ក្រុងរ៉ូម: គំនរសំរាមឆេះសន្ធោសន្ធៅ និងកណ្ដុរកាយសំរាមតាមចិញ្ចើមផ្លូវបានបង្កជាក្ដីបារម្ភចំពោះសុខភាពក្នុងទីក្រុងរ៉ូម ខណៈក្រុមវេជ្ជបណ្ឌិតព្រមានថា ពលរដ្ឋត្រូវចៀសពីកាកសំណល់បង្កជំងឺ ហើយអ្នកស្រុកបានបើកការប្រកួតស្វែងរកធុងសំរាមអសោចតាមអនឡាញ។
ភ្ញៀវទេសចរនៅរដូវក្ដៅត្រូវបានបង្ខំបន្ថែមកាកសំណល់លើធុងសំរាមដ៏ជោរជន់ក្នុងបរិយាកាសក្ដៅយ៉ាងខ្លាំង ខណៈក្លិនសំរាមដ៏អសោចបានទាក់ទាញសត្វអនាថា និងការគំរាមកំហែងពីជំងឺមកកាន់ទីក្រុងរ៉ូម ហើយពលរដ្ឋមូលដ្ឋានមានការខឹងសម្បាចំពោះការគ្រប់គ្រងសំណល់របស់ក្រុង។
ប្រធានពេទ្យប្រចាំក្រុងរ៉ូម លោក អង់តូនីញ៉ូ ម៉ាហ្គី បានចេញសេចក្ដីប្រកាស «អាសន្នចំពោះអនាម័យ» ដោយបានប្រាប់ថាបញ្ហានេះអាចជះឥទ្ធិពលចំពោះសុខុមាលភាពដោយជំងឺឆ្លងតាមរយៈសត្វល្អិត និងសត្វអនាថាញាំញីកាកសំណល់រលួយ។
ការព្រមានរបស់លោកបានជំរុញឲ្យរដ្ឋអាជ្ញាមូលដ្ឋានបើកការស៊ើបអង្កេតមួយនាសប្ដាហ៍នេះចំពោះការខកខានក្នុងការប្រមូលសំរាម។ ស្របពេលនេះ ពលរដ្ឋក្រុងរ៉ូមដ៏ខឹងសម្បាបានបើកយុទ្ធនាការប្រកួតលើ Twitter ដើម្បីស្វែងរកធុងសំរាមជះក្លិនអសោចបំផុត។
ប្រអប់ភីហ្សាចាស់ៗ ឬសំណល់មីស្ពេហ្គាទី និងផ្លែឈើរលួយបានទាក់ចិត្ដរំពេសមុទ្រ កណ្ដុរ និងថែមទាំងជ្រូកព្រៃនាំគ្នាសម្រុកចូលក្នុងក្រុង ហើយសូម្បីតែហ្វូងឆ្កែព្រៃក៏ចូលមកក្បែរខុសប្រក្រតីផងដែរ។
ទីក្រុងរ៉ូមបានចំណាយប្រាក់ ៦៧០ ដុល្លារសម្រាប់លំនៅឋានមួយចំពោះការគ្រប់គ្រងកាកសំណល់ក្នុងឆ្នាំ ២០១៧ ដែលមានតម្លៃខ្ពស់បំផុតនៅទូទាំងប្រទេសដោយក្រុងវេនិក ៣៩៥ ដុល្លារ និងក្រុងហ្វ្លរ៉េន ២៩៨ ដុល្លារ។ តាមរបាយការណ៍ចេញដោយ Openpolis Foundation។
ទីលានចាក់សំរាមមួយក្នុងចំណោម ៣ ត្រូវបានបិទ។ សំរាមគ្រាន់តែជាក្ដីកង្វល់មួយនៅទីក្រុងសម្បូរវិថីរន្ធបាយខុំប៉ុណ្ណោះ ខណៈអគ្គិភ័យរដូវក្ដៅជារឿងដ៏គួរឲ្យបារម្ភ៕ HR