ភ្នំពេញៈ ថ្មីៗ​នេះ បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ដែល​តារា​ចម្រៀង​ស្រី​អ្នក​មេម៉ាយ​កូន ៣ មាន​​វ័យ​ ៤០ ឆ្នាំ ទៅ​ហើយ​តែ​សម្រស់​នៅ​​​ផូរ​ផង់​​មិន​ចាញ់​ក្មេង​​​ អ្នក​នាង ស៊ិន ឧត្តម​ផល្លា ត្រូវ​​បាន​​ក្រុម​ប្រិយមិត្ត​នារីៗ​ បានលើក​​ជា​សំណើ​ឲ្យ​ជួយ​ចែក​រំលែក​នូវ​បទ​ពិសោធ​ន៍​ក្នុងការ​​ថែរក្សា​រូប​រាង​​កាយ សម្ផស្ស និង​សុខ​​ភាព​ ដើ​ម្បី​​​ឲ្យ​មាន​សម្រស់​ស្រស់​ស្អាត​ជាង​វ័យ​។​

តា​រា​ចម្រៀង​​ស្រី​មាន​បន្ទុក​​​ចិញ្ចឹម​​កូន ៣ នាក់ ខ​ណៈ​​ស្វាមី​បាន​ចែក​ឋាន​ចោល​អស់​ពេល​​ប្រមាណ​ ៧ ឆ្នាំ​​​មក​ហើយ ព្រោះ​តែ​ជួប​ឧប​ទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍ និង​បច្ចុប្បន្ន​នេះ ក្លាយ​ជា​ថៅកែ​លក់​គ្រឿង​​ស្បង់​ចីពរ និង​សម្ភារ​បុណ្យ​នានា ហើយ​ក៏​ទើប​តែ​បាន​ប្រកាស​​វិល​ត្រឡប់​មក​រក​ទ្រនំ​ចាស់​នៃ​វិថី​សិល្បៈ​ចម្រៀង បន្ទាប់​ពី​បាន​បាត់​មុខ​អស់​រយៈ​ពេល​​ប្រហែល​ ១២ ឆ្នាំ​មក​នោះ​​ បាន​សរសេរ​សារ​ដ៏​វែង​អន្លាយ ​ដើម្បី​រៀប​រាប់​ប្រាប់​​ថា៖ «​ដោយ​សារ​​តែ​​មាន​​ការ​សំណូម​ពរ​​ពី​បង​​ប្អូន​នារី​ៗ​ សុំឲ្យ​​នាង​ខ្ញុំ​​ធ្វើ​ការ​​ចែករំលែក​​នូវ​ បទ​ពិសោធន៍​​ដែល​​ទាក់​ទង​​ទៅ​​ហ្នឹង ​រូបរាង​​ សុខ​ភាព​ និង​សម្រស់ ​​ ថ្ងៃ​នេះ​ ​នាង​ខ្ញុំ​​មាន​សេចក្ដី​រីករាយ​ សូម​​ធ្វើ​ការ​​បរិយាយ​​នៅ​លើ​​បណ្ដាញ​​ហ្វេស​ប៊ុក​នេះ​តែ​ម្តង​​ ដើម្បី​​ងាយ​​ស្រួល​​ដល់​ បង​ប្អូន​​នារីៗ​​ដទៃ​​ទៀត ​​ដែល​​​មាន​​ចំណាប់​​អារម្មណ៍​​ចង់​ដឹង​ពី​អាថ៌​កំបាំង​ទាំង​អស់​នេះ​ដែរ​»​។​

