ភ្នំពេញៈ តារាចម្រៀង​ស្រី​អតីត​ជា​បេក្ខនារី​ប្រឡង Cambodian Idol រដូវកាល​ទី​ ៣ កញ្ញា សោភា ទេពី ទើបបាន​ជួប​រឿង​ស៊យ​ត្រូវ​ចោរឆក់​ទូរស័ព្ទ​សោះ ក៏​ស្រាប់តែ​នាង​បាន​ធ្វើឲ្យ​ប្រិយមិត្ត​មាន​ការភ្ញាក់ផ្អើល​ខ្លាំង​ជាមួយ​លាភ​ថ្មី​របស់​នាង​វិញ​គឺ​ទទួល​បាន​កាដូ​រថយន្ត​ទំនើប​ថ្មី​សន្លាង​ម៉ាក​ឡិចស៊ីស NX 200t លួង​ចិត្ត​នាង​បង្ហោះ​តាម​ហ្វេសប៊ុក​។

ការទទួល​បាន​នូវ​កាដូ​ជា​រថយន្ត​ថ្មី​នេះ​ក៏​បាន​បន្ទរ​ឲ្យ​មាន​សូរសៀង​ល្បី​ថា តារាចម្រៀង​ស្រី​មាន​សាច់​ទ្រលុកទ្រលន់ និង​រូប​សម្ផស្ស​ស្រស់​សោភា​ឈ្មោះ​ពិត​ថា ញឹម សួនសោភាទេពី ធ្លាប់​ជា​បេក្ខនារី​ប្រឡង​កម្មវិធី Cambodian Idol រដូវកាល​ទី​ ៣ រូបនេះ​លើក​ឡើង​ថា នាង​ច្បាស់​ជា​មាន​ម្ចាស់​ចិត្ត​ជូន​កាដូ​លួង​ចិត្ត ក្រោយពី​នាង​បាន​រអ៊ូ​រឿង​បាត់​ទូរស័ព្ទដៃ​រំលង​បាន​ប៉ុន្មាន​យប់​មក​នោះ​។

ហាក់​ដូចជា​បានដឹង​រឿង​មុន និង​ខ្លាច​មាន​អ្នក​សួរនាំ​ទៅ​នឹង​រឿង​កាដូ​រថយន្ត​ថ្មី​សន្លាង​នោះ ក៏​ស្រាប់តែ​កញ្ញា សោភា ទេពី ចេញ​សារ​យ៉ាង​វែង​អន្លាយ​បរិយាយ​បញ្ជាក់​ឲ្យ​ដឹង​តាម​ហ្វេសប៊ុក​ផងដែរ​ថា​៖ «​កាដូ​ពិសេស​ដែល​ម៉ាក់​ផ្តល់​ឲ្យ​កូន​!​អរគុណ​ម៉ាក់ ដែល​បាន​ទិញ​រថយន្ត​មួយ​នេះ​ឲ្យ​កូន ហើយ​កូន​ពិតជា​សប្បាយ​ចិត្ត និង​រំភើប​ខ្លាំងណាស់​រក​អ្វី​ប្រៀប​ពុំ​បាន​ឡើយ​ទេ ហើយ​ស្រឡាញ់​ពេញ​បេះដូង ចំពោះ​ឡាន​នេះ​គឺ​កូន​គ្មាន​អ្វី​សងគុណ​ម៉ាក់​ឲ្យ​បាន​គ្រប់​នោះ​ទេ គឺ​មាន​តែ​ការតបស្នង​តាម​ការ​ខំរៀន​ឲ្យ​ពូកែ ខំ​ធ្វើ​អំពើ​ល្អ ដើរ​ក្នុង​ផ្លូវ​ល្អ ធ្វើជា​កូន​ល្អ ឲ្យ​លោក​សប្បាយចិត្ត និង​មាន​អនាគត​ត្រចះត្រចង់ សូម​ឲ្យ​ទេវតា និង​វត្ថុ​ស័ក្តិសិទិ្ធ​តាម​ថែរក្សា​អ្នក​មាន​គុណ​ខ្ញុំ​ឲ្យ​មាន​សុខភាព​ល្អ​ចៀស​ផុតពី​ជំងឺ​ផ្សេងៗ ដើម្បី​ជា​ម្លប់​ដល់​កូនចៅ​!»​។

ទន្ទឹម​មន្ទិល​នេះដែរ​ក៏​ត្រូវ​បាន​កញ្ញា សោភា ទេពី នាង​បាន​បញ្ជាក់​ប្រាប់ថា​៖ «​ចំពោះ​រថយន្ត​ឡិចស៊ីស​ដែល​មាន​តម្លៃ ៦៦ ០០០ ដុល្លារ​របស់​នាង​ខ្ញុំ​គឺ​ពិតជា​កាដូ​របស់​អ្នក​ម្ដាយ ១០០ ​ភាគរយ​ពិតមែន ហើយ​ក៏​មិនមាន​បុរស​ណា​ម្នាក់ គេ​ហ៊ាន​យក​លុយ​មក​ជះ​មក​ឲ្យ​នាង​ខ្ញុំ​នៅក្នុង​ចំនួន​ដ៏ច្រើន​បែប​ហ្នឹង​នោះទេ​!»​។

ចំពោះ​វិស័យ​សិល្បៈ​ចម្រៀង​វិញ ឃើញ​ថា​តារាចម្រៀង​ស្រី​ដែល​សម្បូរ​សាច់ឈាម​មាន​ឈ្មោះ​ពិត ញឹម សូនសោភាទេពី ដែល​ប្រិយមិត្ត​ច្រើន​តែ​ស្គាល់ និង​ហៅ​ក្រៅ​ថា កញ្ញា សោភាទេពី នោះ​នាពេល​បច្ចុប្បន្ន​កំពុង​តែមាន​ប្រជាប្រិយភាព​ខ្លាំង​ដែរ​ជាមួយ​នឹង​បទចម្រៀង​ដែល​នាង​ច្រៀង Cover បទ​ចាស់ៗ​ដោយ​មាន​សំនៀង​ពីរោះ​រណ្តំ​ចិត្ត​នៅ​ផលិតកម្ម អនឡាញ​។

ជាក់ស្តែង​តារាចម្រៀង​ស្រី​វ័យក្មេង​កញ្ញា សោភា ទេពី កំពុង​តែ​មាន​ឈ្មោះ​បោះ​សំឡេង​នៅលើ​វិថី​សិល្បៈ​ចម្រៀង​ផង​ដែរ ជាមួយ​នឹង​បទ ​«​អ្នកណា​កែ​ចិត្ត​បង​» ដែល​នាង​បកស្រាយ​ថ្មីៗ​នេះ​៕