង្អែម​នេះ​យ៉ាង​ម៉េច​ដែរ។ ក្នុង​នាម​យើង​ជា​អ្នក​ធ្វើ ដែល​យើង​ចូលចិត្ដ​អ្វី​ថ្មី និង​ចង់​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍ យើង​ក៏​ជំរុញ​គាត់​តែ​ម្ដង​ជាមួយ​ការ​រៀបចំ​ជូន​យ៉ាង​ពិសេស​ ដូច​ជា ការ​រៀបចំ​ដាក់​លើ​កញ្ច្រែង​ និង​សម្ភារ​ខ្មែរ​ផលិត​ឡើង​ដោយ​ដៃ​»។

បើ​ទោះ​ជា​ការ​រៀបចំ​មុខ​បង្អែម​ខ្មែរ​ដ៏​កម្រ​នេះ​លើ​តុ​មង្គលការ​ត្រូវ​មាន​ការ​ចំណាយ​លើ​សម្ភារ​តុប​តែង​ខ្ពស់​យ៉ាង​ណា​ក៏​ដោយ ក៏​លោក រដ្ឋា មិន​រួញរា​ក្នុង​ការ​រចនា​សម្អិត​សម្អាង​យ៉ាង​ពិសេស​​សម្រាប់​ឱកាស​អាពាហ៍ពិពាហ៍​នេះ​ឡើយ ដោយសារ​លោក​មាន​បំណង​ចម្បង​លើ​ការ​លើក​ស្ទួយ​បង្អែម​ខ្មែរ​ឲ្យ​កាន់​តែ​មាន​ការ​គាំទ្រ​ខ្លាំង និង​អបអរ​សាទរ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប​ សំពះ​ព្រះ​ខែ​ និង​អក​អំបុក​​។

លោក​បាន​ឲ្យ​ដឹង​ថា​៖ «ការ​រៀបចំ​កញ្ច្រែង​ និង​សម្ភារ​ផ្សេង​ៗ ​១ ​ឈុត ​សម្រាប់​តុ​អាហារ​មួយ​ វា​ជា​ការ​ចំណាយ​ច្រើន​គួរ​សម​ដែរ តែ​រូបភាព​ទទួល​មក​វិញ គឺ​វា​មាន​ភាព​ទាក់ទាញ​ ហើយ​ម្យ៉ាង​​វិញ​ទៀត ក្នុង​ឱកាស​នោះ មាន​មនុស្ស​ហូប​ច្រើន ក៏​យើង​គិត​ថា វា​បាន​​គាំទ្រ​ដល់​ផលិតផល​ក្នុង​ស្រុក​ដែរ​ ជា​ជាង​យើង​ប្រើ​បង្អែម​មួយ​ចំនួន​ ដែល​នាំ​ចូល​វត្ថុ​ធាតុ​ដើម​ពី​ក្រៅ​មក»​។

ក្រោម​ពាក្យ​ពេចន៍​ជូនពរ​ពី​ចាស់​ព្រឹទ្ធាចារ្យ​​ដែល​តែងតែ​លើក​ឡើង​ថា ​«សុំ​ឲ្យ​រក​ស៊ី​មាន​បាន កើត​កាល​វាល​គុម្ព ត្រជាក់​ត្រជំ ដូច​ទឹក​អង្គ​បំពង់​ខ្ចី» លោក រដ្ឋា បាន​បក​ស្រាយ​ថា​ វា​មាន​អត្ថន័យ​ដូច​ទឹក​ដូង​ និង​ចេក​ផ្អែម​ឈ្ងុយ​​ឆ្ងាញ់​សម្រាប់​ពិធី​មង្គល​នេះ​។

លោក ទូច រដ្ឋា (ស្ដាំ) នាយកគ្រប់គ្រងទូទៅ​ចុងភៅ សេង ហុក​ហេង។ រូបថត សហ​ការី

គួប​ជាមួយ​រូបភាព​ស្រស់​ស្អាត​ពី​ការ​រៀបចំ​អំបុក​ ទឹក​ដូង និង​ចេក​ដ៏​គួរ​ឲ្យ​​ទាក់ទាញ​ យើង​ចាប់​ផ្ដើម​ទទួល​ការ​​កុម្ម៉ង់​បណ្ដើរៗ ដូចជា ការ​បង្កក់​ចៅ និង​កម្មវិធី​ឡើង​ផ្ទះ​ជា​ហូរហែ​។

លោក រដ្ឋា បាន​និយាយ​ថា​៖ «ចំពោះ​​​អាពាហ៍ពិពាហ៍​នៅ​ថ្ងៃទី​ ៩ យើង​ត្រៀម​អំបុក​រាប់​រយ​គីឡូក្រាម​ ខណៈ​នៅ​ថ្ងៃទី ៨ ​ក្នុង​​កម្មវិធី​បង្កក់​ចៅ​ និង​ថ្ងៃទី ៩ មួយ​ទៀត ​ជាមួយ​កម្មវិធី​ឡើង​ផ្ទះ យើង​ក៏​បាន​រៀបចំ​បង្អែម​អំបុក​ដូច​គ្នា​»។

នាយក​គ្រប់គ្រង​ទូទៅ​រូប​នេះ​បាន​លើក​ឡើង​ថា​៖ «​មិន​មាន​អ្វី​ពិបាក​ស៊ាំញ៉ាំ​នោះ​ទេ ធម្មតា​យើង​យក​ចេក​មក​រមៀល​លើ​អំបុក​ វា​ជាប់​ យើង​ខាំ​ញ៉ាំ​ទៅ ឬ​មួយ​យើង​អក​អំបុក​ រួច​យើង​​ហូប​ចេក និង​ទឹក​ដូង​»។

ជាមួយ​ទស្សន​វិស័យ​ផ្ដល់​សេវា​ម្ហូប​ចល័ត​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ស្ដង់ដា​​អនាម័យ​ខ្ពស់ លោក រដ្ឋា បាន​ឲ្យ​ដឹង​ថា វា​ជា​ចំណុច​ចាប់​ផ្ដើម​ ដែល​ សេង ហុកហេង ណែនាំ​មុខ​ម្ហូប និង​បង្អែម​ខ្មែរ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ទៀត​មក​កាន់​កម្មវិធី​នានា។

ក្រៅ​ពី​សេវា​ធ្វើ​ម្ហូប​ចល័ត​ សេង ហុក​ហេង ផ្ដល់​ជូន​នូវ​អតិថិជន​ជាមួយ​កញ្ចប់​សេវាកម្ម​អូតេស​ទទួល​ស្វាគមន៍​ភ្ញៀវ សេវាតាម​តុ (អ្នក​រត់​តុ) និង​អ្នក​ទទួល​ភ្ញៀវ​នៅ​បរិវេណ​ខាង​ក្រៅ​ជាដើម​​។

សេង ហុកហេង ចុងភៅ​ដែល​ត្រូវ​បាន​ណែនាំ​ដោយ​បង​ប្អូន និង​​មិត្ដភក្ដិ ស្ថិត​នៅ​ផ្ទះលេខ ៦១៥ ផ្លូវ ២០០៤ សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ហើយ​សម្រាប់​ព័ត៌មាន​លម្អិត​ សុំ​ចូល​ទៅ​កាន់​វេបសាយ http://www.senghokheng.com/ហ្វេសប៊ុក @senghokhengcatering​ឬលេខ​ទូរស័ព្ទ ០៨៩ ៣៣៤ ៥៥៥៕

វីដេអូ៖