តារា​ចម្រៀង​ស្រី ដែល​​និយម​តែ​បង្ហើរ​សំនៀង​បទ​ចម្រៀង​ជា​ភាសា​បរទេស និង​ទឹក​ដម​សម​សួន​នឹង​បទ​ចម្រៀង​ចិន​ជាច្រើន​គឺ​អ្នកនាង ស៊ិន ឧត្តមផល្លាបន្ត​ថា៖«​សព្វថ្ងៃ​នេះ​ នាង​ខ្ញុំ​មាន​អាយុ ៤០ ឆ្នាំ​ នឹង​មាន​កូន ៣ នាក់ ហើយ​នាង​ខ្ញុំ​​សំ​រាល​ ​( កើត​​ ) កូន​ដោយ​​ធម្ម​ជាតិ​ទាំ​ង​អស់​ ចាប់​តាំង​​ពី​នាង​ខ្ញុំ​​ធំ​​ពេញ​​វ័យ​​អាយុ ១៦​ ឆ្នាំ​ នាង​​ខ្ញុំ​មាន​ទម្ងន់ ៤៧ គីឡូ​ក្រាម​ រហូត​​មកដល់​បច្ចុប្បន្ន​នេះ​ នាង​ខ្ញុំ​នៅ​តែ​រក្សា​ទម្ងន់​ ៤៧ ​គីឡូក្រាម​នេះ​ដដែល​ ។ ​បង​ប្អូន​នារីៗ​ តែ​ង​សួរ​ថា​មេ៉ច​បាន​មានកូន3ហើយ​រូប​រាង​នៅ​ដដែល​ហើយ​អត់​ក្បាល​ពោះ​ តើ​មាន​​វិធី​​សាស្ត្រ​ណា​ដែល​អាច​រក្សា​រូបរាង​ឲ្យ​​នៅ​ដដែល​បែប​នេះ​ ? ចាស!​ រាល់​ពេល​នាង​ខ្ញុំ​​សម្រាល​​​​បុត្រ​​ម្តង​ៗ​ នាង​ខ្ញុំ​តែ​ង​​ឆ្ពង់​រាល់​ព្រឹ​ក​រ​យៈ​ពេល ៦ ខែ​ »។

ចំណែក​ឯ​សារ​ចុង​ក្រោយដែល​​និយាយ​​ពី​របប​អាហារ​​ប្រចាំ​ថ្ងៃវិញ​នោះ ក៏​ត្រូវ​បាន​ អ្នកនាង ស៊ិន ឧត្តមផល្លា បន្ថែម​ថា៖ «​ឥឡូវ​​នេះ​ បង្វែរ​​រឿង​ជីវិត​​ប្រចាំ​ថ្ងៃ​​ម្តង​ ជា​រៀង​​រាល់​ថ្ងៃ​នាង​ខ្ញុំ​ញ៉ាំ​អាហារ ១ ថ្ងៃ​ ៣ ពេល​ដូច​ជា​​អ្នក​រាល់​គ្នា​ ពេល​ព្រឹក​នាងខ្ញុំ​​ញ៉ាំម៉ា​ឆ្អែត​ដូច​ជា​បាយ​ ឬ​គុយទាវ​ កាហ្វេ​ទឹក​ដោះ​គោ​ ឬក្រូច​ច្របាច់​ ព្រោះ​អាហារ​ពេល​ព្រឹក​មាន​សារៈសំខាន់​ខ្លាំង​សម្រាប់​សុខភាព​ ចំណែក​រៀង​រាល់​ថ្ងៃ​ត្រង់​នាង​ខ្ញុំ​តែង​ញ៉ាំបាយ​តែ​ ១​ កូន​ចាន​ចង្កឹះប៉ុណ្ណោះ​ជា​មួយ​ម្ហូប​ទូទៅ​។ ចំណែក​រៀង​រាល់​ពេល​ល្ងាច​ នាង​ខ្ញុំ​តែង​ញ៉ាំបាយ​ជាមួយម្ហូប​ នៅ​រៀងរាល់​ម៉ោង​ ៤​ ល្ងាច​ គឺ​បាយ​​ ១ កូន​ចាន​ចង្កឹះ​ជា​មួយ​ម្ហូប​ទូទៅ​ដូច​ថ្ងៃ​ត្រង់​ដែរ​​នឹង​ពេលខ្លះ​ខ្ញុំ​និយម​ញ៉ាំ​បន្លែ​អត់សាច់​និង​ញ៉ាំទឹក ៨ កែវ​ជា​រៀង​រាល់ថ្ងៃ»៕​